Skip to content

យន្តហោះ​ចម្បាំង អា​ហ្វ​ហ្គា​នី​ស្ថាន «ហោះ​ចោលស្រុក» តែ​ទៅបុក​នឹង​យន្តហោះ​ចម្បាំង អ៊ូ​ស​បេ​គី​ស្ថាន

យន្តហោះ​ចម្បាំង Super Tucano របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ប៉ះទង្គិច​គ្នា​នឹង​យន្ត​យន្តហោះ​ចម្បាំង MiG-29 របស់ អ៊ូ​ស​បេ​គី​ស្ថាន នៅពេល​ត្រូវបាន​អមដំណើរ​ហោះ​ទៅ​ចុះចត​នៅ​មូលដ្ឋាន Termez ក្បែរ​ព្រំដែន ប៉ុន្តែ អ្នកបើកបរ​បាន​រួច​ពី​ការស្លាប់។

យន្តហោះ​ចម្បាំង​ធុន​ស្រាល A-29 Super Tucano របស់​កងទ័ពអាកាស អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ហោះចូល​ដែនអាកាស​របស់​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន និង​សុំ​ការអនុញ្ញាត​ចុះចត​លើ​ព្រលានយន្តហោះ Khanabad នៅ​ភាគខាងត្បូង​ប្រទេស​នេះ កាលពី​ថ្ងៃទី 15 សីហា។ អ្នកបើកបរ​យន្តហោះ A-29 Super Tucano ត្រូវបាន​ស្នើឱ្យ​ឆ្ពោះទៅកាន់​មូលដ្ឋាន Termez និង​ត្រូវបាន​អមដំណើរ​ដោយ​យន្តហោះ​ចម្បាំង MiG-29 ពីរ​គ្រឿង របស់ អ៊ូ​ស​បេ​គី​ស្ថាន។

«ក៏ប៉ុន្តែ នៅក្នុងពេល​តាមដាន យន្តហោះ A-29 Super Tucano ក៏បាន​ប៉ះទង្គិច​នឹង​យន្តហោះ MiG-29។ យន្តហោះ​ចម្បាំង​ទាំងពីរ​គ្រឿង​នេះ​ក៏បាន​ធ្លាក់​ទៅលើ​ខណ្ឌ Sherabad ក្នុង​ខេត្ត Surkhandarya។ អ្នកបើកបរ​របស់​យ​ន្ត​ហោះ​ទាំងពីរ​នេះ បាន​ចុច​ដំណើរការ​កៅអី​សង្គ្រោះបន្ទាន់ និង​បាន​រួចផុត​ការ​ការស្លាប់» ការិយាល័យ​ប្រធានាធិបតី អ៊ូ​ស​បេ​គី​ស្ថាន បានប្រកាស​ដូច្នេះ​កាលពី​ម្សិលមិញ។

ការប្រកាស​ថ្មី​ខាងលើនេះ​គឺ​ផ្ទុយ​ពី​ការប្រកាស​មុន​នោះ​របស់​ក្រសួងការពារជាតិ អ៊ូ​ស​បេ​គី​ស្ថាន ដែល​ស្ថាប័ន​នេះ​បានប្រកាសថា កងទ័ព​ការពារ​ដែនអាកាស​បាន​បាញ់​ទម្លាក់​យន្តហោះ​យោធា អា​ហ្វ​ហ្គា​នី​ស្ថាន នៅពេល​វា​បាន​រំលោភ​ដែនអាកាស​របស់ អ៊ូ​ស​បេ​គី​ស្ថាន។

តាលីបង់​ បានចូល​មក​គ្រប់​គ្រង​​កាប៊ុល​វិញ ក្រោយ​ 20 ឆ្នាំ​ ដែល​ត្រូវ​ អាមេរិក​ កម្ចាត់​ បន្ទាប់​ពី​មាន​អំពី​ភេរវកម្ម​ «11 កញ្ញា 2001 នៅ​អាមេរិក»

ក្រុមមន្ត្រី​បានឱ្យដឹងថា ទាហាន​ជាង 700 នាក់ និង​យន្តហោះ​ច្រើន​ប្រភេទ ចំនួន 46 គ្រឿង របស់ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ចូលទៅ​កាន់ អ៊ូ​ស​បេ​គី​ស្ថាន​ក្នុង​ថ្ងៃទី 15 សីហា។ យន្តហោះ​ទាំងនេះ ត្រូវបាន​ស្នើឱ្យ​ចុះចត​ក្នុង​មូលដ្ឋាន Termez។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា យន្តហោះ និង​ទាហាន អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងនេះ ស្ថិត​នៅទីណា​នៅឡើយ។

ក្រុម​តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល បាន​យ៉ាង​ងាយស្រួល កាលពី​ព្រលប់​ថ្ងៃទី 15 សីហា។ តា​លី​បង់ ដណ្ដើមបាន​ជោគជ័យ​លើ​កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ដកទ័ព​ភាគច្រើន​របស់​ពួកគេ ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។

នៅពេល តា​លី​បង់ ជិត​ចូលដល់​រដ្ឋធានី ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani ក៏បាន​រត់ចោល​ប្រទេស ដោយ​លើកឡើងថា «ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម» បណ្ដាលឱ្យ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច ត្រូវ​ដួលរលំ។ ក្រុម​តា​លី​បង់ បាន​ចូលដល់​វិមាន​ប្រធានាធិបតី ហើយ​ប្រកាសថា​នឹង​បង្កើត រដ្ឋ Islamic Emirate of Afghanistan (បកប្រែ​ក្រៅផ្លូវការ​ថា រដ្ឋ​អ៊ីស្លាម​រួបរួម​នៃ​អា​ហ្វ​ហ្គា​នី​ស្ថាន)៕

Leave a Reply

Your email address will not be published. Required fields are marked *