ប្រទេសចិន បានប្រកាសថា បានត្រៀមខ្លួនរួចហើយ ដើម្បីលើកកម្ពស់ «ទំនាក់ទំនងទ្វេភាគី» ជាមួយឧទ្ទាម តាលីបង់ ចំណែកឯ រុស្សី វិញ ក៏បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ខ្លួន នឹងជួបប្រជុំជាមួយក្រុមនេះ ក្រោយពីពួកគេដណ្ដើមបានអំណាចពីរដ្ឋាភិបាលដែលគាំទ្រដោយបណ្ដាប្រទេសលោកខាងលិច។
អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying បានប្រាប់ក្រុមអ្នកយកព័ត៌មាននាថ្ងៃនេះថា៖ «ប្រទេសចិន គោរពសិទ្ធិរបស់ប្រជាជន អាហ្វហ្គានីស្ថាន នៅក្នុងការសម្រេចចិត្តលើជោគវាសនារបស់ខ្លួន ហើយក៏បានត្រៀមខ្លួនជាស្រេចសម្រាប់លើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយ អាហ្វហ្គានីស្ថាន»។
ចំណែកឯ Zamir Kabulov ដែលជាមន្ត្រីការទូតនៃប្រទេសរុស្ស៊ី ឯណោះវិញ ក៏បានប្រាប់វិទ្យុ Ekho Moskvy ថា៖ «ឯកអគ្គរដ្ឋទូតរបស់យើង កំពុងតែទាក់ទងទៅកាន់មេដឹកនាំ តាលីបង់។ ស្អែកនេះ ឯកអគ្គរដ្ឋទូត នឹងជួបពិភាក្សាជាមួយមន្ត្រីសម្របសម្រួលដែលទទួលបន្ទុកផ្នែកសន្តិសុខរបស់ តាលីបង់»។
មន្ត្រីការទូតរុស្ស៊ីរូបនេះ បានបញ្ជាក់ថា ទីក្រុងមូស្គូ នឹងធ្វើការសម្រេចចិត្តក្នុងការទទួលស្គាល់រដ្ឋាភិបាលថ្មីនៅ អាហ្វហ្កានីស្ថាន ដោយយោងទៅតាមឥរិយាបថជាក់ស្ដែងរបស់ពួកគេ។
ក្រោយការដណ្ដើមបានអំណាចគ្រប់គ្រងរដ្ឋធានីកាប៊ុល ក្រុមតាលីបង់ បានប្រកាសថា សង្គ្រាមនៅ អាហ្វហ្គានីស្ថាន បានបញ្ចប់ ហើយបានអំពាវនាវរកសន្តិភាពជាមួយនឹងសហគមន៍អន្តរជាតិ។ តាលីបង់ បានបញ្ជាក់ថា រដ្ឋាភិបាលថ្មី អាចរួមមានទាំងក្រុមមនុស្សដែលមិនស្ថិតក្នុងជួរកងកម្លាំងតាលីបង់ និងក្រុមមនុស្សដែលស្ថិតក្នុងរដ្ឋាភិបាលចាស់ផងដែរ៕