Skip to content

ទាហាន តា​លី​បង់ ជិត 30 នាក់ ស្លាប់​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​កា​ប៊ុល! តាលីបង់​ ថា​ «គ្មាន​ហេតុផល​ណា​ដែល​ត្រូវ​រក្សា​វត្តមាន​ទាហាន​បរទេស​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន»

មន្ត្រី​ តា​លី​បង់ បានឱ្យដឹងថា ជិត​ពាក់កណ្ដាល​នៃ​អ្នកស្លាប់​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai គឺជា​សមាជិក​របស់​ក្រុម​នេះ។

«យ៉ាងហោចណាស់ ក៏មាន​សមាជិក​របស់ តា​លី​បង់ ចំនួន 28 នាក់ បាន​ស្លាប់​ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល។ យើង​បាត់បង់​មនុស្ស​ច្រើនជាង អាមេរិក» មន្ត្រី តា​លី​បង់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​នៅថ្ងៃនេះ និង​បន្ថែមថា ពុំមាន​ហេតុផល​អ្វីដែល​ត្រូវ​ពន្យារពេល​ចំពោះ​ការរក្សា​វត្តមាន​របស់​កងកម្លាំង​បរទេស​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយ​ថ្ងៃទី 31 សីហា។

Abdul Qahar Balkhi មេដឹកនាំ​ក្រុមប្រឹក្សា​វប្បធម៌​របស់ តា​លី​បង់ បានឱ្យដឹង​កាលពី​ថ្ងៃទី 26 សីហា មុន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល ដែល​បានសម្លាប់​មនុស្ស 70 នាក់ ក្នុងនោះ​មាន 13 នាក់​ជា​ទាហាន អាមេរិក និង​អ្នករងរបួស​ចំនួន 140 នាក់ ថា៖ «យើង​បានទទួល​ព័ត៌មាន​ថា ក្រុម​ជន​ព្រៃផ្សៃ កំពុង​រៀប​គម្រោង​វាយប្រហារ​ភេរវកម្ម​សំដៅលើ​ពលរដ្ឋ​សាមញ្ញ។ យើង​កំពុង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​រារាំង​ហេតុការណ៍​នេះ»។

សហរដ្ឋអាមេរិក បាន​ចោទ​ក្រុម​រដ្ឋ​អ៊ីស្លាម Khorasan (ISIS-K) ដែលជា​សាខា​ប្រកបដោយ​អំពើហិង្សា របស់​ក្រុម រដ្ឋ​អ៊ីស្លាម (IS) ថា ជា​អ្នក​នៅ​ពីក្រោយ​អំពី​ភេរវកម្ម​នេះ។

ISIS-K បាន​ចេញមុខ​ទទួលខុសត្រូវ និង​អះអាងថា គោលដៅ​របស់​ពួកគេ​គឺ​ទាហាន អាមេរិក និង​សម្ព័ន្ធមិត្ត។ ប្រធានាធិបតី​អាមេរិក លោក Joe Biden ប្រកាសថា នឹង​សងសឹក៕

Leave a Reply

Your email address will not be published. Required fields are marked *