Skip to content

រុស្ស៊ីថា កា​ប៊ុល សុវត្ថិភាព​ជាង​មុន ក្រោម​ការគ្រប់គ្រង​រប​ស់ តា​លី​បង់

ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​សរសើរ​ដល់ តា​លី​បង់ ដែល​កន្លងមក​ក្រុម​នេះ​ធ្លាប់​ត្រូវបាន រុស្ស៊ី ចាត់ទុកថា​ជា​ភេរ​វករ ដោយសារតែ តា​លី​បង់ គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល បានល្អ និង​សុខ​សុវត្ថិភាព​ជាង បើ​ធៀប​នឹង​ការគ្រប់គ្រង​របស់​រដ្ឋា​ភិ​បាល​ចាស់។

នៅលើ​រលក​វិទ្យុ Ekho Moskvy របស់ រុស្ស៊ី កាលពី​ថ្ងៃទី 16 សីហា ឯកអគ្គរដ្ឋទូត​រប​ស់ រុស្ស៊ី ប្រចាំ អា​ហ្វ​ហ្គា​នី​ស្ថាន លោក Dmitry Zhirnov និយាយថា ពេញចិត្ត​នឹង​របៀប​ប្រព្រឹត្ត​របស់ តា​លី​បង់ ដោយ​អធិប្បាយ​អំពី​វី​ធី​គ្រប់គ្រង កា​ប៊ុល របស់​កងកម្លាំង​នេះ​ថា «ល្អ សកម្ម និង​បែងចែក​ច្បាស់លាស់»។

លោក Zhirnov ឱ្យដឹងថា៖ «ស្ថានការណ៍​សុខសាន្ត ហើយ​គ្រប់យ៉ាង​បាន​ស្ងប់ស្ងាត់។ កា​ប៊ុល ក្រោម​ការគ្រប់គ្រង​រប​ស់ តា​លី​បង់ ល្អប្រសើរ​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Ashraf Ghani»។

ឯកអគ្គរដ្ឋទូត រុស្ស៊ី រូបនេះ បន្ថែមថា ដំបូង​ឡើយ អង្គភាព​មួយចំនួន​ដែល​មិន​បំពាក់អាវុធ របស់ តា​លី​បង់ បាន​ចូលមក​រដ្ឋធានី ហើយ​ស្នើឱ្យ​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន និង​កងទ័ព​អាមេរិក ចុះចាញ់។ កងកម្លាំងប្រដាប់អាវុធ​សំខាន់​របស់ តា​លី​បង់ បាន​សម្រុកចូល​តាម​ក្រោយ នៅពេល Ghani បាន​រត់ចោល​ប្រទេស។ បន្ទាប់មក តា​លី​បង់ ក៏បាន​ដាក់​បម្រាម​គោចរ។

យោងតាម Zhirnov ក្រុម តា​លី​បង់ បាន​សន្យា​ការពារ​អ្នកការទូត​រុស្ស៊ី។ លោក​ក៏​និយាយថា ក្រុម​ទាហាន​របស់ តា​លី​បង់ បច្ចុប្បន្ន ពុំទាន់​មាន​សកម្មភាព​អាក្រក់​ណា​មួយ​ដែល​ប្រទេស​លោកខាងលិច​កំពុង​ព្រួយបារម្ភ​នៅឡើយ។ សាលារៀន​នៅ កា​ប៊ុល ក្នុងនោះ​មាន​ទាំង​សាលា​សម្រាប់​សិស្សស្រី ក៏បាន​ដំណើរការ​ឡើងវិញ។

ក្រុមទាហាន តាលីបង់ នៅ កាប៊ុល

ប្រេសិត​ពិសេស​សម្រាប់​កិច្ចការ​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បានឱ្យដឹងថា យុទ្ធនាការ​យូរថ្ងៃ​របស់​ទីក្រុង​មូ​ស្គូ ក្នុង​បំណង​កសាង​ទំនាក់​ទំនងជា​មួយក្រុម តា​លី​បង់ ទំនងជា​បាន​ជោគជ័យ​ទៅហើយ។

ក្រុម​តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល បាន​យ៉ាង​ងាយស្រួល កាលពី​ព្រលប់​ថ្ងៃទី 15 សីហា។ តា​លី​បង់ ដណ្ដើមបាន​ជោគជ័យ​លើ​កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ដកទ័ព​ភាគច្រើន​របស់​ពួកគេ ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។

នៅពេល តា​លី​បង់ ជិត​ចូលដល់​រដ្ឋធានី ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani ក៏បាន​រត់ចោល​ប្រទេស ដោយ​លើកឡើងថា «ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម» បណ្ដាលឱ្យ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច ត្រូវ​ដួលរលំ។ ក្រុម​តា​លី​បង់ បាន​ចូលដល់​វិមាន​ប្រធានាធិបតី ហើយ​ប្រកាសថា​នឹង​បង្កើត រដ្ឋ Islamic Emirate of Afghanistan (បកប្រែ​ក្រៅផ្លូវការ​ថា រដ្ឋ​អ៊ីស្លាម​រួបរួម​នៃ​អា​ហ្វ​ហ្គា​នី​ស្ថាន)៕

Leave a Reply

Your email address will not be published. Required fields are marked *