អ្នកយកព័ត៌មាន Clarissa Ward របស់ទូរទស្សន៍ CNN ដែលមានទីស្នាក់ការកណ្ដាលនៅ សហរដ្ឋអាមេរិក បានសួរសមាជិកមួយចំនួនរបស់ក្រុមតាលីបង់ និងពលរដ្ឋសាមញ្ញនៅលើដងផ្លូវក្នុងរដ្ឋធានីកាប៊ុល រយៈពេល 24 បន្ទាប់ពី តាលីបង់ បានចូលកាន់កាប់រដ្ឋធានី។
ភ្លាមៗបន្ទាប់ពីចាកចេញពីទីតាំងស្នាក់នៅ យើងឃើញច្បាស់ថា អ្នកណាជាអ្នកទទួលខុសត្រូវ។ ក្រុមប្រដាប់អាវុធ បានបង្ហាញខ្លួនគ្រប់ទីកន្លែងក្នុងរដ្ឋធានី។ ពួកគេញញឹមដោយសារទទួលបានជ័យជំនះ ព្រោះបានកាន់កាប់ទីក្រុងដែលមានពលរដ្ឋ 6 លាននាក់ ក្នុងរយៈពេលតែប៉ុន្មានម៉ោង និងស្ទើរតែមិនចាំបាច់ផ្ទុះអាវុធ។
Clarissa Ward ៖ នេះគឺជាទិដ្ឋភាពដែលខ្ញុំមិននឹកស្មានថាបានជួបប្រទះ។ នេះជាក្រុមប្រដាប់អាវុធ តាលីបង់ ហើយនៅខាងក្រោយគឺជាស្ថានទូត សហរដ្ឋអាមេរិក។ ទាហាន (តាលីបង់) មួយចំនួន ដែលប្រដាប់ដោយអាវុធរបស់ សហរដ្ឋអាមេរិក និយាយថា ពួកគេមកទីនេះដើម្បីការពារច្បាប់ និងរក្សាសណ្ដាប់ធ្នាប់។
មេបញ្ជាការម្នាក់របស់ តាលីបង់ បានប្រាប់ថា៖ «គ្រប់យ៉ាងស្ថិតក្នុងការគ្រប់គ្រង គ្រប់យ៉ាងនឹងពុំមានបញ្ហានោះទេ។ គ្រប់គ្នាមិនបាច់ព្រួយបារម្ភឡើយ»។
Clarissa Ward ៖ «តើពួកលោក ចង់បញ្ជូនសារអ្វីខ្លះទៅកាន់ សហរដ្ឋអាមេរិក?»
មេបញ្ជាការខាងលើនិយាយថា៖ «អាមេរិក បានចំណាយពេលគ្រប់គ្រាន់ហើយនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ពួកគេត្រូវការចាកចេញ។ ពួកគេបានខាតបង់អាយុជីវិត និងប្រាក់កាសច្រើនណាស់»។
Clarissa Ward ៖ មនុស្សម្នា ចូលមកថតរូបជាមួយពួកគេ (ទាហាន តាលីបង់)។ ពួកគេស្រែកថា «ពួក អាមេរិកាំង ត្រូវតែស្លាប់» ប៉ុន្តែ ទន្ទឹមនឹងនេះ ពួកគេហាក់ដូចស្និទ្ធស្នាល ពិតជាគួរឱ្យចម្លែក។
Clarissa Ward ៖ គ្រប់កន្លែងដែលពួកយើងបានទៅដល់ ក្រុម តាលីបង់ ហាក់សុទ្ធតែចង់និយាយជាមួយ។ មនុស្សជាច្រើនមានការភ័យខ្លាចថា តាលីបង់ អាចវាយប្រហារសងសឹកចំពោះសមាជិកនៃកងសន្តិសុខ (របស់រដ្ឋាភិបាល)។
«ចាប់តាំងពីម្សិលមិញ យើងបានបញ្ជាក់ថា ពុំមានបញ្ហាអ្វីកើតឡើង។ យើងធានាចំពោះគ្រប់គ្នាថា ពួកគេនឹងមានសុវត្ថិភាព» Mawlawi Akhundzada ដែលជាមេបញ្ជាការម្នាក់របស់ តាលីបង់ និយាយដូច្នេះ។ «យើងស្ដាប់តាមបញ្ជារបស់ថ្នាក់ដឹកនាំ។ នៅពេលបានសន្យាហើយ យើងនឹងគោរពតាម»។
Clarissa Ward ៖ ការរក្សាច្បាប់ និងសណ្ដាប់ធ្នាប់គឺជាអាទិភាពកំពូលនៅក្នុងការសន្យា។ ក្រុម តាលីបង់ ឈរយាមខ្លោងទ្វារនៃវិមានប្រធានាធិបតី។ ពួកគេនិយាយថា ពួកគេមកទីនេះដើម្បីជំនួសកន្លែងទំនេរ នៅពេលក្រុមមន្ត្រីរដ្ឋាភិបាល បានរត់គេចខ្លួន។
Clarissa Ward ៖ ប៉ុន្តែ ឥរិយាបថស្វាគមន៍ បានបញ្ចប់ត្រឹមនេះ ហើយវត្តមានរបស់ខ្ញុំក៏ចាប់ផ្ដើមបង្កឱ្យមានភាពតានតឹង។ ពួកគេឱ្យខ្ញុំឈរទៅម្ខាង ព្រោះតែខ្ញុំជាស្រី។
