Skip to content

កងទ័ព អាមេរិក នឹង​ប្រើ​កម្លាំងបាយ​ខ្លាំងក្លា បើសិន តា​លី​បង់ វាយប្រហារ​ព្រលានយន្តហោះ​នៅ​កា​ប៊ុល

ឧត្ដមសេនីយ McKenzie បាន​ជួបចរចា​ជាមួយ​តំណាង​របស់​ក្រុម តា​លី​បង់ ដើម្បី​ស្នើ​ក្រុម​នេះ​ចៀសវាង​ការវាយប្រហារ​ទៅលើ​ព្រលានយន្តហោះ Hamid Karzai ជា​កន្លែង​ដែល អាមេរិក កំពុង​ប្រើប្រាស់​ដើម្បី​ជម្លៀស​ពលរដ្ឋ​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ក្នុង​ទ្រង់ទ្រាយ​ធំ។

ឧត្ដមសេនីយ Frank McKenzie មេបញ្ជាការ​កងទ័ព​ស​ហ​រដ្ឋ​អាមេរិក នៅក្នុង​កិច្ចពិភាក្សា​មួយ​នៅ Doha កាលពី​ថ្ងៃទី 15 សីហា បាន​ព្រមាន​ដល់​ក្រុម តា​លី​បង់ ថា កងទ័ព អាមេរិក នឹង​ឆ្លើយតប​យ៉ាង​ចាស់ដៃ ដើម្បី​ការពារ​ព្រលានយន្តហោះ​នៅ​កា​ប៊ុល បើសិនជា​ចាំបាច់។ នេះ​បើតាម​មន្ត្រី​ម្នាក់​របស់ សហរដ្ឋអាមេរិក។

អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ John Kerby និយាយថា ទាហាន​អាមេរិក ប្រមាណ 2,500 នាក់ កំពុង​ឈរជើង​នៅឯ​ព្រលានយន្តហោះ​ក្នុង​រដ្ឋធានី​កា​ប៊ុល ដើម្បី​ការពារ​សន្តិសុខសម្រាប់​ជម្លៀស​ពលរដ្ឋ​អាមេរិក អា​ហ្វ​ហ្គា​នី​ស្ថាន រួម​នឹង​ក្រុមមនុស្ស​ដែល​ចង់​ចាក​ចេញពី​ប្រទេស ក្រោយ តា​លី​បង់ ចូលមក​កាន់កាប់​កា​ប៊ុល។

ឧត្ដមសេនីយ Frank McKenzie

កិច្ចប្រជុំ​កាលពី​ថ្ងៃទី 15 សីហា ឧ​ត្ត​ម​សេនីយ McKenzie និង តា​លី​បង់ បាន​យល់ព្រម​បង្កើត «យន្តការ​ដោះស្រាយ​ជម្លោះ» ជា​កិច្ចព្រមព្រៀង​មួយ​ដែល តា​លី​បង់ នឹងមិន​ធ្វើ​អន្តរាគមន៍​លើ​ការជម្លៀស​ពលរដ្ឋ​នៅឯ​ព្រលានយន្តហោះ​ក្នុង​រដ្ឋធានី​​កា​ប៊ុល។

មន្ត្រី​ម្នាក់​របស់ សហរដ្ឋអាមេរិក និយាយថា បច្ចុប្បន្ន កងទ័ព​អាមេរិក បាន​ផ្អាក​រាល់​សកម្ម​ភាព​​វាយប្រហារ​តាមផ្លូវ​អាកាស សំដៅលើ​ក្រុម​តា​លី​បង់ ទៅតាម​កិច្ចព្រមព្រៀង​មុននេះ។

ក្រុម​តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល បាន​យ៉ាង​ងាយស្រួល កាលពី​ព្រលប់​ថ្ងៃទី 15 សីហា។ តា​លី​បង់ ដណ្ដើមបាន​ជោគជ័យ​លើ​កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ដកទ័ព​ភាគច្រើន​របស់​ពួកគេ ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។

នៅពេល តា​លី​បង់ ជិត​ចូលដល់​រដ្ឋធានី ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani ក៏បាន​រត់ចោល​ប្រទេស ដោយ​លើកឡើងថា «ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម» បណ្ដាលឱ្យ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច ត្រូវ​ដួលរលំ។ ក្រុម​តា​លី​បង់ បាន​ចូលដល់​វិមាន​ប្រធានាធិបតី ហើយ​ប្រកាសថា​នឹង​បង្កើត រដ្ឋ Islamic Emirate of Afghanistan (បកប្រែ​ក្រៅផ្លូវការ​ថា រដ្ឋ​អ៊ីស្លាម​រួបរួម​នៃ​អា​ហ្វ​ហ្គា​នី​ស្ថាន)៕

Leave a Reply

Your email address will not be published. Required fields are marked *