Skip to content

តាលីបង់ សន្យា​ថា អនុញ្ញាត​ឱ្យ​ស្ត្រី​ អាហ្វហ្គានីស្ថាន​ ទៅ​រៀន និង​ទៅ​ធ្វើ​ការ​

អ្នក​នាំ​ពាក្យ​របស់​ក្រុម​ប្រដាប់​អាវុធ​ តាលីបង់ បាន​សន្យា​ថា ស្ត្រី​ អាហ្វហ្គានីស្ថាន​ នឹង​មិន​ត្រូវ​រង​ការ​រើស​អើង​ និង​មាន​ឱកាស​ទៅ​សិក្សា​រៀនសូត្រ​ ធ្វើ​ការ​ «នៅ​ក្នុង​ក្រប​ខណ្ឌ​»​ ច្បាប់​សាសនា​អ៊ីស្លាម។

«រដ្ឋអ៊ីស្លាម​ (Islamic Emirate of Afghanistan) គោរព​សិទ្ធិ​របស់​ស្ត្រី​​ ក្នុង​ក្របខណ្ឌ​ច្បាប់​សាសនា​អ៊ីស្លាម​ Sharia» អ្នក​នាំ​ពាក្យ​​របស់​ តាលីបង់​ លោក​ Zabihullah Mujahid ថ្លែង​ដូច្នេះ​ កាល​ពី​ថ្ងៃទី 17 សីហា​ ក្នុ​ងសន្និសីទ​សារ​ព័ត៌មាន​ដំបូង​របស់​ តាលីបង់​ ក្រោយ​ពី​ក្រុម​នេះ​ គ្រប់​គ្រង​រដ្ឋ​ធានី​កាប៊ុល​ នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​។

លោក​ Zabihullah Mujahid និយាយ​ថា ស្ត្រី​នៅ​ អាហ្វហ្គានីស្ថាន​ នឹង​ទទួល​បាន​សិទ្ធិ​ និង​ «សកម្មភាព​ក្នុង​វិស័យ​ និង​តំបន់​ផ្សេង​គ្នា​ ដោយ​យោង​ទៅ​តាម​វិន័យ​ និង​ការ​កំណត់» ក្នុង​នោះ​មាន​ទាំង​វិស័យ​អប់រំ​ សុខាភិបាល​ នគរបាល​ និង​​ប្រព័ន្ធ​យុត្តិធម៌។

សិស្សសាលាវិចិត្រសិល្បៈ​ក្នុង​ឈុត​ឈ្នួត​ Hijab នៅ​ អាហ្វហ្គានីស្ថាន

«ខ្ញុំ​ចង់​ធានា​ដល់​គ្រប់​គ្នា​ថា នឹង​ពុំមាន​ការ​រើស​អើង​ណា​មួយ​ចំពោះ​ស្ត្រី​ ប៉ុន្តែ ពិត​ណាស់​ ត្រូវ​តែ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​របស់​យើង​ខ្ញុំ» អ្នក​នាំ​ពាក្យ​របស់​ តាលីបង់​ បញ្ជាក់​បន្ថែម​ ប៉ុន្តែ មិន​បាន​និយាយ​លម្អិត​អំពី​ក្រប​ខណ្ឌ​​នេះនោះ​ទេ​​។

ឆ្លើយ​តប​នឹង​សំនួរ​អំពី​លទ្ធភាព​ដែល​ស្ត្រី​ អាហ្វហ្គានីស្ថាន​ អាច​បន្ត​ធ្វើការ​ក្នុង​​ផ្នែក​ផ្សព្វផ្សាយ​ លោក​ Mujahid និយាយ​ថា តាលីបង់ មិន​ទាន់​បង្កើត​រដ្ឋាភិបាល​ ហើយ​ប្រទេស​នេះ​ ត្រូវ​ការ​ពេល​វេលា​ដើម្បី​បង្កើត​ច្បាប់​។

មុន​នេះ​ អ្នក​នាំពាក្យ​មួយ​រូប​ផ្សេង​ទៀត​របស់​ តាលីបង់ គឺ​លោក​ Suhail Shaheen បាន​អះអាង​ថា ស្ត្រី​អាហ្វហ្កានីស្ថាន​ នៅ​តែ​អាច​ធ្វើ​ការ​ និង​រៀន​ដល់​កម្រិត​មហា​វិទ្យា​ល័យ​។ លោក​ថា តាលីបង់​ សន្យា​ថា គោរព​​សិទ្ធិ​ទទួល​បាន​ការ​អប់រំ ធ្វើ​ការ​ និង​សេរីភាព​បញ្ចេញ​មតិ​ របស់​ស្ត្រី​​ «ក្រោម​ពន្លឺ​នៃ​ច្បាប់​សាសនា​អ៊ីស្លាម»។

ស្ត្រី​ អាហ្វហ្គានីស្ថាន​ ក្នុង​ឈុត​ Burqa

លោក Suhail Shaheen បន្ថែម​ថា តាលីបង់​ នឹង​មិន​បង្ខំ​ឱ្យ​ស្ត្រី​អាហ្វហ្គានីស្ថាន​ ពាក់​ស្បៃ​ Burqa ដែល​ជា​ឈុត​សម្លៀក​បំពាក់​ គ្រប​ពី​ក្បាល​ដល់​ចុង​ជើង​ នោះ​ទេ​ ដោយ​គ្រាន់​តែ​ស្នើ​ឱ្យ​ពួក​គេប្រើ​ប្រាស់​ឈ្នួត​ hijab ប្រពៃណី​របស់​អ៊ីស្លាម​សាសនិក​ (មូស្លីម)។

គួររំលឹកថា មុនពេល​ត្រូវបាន សហរដ្ឋអាមេរិក ផ្ដួលរំលំ​កាលពី​ឆ្នាំ 2001 ក្រុម​តា​លី​បង់ មានឈ្មោះ​ល្បី​ខ្លាំង ខាង​ប្រើ​ច្បាប់​អ៊ីស្លាម​ដ៏​មហា​តឹងរ៉ឹង នៅក្នុង​អំឡុង 5 ឆ្នាំ​នៃ​ការកាន់កាប់​អំណាច ក្នុងនោះ​ក៏មាន​ការបង្ខំ​ឱ្យ​ស្ត្រី​ស្លៀកពាក់​ជិត​ពី​ក្បាល​ដល់​ចុងជើង ការហាម​ក្មេងស្រី​មិន​ឱ្យទៅ​សាលារៀន និង​ដាក់ពិន័យ​លើ​ស្ត្រី​ដែល​ចេញ​ដើរ​តាមផ្លូវ​ដោយ​មិនមាន​សាច់ញាតិ​ជាម​នុស្ស​ប្រុស​ទៅជា​មួយ៕

Leave a Reply

Your email address will not be published. Required fields are marked *