Clarissa Ward ៖ តាលីបង់ មិនទាន់ប្រើប្រាស់ច្បាស់សាសនាអ៊ីស្លាមដ៏តឹងរ៉ឹងរបស់ខ្លួន ប៉ុន្តែ មនុស្សជាច្រើនបានត្រៀមខ្លួនសម្រាប់ប្រការនេះ។ អ្នកអាចមើលឃើញហាងផាត់មុខនេះ និងហាងដទៃ ដែលបានលាបថ្នាំពណ៌លើរូបភាពរបស់ស្ត្រីដែលមិនបាំងមុខនៅខាងមុខហាង។
មេបញ្ជាការម្នាក់របស់ តាលីបង់ លោក Assad Massoud Khistani និយាយថា «ច្បាប់សាសនាអ៊ីស្លាម នឹងត្រូវបានអនុវត្តជាសន្សឹម។
Clarissa Ward ៖ អស់លោកនឹងការពារស្ត្រីដោយរបៀបណា? ព្រោះថា ស្ត្រីជាច្រើនមានការព្រួយបារម្ភថា នឹងមិនបានទៅសាលារៀន ឬទៅធ្វើការ។
Assad Massoud Khistani ៖ ស្ត្រីអាចបន្តជីវភាពប្រចាំថ្ងៃរបស់ខ្លួន ហើយយើងនឹងមិនថាអ្វីនោះដែរ។ ពួកគេអាចបន្តការសិក្សា ប៉ុន្តែ ត្រូវជួតកន្សែង hijab របស់សាសនាអ៊ីស្លាម។
Clarissa Ward ៖ ដូចកន្សែងដែលខ្ញុំជួតនេះដែរ មែនទេ?
Assad Massoud Khistani ៖ មិនដូចរបស់អ្នកទេ ពួកគេ នឹងត្រូវបិទមុខ។
Clarissa Ward ៖ បិទមុខ?
Assad Massoud Khistani ៖ ត្រូវហើយ។
Clarissa Ward ៖ លោកចង់និយាយអំពី niqab?
Assad Massoud Khistani ៖ គឺ niqab។
Clarissa Ward ៖ ហេតុអ្វីពួកគេត្រូវបិទមុខ?
Assad Massoud Khistani ៖ នេះគឺជាការកំណត់របស់សាសនាអ៊ីស្លាម។
Clarissa Ward ៖ កាន់សាសនាអ៊ីស្លាមគឺត្រូវប្រើឈ្នួត niqab?
Assad Massoud Khistani ៖ ពិតណាស់។ កាន់សាសនាអ៊ីស្លាមគឺត្រូវតែអីចឹង។
Clarissa Ward ៖ ភាគច្រើននៃពលរដ្ឋ អាហ្វហ្គានីស្ថាន ដែលយើងបានជួប ពួកគេសុទ្ធតែមានការរន្ធត់ និងពិបាកក្នុងការដោះស្រាយបញ្ហាក្នុងអំឡុង 24 ម៉ោងកន្លង។
Clarissa Ward ៖ Fistula និយាយថា ឪពុករបស់គាត់គឺជាទាហានរបស់រដ្ឋាភិបាល អាហ្វហ្គានីស្ថាន និងបានស្លាប់នៅរដូវក្ដៅឆ្នាំនេះ ហើយគាត់មិនដឹងថា ត្រូវធ្វើយ៉ាងណា។
Fistula ៖ កាលពីម្សិលមិញ ខ្ញុំបានបាត់បង់គ្រប់យ៉ាង ខ្ញុំមានអារម្មណ៍ថា មិនមានសុវត្ថិភាពទេ ពេលនៅទីនេះ។
Clarissa Ward ៖ លោកខ្លាច?
Fistula ៖ ពិតណាស់ ខ្ញុំភ័យខ្លាច ខ្ញុំបាត់បង់ឪពុក ហើយម្ដាយខ្ញុំបានស្លាប់នៅឯខេត្ត Logar កាលពីខែមុន។
Clarissa Ward ៖ សោកស្ដាយណាស់ដែលបានឮរឿងនេះ។
Fistula ៖ នៅតែខ្ញុំ និងប្អូនស្រីរបស់ខ្ញុំ យើងនៅផ្ទះ ហើយនេះជាមូលហេតុដែលយើងភ័យខ្លាចអ្វីដែលនឹងកើតឡើងឆាប់ៗនេះ។ នោះគឺជាបញ្ហាធំមួយសម្រាប់ពួកយើង។
Clarissa Ward ៖ នេះគឺជាអារម្មណ៍ដែលមនុស្សជាច្រើនកំពុងជួបប្រទះ។ ដើរតាមដងផ្លូវ គេមានអារម្មណ៍ថា បញ្ហាពិតប្រាកដគឺមិនស្ថិតនៅលើអ្នកដែលដើរតាមដងផ្លូវនោះទេ។ ពួកគេទាំងនោះ (អ្នកនៅក្នុងផ្ទះ) ភ័យខ្លាចខ្លាំងក្នុងការចេញពីផ្ទះ។ រង់ចាំមើលថា តើថ្ងៃស្អែកនឹងទៅជាយ៉ាងណា…