លោក Putin បានស្នើឱ្យក្រុមប្រទេសលោកខាងលិច ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេស អាហ្វហ្គានីស្ថាន និងថា លោកខាងលិច «ត្រូវតែបញ្ចប់គោលនយោបាយគ្មានការទទួលខុសត្រូវ» របស់ពួកគេ។
«មិនអាចហៅវាថាជាជោគជ័យ» ប្រធានាធិបតី រុស្ស៊ី Vladimir Putin និយាយដូច្នេះនៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី អាល្លឺម៉ង់ Angel Merkel នៅវិមានក្រឹមឡាំង កាលពីថ្ងៃទី 20 សីហា ពេលត្រូវបានសួរដល់អន្តរាគមន៍ដែលដឹកនាំដោយ សហរដ្ឋអាមេរិក នៅ អាហ្វហ្គានីស្ថាន បន្ទាប់ពីករណីភេរវកម្ម ថ្ងៃទី 11 កញ្ញា ឆ្នាំ 2001។
«ប៉ុន្តែ ការយកចិត្តទុកដាក់នាបច្ចុប្បន្នរបស់យើង គឺមិនមែនវាយតម្លៃអំពីបញ្ហានេះ ឬចាត់ទុកជាបរាជ័យ។ យើងចង់ឱ្យស្ថានករណ៍នៅ អាហ្វហ្គានីស្ថាន មានស្ថេរភាព» លោក Putin បន្ថែម។
ប្រធានាធិបតី រុស្ស៊ី ក៏បានសម្ដែងការព្រួយបារម្ភ ចំពោះក្រុមប្រដាប់អាវុធពី អាហ្វហ្គានីស្ថាន ដែលអាចព្យាយាមចូលក្នុងទឹកដីនៃប្រទេសជិតខាង ក្រោមរូបភាពជាជនភៀសខ្លួន។
លោក Putin ក៏បានរិះគន់លើការគាំទ្ររបស់ប្រទេសលោកខាងលិច ចំពោះរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ផងដែរ ដោយបញ្ជាក់ថា ការព្យាយាម «កសាងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យនៅក្នុងប្រទេសដទៃ ទៅតាមគំរូរបស់បរទេស» នឹងទទួលបានឥទ្ធិពលបញ្ច្រាស។ លោកស្នើឱ្យបណ្ដាប្រទេសលោកខាងលិច មិនធ្វើអន្តរាគមន៍លើ អាហ្វហ្គានីស្ថាន ក្រោយពីរដ្ឋធានីកាប៊ុល ត្រូវបានកាន់កាប់ដោយ តាលីបង់។ លោក Putin សង្កត់ធ្ងន់ថា លោកខាងលិច «ត្រូវតែបញ្ចប់គោលនយោបាយគ្មានការទទួលខុសត្រូវ» ទាក់ទិននឹងការដាក់តម្លៃពីបរទេស ខ្ពស់ហួរហេតុ។
ការថ្លែងដូច្នេះ ទំនងជាចង់សំដៅទៅលើការខ្វែងគំនិតគ្នារវាង រុស្ស៊ី និងលោកខាងលិច ទាក់ទិននឹងបញ្ហាប៉ះទង្គិចគ្នានៅ ស៊ីរី និង លីប៊ី ឬបាតុកម្មនៅ រុស្ស៊ី ពេលដែលលោក Putin បានចោទលោកខាងលិចថា គាំទ្រក្រុមប្រឆាំងនៅ មូស្គូ។
លោក Putin និយាយថា លោកសង្ឃឹមថា តាលីបង់ នឹង «ធានាសន្តិសុខដល់ពលរដ្ឋក្នុងស្រុក និងក្រុមអ្នកការទូតបរទេស» ហើយ អាហ្វហ្គានីស្ថាន នឹងមិនដួលរលំ បន្ទាប់ពី អាមេរិក ដកទ័ព៕