Skip to content

តា​លី​បង់ ​ប្រកាស​ថា «គ្មាន​របប​លទ្ធិប្រជាធិបតេយ្យ» ឡើយ នៅ អា​ហ្វ​ហ្កា​នី​ស្ថាន!

ក្រុម តា​លី​បង់ បានប្រកាសថា លទ្ធិប្រជាធិបតេយ្យ​ពុំមាន​មូលដ្ឋានគ្រឹះ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នោះទេ ហើយ​ប្រទេស​នេះ អាច​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា តា​លី​បង់។

«នឹង​ពុំមាន​លទ្ធិប្រជាធិបតេយ្យ​ណាមួយ​នោះឡើយ ពីព្រោះថា វា​គ្មាន​មូលដ្ឋានគ្រឹះ​អ្វី​ទាំងអស់​នៅក្នុង​ប្រទេស​របស់​យើង។ យើង​នឹងមិន​ពិភាក្សា​អំពី​ប្រភេទ​របប​នយោបាយ​ដែល​នឹងត្រូវ​អនុវត្ត​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ដោយសារ​វា​ច្បាស់លាស់​អស់​ទៅហើយ។ នោះ​គឺជា​ច្បាប់​សាសនា​អ៊ីស្លាម សារី (Sharia)» អ្នកនាំពាក្យ តា​លី​បង់ លោក Waheedullah Hashimi និយាយ​កាលពី​ថ្ងៃទី 18 សីហា ដោយ​ចង់​បញ្ជាក់ថា តា​លី​បង់ នឹង​ប្រើប្រាស់​ច្បាប់​សាសនា​អ៊ីស្លាម។

យោងតាម​អ្នកនាំពាក្យ​រូបនេះ អា​ហ្វ​ហ្គា​នី​ស្ថាន អាច​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា តា​លី​បង់ និង​មេបញ្ជាការ​កំពូល Haibatullah Akhundzada ដែលមាន​តួនាទី​ដូច​ទៅនឹង​ប្រធានាធិបតី។

ជនភៀស​ខ្លួន​ អាហ្វហ្គានីស្ថាន នៅ​ព្រលាន​យន្ត​ហោះ​ Hamid Karzai

រចនាសម្ព័ន្ធ​នៃ​អំណាច​ដែល Hashimi បាន​ថ្លែង​នេះ មាន​ចំនុច​ប្រហាក់ប្រហែល​នឹង​វិធី​ដែល តា​លី​បង់ បាន​ប្រើប្រាស់​សម្រាប់​គ្រប់គ្រង អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុងអំឡុង​ពី​ឆ្នាំ 1996 ដល់​ឆ្នាំ 2001។ កាលណោះ មេបញ្ជាការ​កំពូល Mulllah Omar មិន​បង្ហាញ​វត្តមាន ដោយ​ទុកឱ្យ​ក្រុមប្រឹក្សា​មួយ​ជា​អ្នកដឹកនាំ​ប្រទេស។

ក្រុម​មេដឹកនាំ តា​លី​បង់ នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ពិភាក្សាគ្នា និង​កំណត់​យក​របប​ដឹកនាំ​ប្រទេស។ ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​មកនេះ ពិភពលោក​បាន​មើលឃើញថា សមាជិក ក៏ដូចជា​អ្នកនាំពាក្យ​ជាច្រើនរូប​របស់ តា​លី​បង់ កំពុងតែ​បន្ទន់ឥរិយាបថ​ខ្លាំង បើ​ធៀប​នឹង​កាលពី​ជាង 20 ឆ្នាំមុន។ យ៉ាងនេះ​ក្ដី ការលើកឡើង​របស់ Waheedullah Hashimi ហាក់​មិនបាន​ចូលរួម​បន្ធូរបន្ថយ​ការព្រួយបារម្ភ​របស់​ប្រជាជន ពិសេស​គឺ​ស្ត្រី ចំពោះ​របប តា​លី​បង់ នោះទេ។

ចាប់តាំងពី សហរដ្ឋអាមេរិក ចាប់ផ្ដើម​ដកទ័ព​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ខែឧសភា តា​លី​បង់ ក៏បាន​វាយ​លុក និង​សម្រុកចូល​កាន់កាប់​រដ្ឋ​ធានី​កា​ប៊ុល បានសម្រេច កាលពី​ថ្ងៃទី 15 សីហា ដោយ​ពុំមាន​ការវាយប្រហារ​ត​បត​ពី​កម្លាំង​រដ្ឋាភិបាល។ ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន រាប់ពាន់នាក់ បាន​រត់​ទៅកាន់​ព្រលានយន្តហោះ ដើម្បី​ស្វែងរក​វិធី​ចាក​ចេញពី​ប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *