Skip to content

អា​ហ្វ​ហ្គា​នី​ស្ថាន៖ រូបភាព​ពី​​ផ្កាយ​រណប​ បង្ហាញ​អំពី​ចលាចល​នៅឯ​ព្រលានយន្តហោះ​ក្រុង​កា​ប៊ុល

រូបភាព​ពី​ផ្កាយរណប​បង្ហាញថា មនុស្ស​រាប់ពាន់នាក់​ស​ម្រុ​ក​ចូល​ព្រលានយន្តហោះ​នៅ​រដ្ឋធានី​កា​ប៊ុល និង​រត់តាម​ផ្លូវ​រត់​របស់​យន្តហោះ ដើម្បី​ស្វែងរក​វិធី​ភៀសខ្លួន​ទៅ​បរទេស នៅពេល ក្រុម តា​លី​បង់ បាន​ចូល​កាន់កាប់​រដ្ឋធានី។

ក្រុមហ៊ុន Maxar Technologies ថ្ងៃនេះ (17 សីហា) បាន​បញ្ចេញ​រូបថត​ស្ដីពី​រដ្ឋធានី​កា​ប៊ុល របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ថត​បាន​ពី​ផ្កាយរណប​កាលពី​ថ្ងៃទី 16 សីហា។ ក្នុង​រូបថត​ទាំងនេះ គេ​ឃើញ​មនុស្ស​រាប់ពាន់នាក់ នាំគ្នា​សម្រុក​ចូលទៅ​ខាងក្នុង​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ដើម្បី​រក​វិធី​ចាក​ចេញពី​ប្រទេស​កំណើត ស្រប​ពេលដែល​រដ្ឋាភិបាល​បាន​ដួលរលំ ហើយ​ក្រុម តា​លី​បង់ បាន​ចូលមក​គ្រប់គ្រង​រដ្ឋធានី។

នៅក្នុង​រូបថត​ខាងលើ​ ផ្លូវ​ប្រសព្វ​គ្នា​ដែល​នាំទៅ​កាន់​ព្រលានយន្តហោះ កំពុង​ស្ទះចរាចរណ៍​យ៉ាង​ណែន ខណៈ​មនុស្ស​រាប់ពាន់នាក់​ដែល​ស្ថិតក្នុង​ភាពចលាចល កំពុង​បើកបរ​រថយន្ត​មកកាន់​ទីនេះ។ រថយន្ត​ភាគច្រើន ត្រូវបាន​គេ​ទុកចោល​កណ្ដាលផ្លូវ ដោយសារ​ស្ទះចរាចរណ៍ ហើយ​មនុស្សម្នា​ក៏​នាំគ្នា​ដើរ​យ៉ាង​ប្រញាប់ ឆ្ពោះទៅកាន់​អាកាសយានដ្ឋាន។

នៅក្នុង​ព្រលានយន្តហោះ មនុស្ស​ជាច្រើន ប្រមូលផ្ដុំ​គ្នា​នៅ​ជុំវិញ​យន្តហោះ ក៏ដូចជា​រត់​ទៅកាន់​ផ្លូវ​ចុះចត​របស់​យន្តហោះ ដើម្បី​ស្វែងរក​វិធី​ឡើង​យន្តហោះ​ទាំងឡាយណា​ដែល​អាច​នាំ​ពួកគេ​ភៀសខ្លួន​ទៅ​ក្រៅប្រទេស។

ហ្វូងមនុស្ស​ដែល​ចេះតែច្រើនឡើងៗ ធ្វើឱ្យ​ព្រលានយន្តហោះ Hamid Karzai ប្រែជា​ច្របូកច្របល់​អស់​រយៈពេល​ពី​ថ្ងៃ​កន្លងទៅនេះ។ ព្រលានយន្តហោះ Hamid Karzai បច្ចុប្បន្ន ជា​កន្លែង​ចុងក្រោយ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​នៅ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ សហរដ្ឋអាមេរិក។

មន្ត្រី អាមេរិក ម្នាក់ បានឱ្យដឹងថា ទាហាន អាមេរិក ដែល​ត្រូវបាន​បញ្ជូនទៅ​ការពារ​ព្រលានយន្តហោះ​ខាងលើ បាន​បាញ់ប្រហារ​បុរស​ពីរ​នាក់​ដែលមាន​អាវុធ​ក្នុង​ដៃ កំពុង​រក​វិធី​ចូល​ទៅជិត​ពួកគេ។ សហរដ្ឋអាមេរិក បាន​បញ្ជូនទាហាន​ប្រមាណ 6,000 នាក់ ទៅកាន់​ព្រលានយន្តហោះ Hamid Karzai ដើម្បី​ការពារ​សន្តិសុខ គ្រប់គ្រង​ដែនអាកាស ជួយ​ជម្លៀស​ពលរដ្ឋ​អាមេរិក និង​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន។

ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន ជាច្រើន​នាក់​ដែល​បាន​តោង​ពីក្រោម​យន្តហោះ បាន​បាត់​បង់ជីវិត នៅពេល​ធ្លាក់​មកលើ​ដី ហើយ​ត្រូវ​យន្តហោះ​កិន ពីលើ និង​អ្នក​ខ្លះទៀត​ក៏​ធ្លាក់​ពីលើ​យន្តហោះ នៅពេល​យន្តហោះ​ចាប់ផ្ដើម​ហោះ​ឡើង​ខ្ពស់។

ក្រុម​តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល បាន​យ៉ាង​ងាយស្រួល កាលពី​ព្រលប់​ថ្ងៃទី 15 សីហា។ តា​លី​បង់ ដណ្ដើមបាន​ជោគជ័យ​លើ​កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ដកទ័ព​ភាគច្រើន​របស់​ពួកគេ ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។

នៅពេល តា​លី​បង់ ជិត​ចូលដល់​រដ្ឋធានី ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani ក៏បាន​រត់ចោល​ប្រទេស ដោយ​លើកឡើងថា «ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម» បណ្ដាលឱ្យ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច ត្រូវ​ដួលរលំ។ ក្រុម​តា​លី​បង់ បាន​ចូលដល់​វិមាន​ប្រធានាធិបតី ហើយ​ប្រកាសថា​នឹង​បង្កើត រដ្ឋ Islamic Emirate of Afghanistan (បកប្រែ​ក្រៅផ្លូវការ​ថា រដ្ឋ​អ៊ីស្លាម​រួបរួម​នៃ​អា​ហ្វ​ហ្គា​នី​ស្ថាន)៕

Leave a Reply

Your email address will not be published. Required fields are marked *