Skip to content

អា​ហ្វ​ហ្គា​នី​ស្ថាន៖ តា​លី​បង់ វាយដំ​ពលរដ្ឋ​អាមេរិកាំង នៅ កា​ប៊ុល

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បាន​ប្រាប់​ក្រុម​សមាជិកសភា​ថា ពលរដ្ឋ​ជាច្រើន​នាក់​របស់​ប្រទេស​នេះ នៅ កា​ប៊ុល ត្រូវបាន​ក្រុម​ប្រដាប់អាវុធ តា​លី​បង់ វាយ​ធ្វើបាប។

ប្រភពព័ត៌មាន​នានា​បានឱ្យដឹងថា រដ្ឋមន្ត្រី​ការពារជាតិ Lloyd Austin បាន​ប្រាប់​អំពី​ដំណឹង​ខាងលើ នៅក្នុង​ការហៅ​ទូរស័ព្ទ​កាលពី​ថ្ងៃទី 20 សីហា ហើយ​បាន​ហៅ​បញ្ហា​នេះ​ថា​ជា រឿង​ដែល​មិនអាច​ទទួលយកបាន។ ប៉ុន្តែ​រដ្ឋមន្ត្រី​រូបនេះ​ក៏​មិនបាន​អះអាង​អំពី​លទ្ធភាព​ដែលថា ទាហាន អាមេរិក អាច​ចេញពី កា​ប៊ុល ដើម្បី​ចុះទៅ​ការពារ​ពលរដ្ឋ​របស់​ខ្លួន​ដែល​ឆ្លងកាត់​កន្លែង​ត្រួតពិនិត្យ​របស់ តា​លី​បង់ ដែរ ឬ​យ៉ាងណា​នោះទេ។

លោក Austin ក្រោយមក​ក៏បាន​បញ្ជាក់ថា តា​លី​បង់ ជារួម ពុំបាន​រារាំង​ពលរដ្ឋ​អាមេរិកាំង ធ្វើដំណើរ​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​កា​ប៊ុល នោះដែរ។

នៅពេល​សួរ​អំពី​ព័ត៌មាន​ដែលថា ពលរដ្ឋ​អាមេរិកាំង ត្រូវ តា​លី​បង់ វាយដំ ជំនួយការ​ផ្នែក​សារព័ត៌មាន​របស់​សេត​វិមាន John Kirby ឱ្យដឹងថា ស្ថាប័ន​នេះ «ប្រាកដជា​យកចិត្តទុកដាក់​ដល់​ដំណឹង​ដូច្នេះ។ បញ្ហា​នេះ​ពិតជា​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង»។

រដ្ឋមន្ត្រី​ការពារជាតិ សហរដ្ឋ​អាមេរិក​ Lloyd Austin

អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ បាន​និយាយថា កងកម្លាំង សហរដ្ឋអាមេរិក រកឃើញ​ពលរដ្ឋ​បរទេស​ចំនួន 169 នាក់ កំពុង​លាក់ខ្លួន​នៅក្នុង​សណ្ឋាគារ Baron ក្បែរ​តំបន់​ភាគខាងត្បូង​នៃ​ព្រលានយន្តហោះ​នៅ កា​ប៊ុល ក្រោយពី​ប្រទេសមួយ​បាន​រាយការណ៍​ដល់​មេបញ្ជាការ​របស់​កងទ័ព អាមេរិក។ ឧទ្ធម្ភាគចក្រ CH-47 Chinook ក៏បាន​ហោះ​ចេញពី​ព្រលានយន្តហោះ Hamid Karzai ទៅ​ទទួល​ពួកគេ។ បេសកកម្ម​ម​ត្រូវបាន​ធ្វើឡើង​យ៉ាង​លឿន និង​ដោយ​សុវត្ថិភាព។

លោក Kerby និយាយថា ខាងលើនេះ​គឺជា​ករណី​តែមួយគត់​ដែល​ឧទ្ធម្ភាកចក្រ អាមេរិក ចាក​ចេញពី​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល ដើម្បី​ទៅ​ទទួល​ពលរដ្ឋ។

សូម​រំលឹកថា តា​លី​បង់ បាន​វាយ​កាន់កាប់​រដ្ឋធានី​កា​ប៊ុល ក្រោយ អាមេរិក ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។ តា​លី​បង់ កាលពី​ថ្ងៃទី 15 សីហា បាន​ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល ដោយ​ស្ទើរតែ​ពុំមាន​ឧបសគ្គ​អ្វី​ទាំងអស់។

ក្រោយមក មនុស្ស​រាប់ពាន់នាក់​ដែលជា​ពលរដ្ឋ អា​ហ្វ​ហ្គា​នី​ស្ថាន ក៏​នាំគ្នា​សម្រុក​ទៅកាន់​ព្រលានយន្តហោះ Hamid Karzai ដើម្បី​រក​វិធី​ចាក​ចេញពី​ប្រទេស។ ដោយមាន​មនុស្ស​ច្រើនពេក ព្រលានយន្តហោះ​នេះ​ក៏​ធ្លាក់​ទៅក្នុង​ភាពច្របូកច្របល់​អស់​ជាច្រើន​ថ្ងៃ។ កងទ័ព អាមេរិក កំពុង​គ្រប់គ្រង​ព្រលានយន្តហោះ​ខាងលើ ហើយ​នេះ​ក៏​ជាទី​តាំង​ចុងក្រោយ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល មិនទាន់​ត្រូវបាន​កាន់កាប់​ដោយ តា​លី​បង់៕

Leave a Reply

Your email address will not be published. Required fields are marked *