ប្រទេសចិន មានផែនការបង្កើតក្រុមហ៊ុនសោធននិវត្តន៍ជាតិ ដែលមានទុនជិត 11.2 ពាន់លានយុន (ជាង 1.7 ពាន់លានដុល្លារអាមេរិក) ក្នុងគ្រាដែលប្រជាជនរបស់ប្រទេសនេះ កំពុងចាស់យ៉ាងលឿន។
សមាគមធានារ៉ាប់រងចិន ឱ្យដឹងថា ស្ថាប័នចំនួន 17 នឹងបណ្ដាក់ទុនទៅក្នុងក្រុមហ៊ុននេះ។ ក្នុងនោះ ផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិនៃធនាគារធំបំផុតចំនួន 5 នៅប្រទេសចិន មួយស្ថាប័នៗ វិនិយោគ 1 ពាន់លានយុន ស្មើនឹង 8.97% នៃមូលបត្រសរុបរបស់ក្រុមហ៊ុនសោធននិវត្តន៍ជាតិ។ ក្រៅពីនេះ ក្រុមហ៊ុនជើងសាធំជាងគេប្រចាំប្រទេសចិន គឺ Citic Securities, Taikang Life Insurance រួមនឹងក្រុមហ៊ុនវិនិយោគដែលស្ថិតក្រោមគណៈកម្មការគ្រប់គ្រងទ្រព្យសាធារណៈ ក៏នឹងចូលរួមធ្វើសកម្មភាពផងដែរ។
ប្រទេសចិន ជិតត្រូវប្រឈមនឹងវិបត្តិចូលនិវត្តន៍ នៅពេលល្បឿននៃភាពចាស់ជរារបស់ប្រជាជន កំពុងកើនឡើង ខណៈក្រុមដែលស្ថិតក្នុងវ័យធ្វើការ និងអត្រានៃការបង្កើតកូន កំពុងធ្លាក់ចុះ។ នេះបើតាមលទ្ធផលនៃការស្រាវជ្រាវលើប្រជាជន ដែល 10 ឆ្នាំ ប្រកាសម្ដង បានឱ្យដឹងកាលពីខែឧសភា ឆ្នាំ 2021។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលចិន នឹងពង្រីកវិសាលភាពរបស់វិស័យធានារ៉ាប់រងការចូលនិវត្តន៍ជាមូលដ្ឋាន ដែលគ្រប់គ្រងដោយអាជ្ញាធរមូលដ្ឋាន ទន្ទឹមនឹងនេះក៏លើកទឹកចិត្តឱ្យអភិវឌ្ឍវិស័យធានារ៉ាប់រងលើការចូលនិវត្តន៍ឯកជន បង្កើនអាយុចូលនិវត្តន៍ផងដែរ។ នេះបើតាមគម្រោងដែលត្រូវបានប្រកាសកាលពីខែកក្កដា។
ឯកសាររបស់ Citic Securities កន្លងមក បានផ្ដល់តម្រុយខ្លះអំពីផែនការនេះ របស់រដ្ឋាភិបាល ទៅឱ្យក្រុមអ្នកវិភាគ។ ជាក់ស្ដែង ក្រុមហ៊ុនចំនួន 2 បានតភ្ជាប់ជាមួយនឹងស្ថាប័នជើងសា Citic Securities ដើម្បីចុះកិច្ចព្រមព្រៀងជាមួយស្ថាប័នចំនួន 15 ផ្សេងទៀត ក្នុងបំណងបង្កើតសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង។
ឯកសារខាងលើបានឱ្យដឹងថា ក្រុមហ៊ុនដែលកំពុងរង់ចាំការអនុម័តពីរដ្ឋាភិបាលនេះ នឹងគ្រប់គ្រងបណ្ដាមូលនិធិសោធននិវត្តន៍ពាណិជ្ជកម្ម, ធានារ៉ាប់រងសុខភាពរយៈពេលខ្លី និងរយៈពេលមធ្យម, ធានារ៉ាប់រងអាយុជីវិត និងមូលនិធិទំនុកចិត្តនានាសម្រាប់គោលដៅចូលនិវត្តន៍។
ក្រុមអ្នកវិភាគព្យាករថា ក្រុមហ៊ុនសោធននិវត្តន៍ជាតិ របស់ចិន នឹងដើរតួនាទីសំខាន់នៅលើទីផ្សារសោធននិវត្តន៍ដែលប្រកបដោយការប្រកួតប្រជែងខ្ពស់។
ប្រទេសចិន កំពុងដំណើរការប្រព័ន្ធសោធននិវត្តន៍ ដោយប្រើប្រាស់មូលដ្ឋានធំៗចំនួន 3 ក្នុងនោះ មូលដ្ឋានចម្បងជាងគេគឺត្រូវបានគ្រប់គ្រងដោយរដ្ឋ ដែលកាន់កាប់ 82.9% នៃទ្រព្យសរុបរបស់មូលនិធិសោធននិវត្តន៍នៅប្រទេសនេះ។ មូលដ្ឋានទី 2 គឺមូលនិធិនានាដែលអ្នកប្រើប្រាស់ពលករ បានចូលរួមជាប្រចាំឆ្នាំ ក្នុងនោះរួមមានធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងចំនួន 13 ផងដែរ។ មូលដ្ឋានទី 3 កំពុងស្ថិតក្នុងដំណាក់កាលក្មេងខ្ចី ប៉ុន្តែ មានសក្ដានុពលខ្លាំង នៅពេលប្រទេសចិន ជំរុញ និងលើកទឹកចិត្តយ៉ាងខ្លាំងក្លា ដល់វិស័យសោធននិវត្តន៍ឯកជន៕