Skip to content

ទារក អា​ហ្វ​ហ្គា​នី​ស្ថាន ដាក់ឈ្មោះ​តាម​យន្តហោះ​ដឹក​ជនភៀសខ្លួន

មន្ត្រី សហរដ្ឋអាមេរិក បានឱ្យដឹងថា ទារិកា ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន មួយរូប ដែល​បានចាប់កំណើត​លើ​យន្តហោះ​យោធា អាមេរិក ដឹក​ជនភៀសខ្លួន​ពី កា​ប៊ុល ត្រូវបាន​ឪពុកម្ដាយ​ដាក់ឈ្មោះ​ទៅតាម​ឈ្មោះ​យន្តហោះ។

ស្ត្រី​ជា​ម្ដាយ​ចាប់ផ្ដើម​ឈឺពោះ​កាលពី​ថ្ងៃទី 21 សីហា ក្នុង​ដំណើរ​ពី កា​ប៊ុល ទៅកាន់​មូលដ្ឋានទ័ព សហរដ្ឋអាមេរិក នៅ​ប្រទេស​អាល្លឺម៉ង់។ ក្នុងពេល​កំពុង​ចុះចត បុគ្គលិក​ពេទ្យ​យោធា បាន​ជួយ​ដល់​ការ​សម្រាលកូន​នៅក្នុង​បន្ទប់​យន្តហោះ។ បន្ទាប់មក ទាំង​ម្ដាយ ទាំង​កូន ត្រូវបាន​បញ្ជូនទៅ កាន់​មន្ទីរពេទ្យ​នៅក្បែរនោះ។

គ្រប់​យន្តហោះ​របស់​កងទ័ពអាកាស អាមេរិក សុទ្ធតែ​មានឈ្មោះ និង​លេខ​កូដ ដើម្បី​ងាយស្រួល​ដល់​ការទាក់ទង​ទៅកាន់​យន្តហោះ​ដទៃ និង​ទីបញ្ជាការ​ដែនអាកាស។ យន្តហោះ​ដឹកជញ្ជូន C-17 មាន​ឈ្មោះថា «Reach» បូក​ជាមួយនឹង​លេខ​កូដ​នៅ​ខាងក្រោយ។ លេខ​កូដ​នៃ​យន្តហោះ​ដែល​បាន​ដឹក​គ្រួសារ​របស់​ទារិកា ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ទៅដល់​កន្លែង​ដោយ​សុវត្ថិភាព គឺ «828» ហើយ​នេះ​គឺជា​មូល​ហេតុដែល​ឪពុកម្ដាយ​បានសម្រេច​ដាក់ឈ្មោះ​ឱ្យ​កូនស្រី​របស់ខ្លួន​ថា Reach។ នេះ​បើតាម​ការឱ្យ​ដឹង​កាលពី​ថ្ងៃទី 25 សីហា ពី​មេបញ្ជាការ​កងទ័ព​រប​ស់ សហរដ្ឋអាមេរិក ប្រចាំ​ទ្វីបអឺរ៉ុប។

ទន្ទឹមនឹង​ទារិកា Reach នៅមាន​ទារក​ពីរ​នាក់​ផ្សេងទៀត ក៏បាន​ចាប់កំណើត ក្រោយពី​ម្ដាយ​របស់​ពួកគេ​បាន​ចុះចត​នៅ​មូលដ្ឋានទ័ព Ramstein។ បច្ចុប្បន្ន Reach និង​ឪពុកម្ដាយ រួមជាមួយ​ជនភៀសខ្លួន​ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ដទៃទៀត កំពុង​ឆ្ពោះទៅកាន់ សហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *