Skip to content

ដុត​សម្លាប់​ខ្លួនឯង ក្រោយ​ចោទ​តំណាងរាស្ត្រ​ថា បាន​រំលោភ​ផ្លូវភេទ

ឥណ្ឌា៖ នារី​វ័យ 24 ឆ្នាំ​ម្នាក់ នៅ Uttar Pradesh បាន​ដុត​ខ្លួនឯង ក្រោយ​រយៈពេល​ពីរ​ឆ្នាំ​ដែល​នាង​បាន​ចោទ​តំណាងរាស្ត្រ​ម្នា​ក់ថា បាន​រំលោភ​លើ​រូបនាង ដោយសារ​យល់ថា ប៉ូលិស និង​ចៅក្រម «សងសឹក» ចំពោះ​នាង។

នារី​រូបនេះ និង​មិត្ត​ប្រុស​ម្នាក់ កាលពី​ថ្ងៃទី 16 សីហា បាន​ផ្សាយ​ផ្ទាល់​លើ Facebook មុនពេល​ចាក់​សាំង​ដុត​ខ្លួនឯង។ ពួកគេ​ត្រូវបាន​នាំទៅ​កាន់​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ត្រូវ​រលាកភ្លើង​ធ្ងន់ធ្ងរ។ បុរស​ជា​មិត្ត​ប្រុស​បាន​ស្លាប់​នៅ​ថ្ងៃទី 21 សីហា ចំណែក​នារី​ជា​មិត្តស្រី បាន​ស្លាប់​បី​ថ្ងៃ​ក្រោយមក។

អ្នក​ទាំងពីរ​ខាងលើ បានធ្វើ​ដំណើរ​ពី​ភាគ​ខាងជើង​នៃ​រដ្ឋ Uttar Pradesh មកកាន់​រដ្ឋធានី នី​វ​ដេលី និង​បាន​ដុត​ខ្លួនឯង​នៅ​ខាងក្រៅ​តុលាការ​កំពូល​ឥណ្ឌា ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន ចំពោះ​ស្ថានភាព​របស់​ពួកគេ។

នារី​ខាងលើ បាន​ចោទប្រកាន់​តំណាងរាស្ត្រ​ម្នាក់​ឈ្មោះ Atul Rai នៃ​បក្ស Bahujan Samaj (BSP) ថា បាន​ចាប់​នាង​រំលោភ​នៅឯ​ផ្ទះ​របស់​តំណាងរាស្ត្រ​ម្នាក់នេះ ដែល​ស្ថិតក្នុង​ទីក្រុង Varanasi។ នាង​បានដាក់​ពាក្យបណ្ដឹង​កាលពី​ខែឧសភា ឆ្នាំ 2019។

តំណាងរាស្ត្រ​ឈ្មោះ Rai ដែល​បាន​ច្រានចោល​ការចោទប្រកាន់ ត្រូវបាន​ចាប់ខ្លួន​មួយខែ​ក្រោយមក និង​បាន​ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ​រួចមកហើយ។

កន្លែង​កើត​ហេតុ

ខែវិច្ឆិកា ឆ្នាំ 2020 បងប្រុស​របស់ Rai បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​ប៉ូលិស ដោយ​ចោទថា នារី​ខាងលើ​បាន​មួលបង្កាច់ ហើយ​តុលាការ​ក៏​បានចេញ​ដីកាចាប់ខ្លួន​ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ការធានា​ចំពោះ​នារី​រងគ្រោះ កាលពី​ដើមខែ​នេះ។ នារី​រូបនេះ បាន​បដិសេធ​ការចោទប្រកាន់​ពី​សំណាក់​បងប្រុស​របស់ Rai។

ក្នុង​វីដេអូ​ដែល​បាន​ផ្សាយ​ផ្ទាល់​មុនពេល​ដុត​ខ្លួនឯង នារី​នេះ​បាន​ចោទប្រកាន់​តំណាងរាស្ត្រ Rai ថា បាន​ប្រើប្រាស់​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​សងសឹក​លើ​រូបនាង។ នាង និង​មិត្ត​ប្រុស​បាន​លើកយក​ឈ្មោះ​មន្ត្រីនគរបាល​មួយចំនួន រួមទាំង​ក្រុម​ចៅក្រម​ផងដែរ ដោយបាន​ចោទ​ពួកគេ​ថា បានរួម​គំនិត​ជាមួយ Rai ដើម្បី​ធ្វើបាប​នាង។

«យើង​បាន​ដើរ​ដល់​ជំហាន​ដែល​ពួកគេ​ចង់បាន។ ពួកគេ​បាន​ប្រឹងប្រែង​អស់​រយៈពេល​មួយឆ្នាំ​កន្លះ ដើម្បី​រុញ​ពួក​ខ្ញុំ​ឱ្យដល់​ដំណាក់កាល​នេះ» នារី​រងគ្រោះ​និយាយ​ដូច្នេះ។

មិត្ត​របស់​នារី​ខាងលើ​និយាយថា៖ «ក្រុមមន្ត្រី​បាន​បង្ខំ​ឱ្យ​ពួកយើង​ស្លាប់​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ 2020។ យើងខ្ញុំ​ចង់ឱ្យ​មិត្ត​ទាំងអស់ ពលរដ្ឋ​នៅ Uttah និង​នៅ​ទូទាំងប្រទេស ដឹង​អំពី​ហេតុការណ៍​នេះ»។ ជំហាន​ដែល​ពួកយើង​ជិត​ដើរ​ដល់​គឺ​ពិតជា​ឈឺចាប់ និង​គួរឱ្យខ្លាច។ យើង​ក៏មាន​ការភ័យខ្លាច ប៉ុន្តែ​ការភ័យខ្លាច​នេះ​មិនជា​អ្វី​ទាំងអស់»។

អាជ្ញាធរ​រដ្ឋ Uttar Pradesh បានឱ្យដឹងថា បាន​ផ្អាក​ការងារ​របស់​ប៉ូលិស​ពីរ​នាក់ ហើយ​ថា កំពុង​ស៊ើបអង្កេត​លើ​រឿងក្ដី​នេះ។ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​យល់ថា ការអនុវត្ត​ច្បាប់​នៅ​ធូររលុង ពិសេស​នៅក្នុង​ករណី​ជនជាប់ចោទ​គឺជា​អ្នកមានអំណាច មាន​លុយ ដែល​នេះ​នាំឱ្យ​ជនរងគ្រោះ​មិនអាច​ទទួលបាន​យុត្តិធម៌៕

Leave a Reply

Your email address will not be published. Required fields are marked *