អាហ្វហ្គានីស្ថាន៖ មេដឹកនាំម្នាក់របស់ តាលីបង់ បានព្រមានថា «ជនព្រៃផ្សៃមួយចំនួន» កំពុងត្រៀមវាយប្រហារភេរវកម្ម តែប៉ុន្មានម៉ោងម៉ោងប៉ុណ្ណោះ មុននឹងហេតុការណ៍បំផ្ទុះគ្រាប់បែកដែលបានសម្លាប់មនុស្ស 70 នាក់ស្លាប់នៅ កាប៊ុល ត្រូវបានធ្វើឡើង។
«យើងបានទទួលព័ត៌មានថា ក្រុមជនព្រៃផ្សៃ កំពុងរៀបគម្រោងវាយប្រហារភេរវកម្មសំដៅលើពលរដ្ឋសាមញ្ញ។ យើងកំពុងធ្វើគ្រប់យ៉ាងដើម្បីរារាំងហេតុការណ៍នេះ» Abdul Qahar Balkhi មេដឹកនាំក្រុមប្រឹក្សាវប្បធម៌របស់ តាលីបង់ បានឱ្យដឹងកាលពីថ្ងៃទី 26 សីហា មុនហេតុការណ៍បំផ្ទុះគ្រាប់បែកនៅខាងក្រៅព្រលានយន្តហោះក្រុងកាប៊ុល។
ក្រុមមន្ត្រីរបស់ តាលីបង់ មិនបានបញ្ជាក់ឱ្យដឹងច្បាស់អំពីការគំរាមកំហែងនេះនោះទេ។
ហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួនពីរលើក នៅព្រលានយន្តហោះអន្តរជាតិ Hamid Karzai ក្នុងរដ្ឋធានីកាប៊ុល កាលពីថ្ងៃទី 26 សីហា បណ្ដាលឱ្យមានមនុស្សស្លាប់ជាង 70 នាក់ ក្នុងនោះមាន 13 នាក់ជាទាហាន អាមេរិក ខណៈអ្នករងរបួសបានកើនដល់ 140 នាក់។
សហរដ្ឋអាមេរិក បានចោទក្រុមរដ្ឋអ៊ីស្លាម Khorasan (ISIS-K) ដែលជាសាខាប្រកបដោយអំពើហិង្សា របស់ក្រុម រដ្ឋអ៊ីស្លាម (IS) ថា ជាអ្នកនៅពីក្រោយអំពីភេរវកម្មនេះ។
ISIS-K បានចេញមុខទទួលខុសត្រូវ និងអះអាងថា គោលដៅរបស់ពួកគេគឺទាហាន អាមេរិក និងសម្ព័ន្ធមិត្ត។ ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រកាសថា នឹងសងសឹក។
ចាប់តាំងពី តាលីបង់ ដណ្ដើមបានអំណាចក្នុងការគ្រប់គ្រងរដ្ឋធានីកាប៊ុល ព្រលានយន្តហោះ Hamid Karzai តែងស្ថិតក្នុងភាពវឹកវរ ដោយសារតែមនុស្សរាប់ម៉ឺននាក់នាំគ្នាមកកាន់ទីនេះដើម្បីរកផ្លូវចាកចេញពីប្រទេស៕