Skip to content

អតីត​អនុ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន បង្កើត​កម្លាំង​ប្រឆាំង តា​លី​បង់

អតីត​អនុ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន លោក Saleh ប្រកាស​កាន់អំណាច បង្កើត​សម្ព័ន្ធភាព​យោធា​ដើម្បី​ប្រឆាំង​តបត​នឹង​ក្រុម តា​លី​បង់ និង​ដាក់​ការិយាល័យ​កណ្ដាល​របស់​ខ្លួន នៅ​ជ្រលង​ភ្នំ Panjshir ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រដ្ឋធានី​កា​ប៊ុល។

«ខ្ញុំ​នឹងមិន​ធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់ ស្ដាប់​អំពី​ដំណឹង​អស់សង្ឃឹម​របស់​យើង​នោះឡើយ។ ខ្ញុំ​នឹងមិន​ស្ថិតនៅក្រោម​ដំបូល​មេឃ​ជាមួយនឹង តា​លី​បង់។ ចូរ​ចូលរួម​ជាមួយ​កងកម្លាំង​ប្រយុទ្ធ​តតាំង​របស់​យើង» លោក Amrullah Saleh អតីត​អនុ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន នៅក្នុង​រដ្ឋាភិបាល​ដែល​ទើបតែ​បាន​ផ្ដួលរំលំ ប្រកាស​ដូច្នេះ​កាលពី​ថ្ងៃទី 17 សីហា។

មុន​នោះ លោក Saleh បាន​ហៅ​ខ្លួនឯង​ថា ប្រធានាធិបតី​បណ្ដោះអាសន្ន របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី​ប្រធានាធិបតី Ashraf Ghani បាន​រត់ចោល​ប្រ​ទស ក្នុង​គ្រា តា​លី​បង់ ជិត​ចូលដល់​រដ្ឋធានី​កា​ប៊ុល កាលពី​ថ្ងៃទី 15 សីហា។ លោក Saleh ឱ្យដឹងថា លោក​កំពុង​ទាក់ទង​ទៅកាន់​ក្រុម​មេដឹកនាំ ដើម្បី​ស្វែងរក​ការគាំទ្រ និង​ការយល់ស្រប​របស់​ពួកគេ នៅក្នុង​ការធ្វើ​សង្គ្រាម​ប្រឆាំង តា​លី​បង់។

លោក Saleh បាន​រិះគន់​ប្រធានាធិបតី Ghani ដែល​បាន​រត់គេចខ្លួន ហើយ​លោក​ក៏បាន​អះអាងថា កងកម្លាំង​យោធា​ដែល​នៅក្រោម​បញ្ជាការ​របស់លោក នៅតែរ​ស្សា​ស្មារតី​ប្រយុទ្ធ​តតាំង។

ក្រោយមក នៅក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter បង្ហាញថា លោក Saleh និង​ក្រុមមន្ត្រី អា​ហ្វ​ហ្គា​នី​ស្ថាន ឡើង​ឧទ្ធម្ភាគចក្រ​នៅឯ​ព្រលានយន្តហោះ Hamid Karzai ដើម្បី​ហោះ​ទៅកាន់​ជ្រលង​ភ្នំ Panjshir ដែលមាន​ចម្ងាយ​ប្រហែល 110 គីឡូម៉ែត្រ ទៅ​ទិស​ខាងជើង​នៃ​រដ្ឋធានី​កា​ប៊ុល។ រថយន្ត និង​ម៉ូតូ​ប្រមាណ 80 គ្រឿង ត្រូវបាន​ហែ​ជា​ក្បួន នៅ​ជ្រលង​ភ្នំ​កាលពី​ថ្ងៃទី 18 សីហា។

ក្នុងចំណោម​អ្នក​អមដំណើរ​ជាមួយ​លោក Saleh ក៏មាន Ahmad Massoud ដែលជា​កូនប្រុស​របស់ Ahmad Shah Massoud ជា​មេបញ្ជាការ​កំពូល​មួយរូប​របស់​សម្ព័ន្ធ​យោធា​ភាគ​ខាងជើង ដែល​ធ្លាប់​ប្រយុទ្ធ​ប្រឆាំងនឹង តា​លី​បង់ រហូត​ដល់ពេល សហរដ្ឋអាមេរិក បាន​ផ្ដួលរំលំ​កាលពី​ឆ្នាំ 2001។ អតីត​អនុ​ប្រធានាធិបតី Saleh និង​អតីតរដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួងការពារជាតិ Bismillah Khan Mohammadi ក៏​ធ្លាក់​ជា​សមាជិក​នៃ សម្ព័ន្ធ​យោធា​ភាគ​ខាងជើង ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *