Skip to content

អាហ្វហ្គានីស្ថាន​៖ តា​លី​បង់ ដុត​កម្ទេច​សួន​កម្សាន្ត ក្រោយ​​ទាហាន​របស់ខ្លួន ចូល​លេង​ជិះឡាន​បុក​គ្នា

កា​ប៊ុល៖ ក្រុម តា​លី​បង់ បាន​ដុតបំផ្លាញ​សួន​កម្សាន្ត​មួយ​នៅក្នុង​ខេត្ត Jowzjan រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​ការលេងកម្សាន្ត​របស់​ទា​ហាន​មួយចំនួន​នៃ​ក្រុម​ប្រដាប់អាវុធ​នេះ ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។

វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី 17 សីហា បង្ហាញថា សួន​កម្សាន្ត​ទាំងមូល​មួយកន្លែង​នៅក្នុង​ខេត្ត Jowzjan ភាគ​ខាងលិច អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ស្ថិតក្នុង​អណ្ដាតភ្លើង​នាពេល​យប់ ជាមួយនឹង​អគ្គិភ័យ​យ៉ាង​សន្ធោសន្ធៅ​គ្របដណ្ដប់​ទីតាំង​នេះ។ គណនី Twitter ដែល​បាន​បង្ហោះ​វីដេអូ​នេះ ឱ្យដឹងថា នេះ​គឺជា​សួន​កម្សាន្ត Bokhdi នៅក្នុង​ទីក្រុង Sheberghan នៃ​ខេត្ត Jowzjan។

ម្ចាស់​គណនី​ខាងលើ​ឱ្យដឹងថា តា​លី​បង់ បាន​ដុត​កម្ទេច​សួន​កម្សាន្ត​នេះ​គឺ​ដោយសារ​នៅ​ខាងក្នុង​មាន​រូបសំណាក​ដែល​ផ្ទុយ​ពី​ទំនៀមទម្លាប់​សាសនា​អ៊ីស្លាម។

មុននេះ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​វីដេអូ​មួយ​នៅលើ​បណ្ដាញ​សង្គម គេ​ឃើញ​មាន​ក្រុម​ប្រដាប់អាវុធ​មួយចំនួន​របស់ តា​លី​បង់ នាំគ្នា​កាន់​កាំភ្លើង​ចូល​លេង​កម្សាន្ត​ដោយ​សប្បាយរីករាយ ក្នុងនោះ ទាហាន​ខ្លះ​លេង​ជិះឡាន​បុក​គ្នា និង​ខ្លះ​ជិះ​ទោង​វិល ក្នុង​សួន​កំសាន្ត​មួយ​នៅ កា​ប៊ុល ក្រោយពី​បាន​ចូល​គ្រប់គ្រង​រដ្ឋធានី។

កាលពី​ថ្ងៃទី 18 សីហា អ្នកនាំពាក្យម្នាក់​របស់​ តា​លី​បង់ លោក Waheedullah Hashimi និយាយ ថា​៖ «នឹង​ពុំមាន​លទ្ធិប្រជាធិបតេយ្យ​ណាមួយ​នោះឡើយ ពីព្រោះថា វា​គ្មាន​មូលដ្ឋានគ្រឹះ​អ្វី​ទាំងអស់​នៅក្នុង​ប្រទេស​របស់​យើង។ យើង​នឹងមិន​ពិភាក្សា​អំពី​ប្រភេទ​របប​នយោបាយ​ដែល​នឹងត្រូវ​អនុវត្ត​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ដោយសារ​វា​ច្បាស់លាស់​អស់​ទៅហើយ។ នោះ​គឺជា​ច្បាប់​សាសនា​អ៊ីស្លាម សារី (Sharia)»។

យោងតាម​អ្នកនាំពាក្យ​រូបនេះ អា​ហ្វ​ហ្គា​នី​ស្ថាន អាច​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា តា​លី​បង់ និង​មេបញ្ជាការ​កំពូល Haibatullah Akhundzada ដែលមាន​តួនាទី​ដូច​ទៅនឹង​ប្រធានាធិបតី។

រចនាសម្ព័ន្ធ​នៃ​អំណាច​ដែល Hashimi បាន​ថ្លែង​នេះ មាន​ចំនុច​ប្រហាក់ប្រហែល​នឹង​វិធី​ដែល តា​លី​បង់ បាន​ប្រើប្រាស់​សម្រាប់​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងអំឡុង​ពី​ឆ្នាំ 1996 ដល់​ឆ្នាំ 2001។ កាលណោះ មេបញ្ជាការ​កំពូល Mulllah Omar មិន​បង្ហាញ​វត្តមាន ដោយ​ទុកឱ្យ​ក្រុមប្រឹក្សា​មួយ​ជា​អ្នកដឹកនាំ​ប្រទេស។

 

សកម្មភាព​មួយចំនួន​របស់​ តាលីបង់ នា​ពេល​ថ្មី​ៗ​នេះ​ បាន និង​កំពុង​​បង្ហាញ​ថា​​ តាលីបង់​ ទំនង​ជា​មិន​អាច​ប្ដូរ​ផ្លាស់​ទៅ​រក​សេរីភាព​​បាន​ច្រើន​ដូច​ការ​សន្យា​របស់​ពួក​គេ​នោះ​ទេ​៕

Leave a Reply

Your email address will not be published. Required fields are marked *