Skip to content

តា​លី​បង់៖ «មិនមាន​ភ័ស្ដុតាង​បញ្ជាក់​ថា bin Laden ជា​មេ​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា»

តា​លី​បង់ បាន​អះអាងថា ពុំមាន​អ្វីដែល​អាច​បញ្ជាក់បាន​ថា Osama bin Laden គឹជា​មេដឹកនាំ​ភេរវកម្ម​ក្នុងករណី​វាយប្រហារ​នៅ សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2001 បើទោះជា​មេ​ភេរវ​ករ​រូបនេះ ធ្លាប់បាន​ទទួលស្គាល់​នៅក្នុង​ខ្សែអាត់​សំឡេង។

«ពេល Osama bin Laden ក្លាយជា​បញ្ហា​សម្រាប់ សហរដ្ឋអាមេរិក គាត់​កំពុង​ស្ថិតនៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ ពុំមាន​ភ័ស្ដុតាង​ណាមួយ​បង្ហាញថា គាត់​ជាប់​ទាក់ទិន ប៉ុន្តែ ពេលនេះ យើង​សន្យាថា ទឹកដី អា​ហ្វ​ហ្គា​នី​ស្ថាន នឹងមិន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប្រឆាំងនឹង​អ្នកណា​ទាំងអស់» អ្នកនាំពាក្យ​របស់ តា​លី​បង់ លោក Zabihullah Mujahid បាន​ប្រាប់ NBC News ពី អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី 25 សីហា។

អធិប្បាយ​ខាងលើ ត្រូវ​បានលើកឡើង​បន្ទាប់ពី​អ្នកយកព័ត៌មាន​សួរថា តើ អា​ហ្វ​ហ្គា​នី​ស្ថាន អាច​ក្លាយជា​មូលដ្ឋាន​របស់​ក្រុម​ភេរវ​ករ​ដែរ ឬទេ នៅក្នុង​គ្រា​ដែល សហរដ្ឋអាមេរិក នឹង​បញ្ចប់​យុទ្ធនាការ​ដកទ័ព នៅ​ថ្ងៃទី 31 សីហា។ លោក Mujahid ថ្លែងថា ការចោទប្រកាន់​របស់ សហរដ្ឋអាមេរិក «គ្រាន់តែ​ជា​លេស​ដើម្បី​បង្ក​សង្គ្រាម»។

អ្នកនាំពាក្យ​របស់ តា​លី​បង់ លោក Zabihullah Mujahid

នៅក្នុង​ខ្សែអាត់​សំឡេង​ដែល​បានប្រកាស​កាលពី​ឆ្នាំ 2004 លោក bin Landen ទទួលស្គាល់ថា បានចេញ​បញ្ជា​ឱ្យ​អនុវត្ត​ករណី​វាយប្រហារ​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001 ក្នុងនោះ​មាន​ភេរ​វករ 19 នាក់ បាន​ប្លន់​យន្តហោះ​ពាណិជ្ជកម្ម​របស់ អាមេរិក ចំនួន 4 គ្រឿង និង​បាន​បញ្ជា​ឱ្យ​ហោះ​ទៅបុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក​នានា នៅ​ទីក្រុង​នី​វ​យ៉​ក និង មន្ទីរ​បញ្ច​កោណ។ អ្នកដំណើរ​ក្នុង​យន្តហោះ​មួយគ្រឿង បាន​តដៃ​ប្រឆាំងនឹង​ក្រុម​ភេរ​វករ បណ្ដាលឱ្យ​យន្តហោះ​ត្រូវ​ធ្លាក់​ទៅលើ​វាល​នៅក្នុង​រដ្ឋ Pennsylvania។

សហរដ្ឋអាមេរិក បាន​ផ្ដើម​យុទ្ធនាការ​យោធា​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន បន្ទាប់ពី​ចោទថា តា​លី​បង់ បាន​បដិសេធ​ការប្រគល់​ខ្លួន​ក្រុម​មេ​ភេរ​វករ al-Qaeda ឱ្យ សហរដ្ឋអាមេរិក ក្នុងនោះ​ក៏មាន​លោក bin Landen ផងដែរ។ មេ​ភេរ​វករ​រូបនេះ ត្រូវបាន​កម្លាំង​ពិសេស SEAL របស់ អាមេរិក បាញ់សម្លាប់​នៅ ប៉ា​គីស​ស្ថាន កាលពី​ថ្ងៃទី 1 ឧសភា ឆ្នាំ 2011។

លោក​ Osama bin Laden

របាយការណ៍​មួយ​របស់ «ក្រុមប្រឹក្សា 11 កញ្ញា» បាន​បញ្ជាក់ថា «ករណី​ភេរវកម្ម​ថ្ងៃទី 11 កញ្ញា​គឺ​ត្រូវបាន​ដឹកនាំ​ដោយ Osama bin Laden»។

«នៅពេល​ដំណាក់កាល​ត្រៀម​ចុងក្រោយ​កំពុង​ត្រូវបាន​ធ្វើឡើង​នា​រដូវក្ដៅ​ឆ្នាំ 2001 ក្រុម​មេដឹកនាំ​របស់ al-Qaeda នៅ អា​ហ្វ​ហ្គា​នី​ស្ថាន មានទំនាស់​ផ្ទៃក្នុង ទាក់ទង​នឹង​បញ្ហា​ដែលថា គួរតែ​វាយប្រហារ​ភេរវកម្ម​លើ សហរដ្ឋអាមេរិក ឬ​អត់» របាយការណ៍​ខាងលើ សរសេរ​ដូច្នេះ។ «មេបញ្ជាការ​របស់ តា​លី​បង់ Mullah Omar បាន​ជំទាស់​នឹង​ការវាយប្រហារ​លើ អាមេរិក។ ទោះជា​ត្រូវ​ជួបនឹង​ការប្រឆាំង​ពី​មេដឹកនាំកំពូលៗជាច្រើនរូប ប៉ុន្តែ bin Laden នៅតែ​សម្រេចចិត្ត​វាយប្រហារ»។

យុទ្ធនាការ​យោធា​ឆ្នាំ 2001 របស់ សហរដ្ឋអាមេរិក បាន​បណ្ដាលឱ្យ តា​លី​បង់ ត្រូវ​ដួលរលំ។ ប៉ុន្តែ តា​លី​បង់ វាយ​ដណ្ដើម​យកបាន​អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន មកវិញ កាលពី​ថ្ងៃទី 15 សីហា ឆ្នាំ 2021 បន្ទាប់ពី អាមេរិក សម្រេច​ដកទ័ព​ចេញពី​ប្រទេស​នេះ។ យុទ្ធនាការ​ជម្លៀស​ពល​រដ្ឋ កំពុង​ត្រូវបាន អាមេរិក ធ្វើឡើង​នៅ​រដ្ឋធានី​កា​ប៊ុល ក្នុង​គ្រា​ដែល​ពលរដ្ឋ អា​ហ្វ​ហ្គា​នី​ស្ថាន ជាច្រើន​ម៉ឺន​នាក់ កំពុង​រក​វិធី​ចាក​ចេញពី​ប្រទេស។

អ្នកនាំពាក្យ​របស់ តា​លី​បង់ លោក Zabihullah Mujahid ថ្លែងថា៖ «នេះ​គឺជា​កាលៈទេសៈ​ដែល​យើង​សប្បាយរីករាយ​ជាទីបំផុត»៕

Leave a Reply

Your email address will not be published. Required fields are marked *