Skip to content

នាវា​អម​ការពារ​មួយគ្រឿង ត្រូវ​​នាវា​មុជ​ទឹក និង​យន្តហោះ​ចម្បាំង​របស់ អាមេរិក សហការគ្នា បាញ់​ពន្លិច​នៅលើ​លំហ​សមុទ្រ Hawaii

យន្តហោះ​ចម្បាំង និង​នាវាមុជទឹក​របស់ សហរដ្ឋអាមេរិក ធ្វើ​សមយុទ្ធ​ប្រើ​គ្រាប់​ពិត បាញ់​ពន្លិច​នាវា​អម​ការពារ Ingraham ដែល​បាន​ចូលនិវត្តន៍ នៅលើ​តំបន់​លំហ​សមុទ្រ Hawaii។

បណ្ដា​អង្គភាព​ចំណុះ​ក្រុម​ប្រយុទ្ធ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង Carl Vinson រួម​នឹង​នាវាមុជទឹក និង​កង​ម៉ា​រី​ន របស់ សហរដ្ឋ​អាមេរិក បានធ្វើ​លំ​ហាត់​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ នៅក្នុង​សមយុទ្ធ​បាញ់​ពន្លិច​គោលដៅ (SINKEX) សំដៅ​នាវា​ការពារ​ដែល​ចូលនិវត្តន៍ USS Ingraham នៅលើ​លំហ​សមុទ្រ Hawaii។ នេះ​បើតាម​កងទ័ពជើងទឹក សហរដ្ឋអាមេរិក ដែល​ឱ្យដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី 17 សីហា។

រូបភាព​ដែល​ត្រូវបាន​កងទ័ពជើងទឹក អាមេរិក ប្រកាស បង្ហាញថា យន្តហោះ​ចម្បាំង F/A-18E Super Hornet បំពាក់​ដោយ​គ្រាប់បែក AGM-154 JSOW ហោះ​ឡើង​ពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS Carl Vinson ខណៈដែល​នាវាមុជទឹក​វាយប្រហារ USS Chicago ស្ថិតក្នុង​ក្រុម Los Angeles បញ្ចូល​គ្រាប់​រ៉ុក្កែត​ប្រឆាំង​នាវាចម្បាំង UGM-84 Harpoon ទៅក្នុង​បំពង់​បាញ់​គ្រាប់ មុននឹង​ធ្វើការ​វាយប្រហា​រគោល​ដៅ។

វីដេអូខាងលើ បង្ហាញ​ពី​នាវា​ចម្បាំង​ដែល​ចូល​និវត្តន៍​​មួយ​គ្រឿង​ត្រូវ​គ្រាប់​មិស៊ីលពី​អាកាស​​ និង​ពី​ក្រោម​ទឹក​ ក្នុង​លំហាត់​សម​យុទ្ធអន្តរ​ជាតិ​​ RIMPAC 2016។

នាវា​អម​ការពារ USS Ingraham បាន​ផ្ទុះ​ឆេះ បង្កើតបានជា​អណ្ដាតភ្លើង និង​ផ្សែងហុយ​ទ្រលោម បន្ទាប់ពី​ត្រូវ​រង​ការវាយប្រហារ​ជាច្រើន​គ្រាប់។ កងទ័ពជើងទឹក អាមេរិក មិនបាន​ឱ្យដឹងថា នាវា USS Ingraham បាន​លិច​បែបណា​នោះទេ។

USS Ingraham ដែលជា​នាវា​អម​ការពារ បំពាក់​មិ​ស៊ី​ល​នាំ​ផ្លូវ​ដោយ GPS ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ជួរ​កងទ័ពជើងទឹក អាមេរិក កាលពី​ខែសីហា ឆ្នាំ 1989 និង​ចូលនិវត្តន៍​កាលពី​ឆ្នាំ 2015 គឺជា​នាវា​មួយគ្រឿង​ចុងក្រោយបង្អស់​ដែល​ស្ថិតក្នុង​ក្រុម​នាវា​អម​ការពារ Oliver Hazard Perry របស់ សហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *