មន្ត្រីមួយរូបរបស់រដ្ឋាភិបាលលោក Joe Biden បានទទួលស្គាល់ថា សហរដ្ឋអាមេរិក កំពុងបង្កកប្រាក់ជិត 9.5 ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារជាតិ អាហ្វហ្គានីស្ថាន។
ទន្ទឹមនឹងការបង្កកប្រាក់ខាងលើ មន្ត្រី អាមេរិក រូបនេះក៏បានឱ្យដឹងថា សហរដ្ឋអាមេរិក ក៏បានផ្អាកការផ្ទេរសាច់ប្រាក់សុទ្ធទៅឱ្យ អាហ្វហ្គានីស្ថាន ផងដែរ។ សកម្មភាពនេះ ត្រូវបានធ្វើឡើងក្នុងបំណងរារាំងរដ្ឋាភិបាលដែលដឹកនាំដោយក្រុម តាលីបង់ អាចគ្រប់គ្រងប្រភពនៃខ្ទង់ប្រាក់នេះបាន។
ប្រភពព័ត៌មានរបស់ Bloomberg អះអាងថា រាល់ទ្រព្យសម្បត្តិរបស់ធនាគារជាតិណាមួយដែលត្រូវបានរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ដាក់នៅឯ សហរដ្ឋអាមេរិក នឹងមិនត្រូវបានអនុញ្ញាតផ្ដល់ឱ្យ តាលីបង់ ព្រោះថា ក្រុមនេះនៅតែស្ថិតក្នុងបញ្ជីឈ្មោះនៃបណ្ដាក្រុមដែលត្រូវរងការដាក់ទណ្ឌកម្ម របស់ក្រសួងហិរញ្ញវត្ថុ សហរដ្ឋអាមេរិក។
ការដាក់ទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក ចំពោះ តាលីបង់ គឺមានន័យថា ក្រុមប្រដាប់អាវុធនេះ មិនអាចចូលទៅគ្រប់គ្រងខ្ទង់ថវិកាណាទាំងអស់។ ប្រភពព័ត៌មានបញ្ជាក់ថា ភាគច្រើននៃខ្ទង់ប្រាក់ជិត 9.5 ពាន់លានដុល្លាររបស់ធនាគារជាតិ អាហ្វហ្គានីស្ថាន បច្ចុប្បន្ន មិនត្រូវបានគ្រប់គ្រងនៅ អាហ្វហ្គានីស្ថាន នោះទេ។ មកដល់ពេលនេះ ក្រសួងហិរញ្ញវត្ថុ អាមេរិក មិនទាន់បានអធិប្បាយអ្វីអំពីព័ត៌មាននេះនៅឡើយ៕