Skip to content

អា​ហ្វ​ហ្គា​នី​ស្ថាន៖ ស្បៃ Burqa បាន​ត្រលប់​មកវិញ ខណៈ​សិទ្ធិ​ស្ត្រី​អាច​នឹង​​ត្រូវ​បាត់បង់​ទាំង​ស្រុង ពេល តា​លី​បង់ ចូលមក​គ្រប់គ្រង​ប្រទេស

នៅក្នុង​តំបន់​ផ្សារ​មួយ​នៃ​រដ្ឋធានី​កា​ប៊ុល ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន ថៅកែ​ហាង​លក់ Burqa ដែលជា​ស្បៃ​បិទមុខ​ប្រពៃណី​សម្រាប់​ស្ត្រី​មូស្លីម (អ៊ីស្លាម​សាសនិក) ដឹង​ច្បាស់​ថា ខ្លួន​ជិត​មានឱកាស​រកប្រាក់​បាន​ច្រើនជាង​មុន នៅពេល​ក្រុម តា​លី​បង់ ចូលមក​កាន់អំណាច​វិញ ប៉ុន្តែ ទន្ទឹមនឹងនេះ ស្ត្រី​គ្រប់រូប ពិសេស​គឺ​នារី​វ័យក្មេង​នឹង​អាច​ត្រូវ​បាត់បង់​សិទ្ធិ​ស្ទើរ​គ្រប់យ៉ាង​របស់ខ្លួន។

ថៅកែ​ហាង​លក់​ស្បៃ Burqa មួយកន្លែង ឈ្មោះ Aref ឱ្យដឹងថា នៅពេល តា​លី​បង់ ដែល​កងកម្លាំង​ប្រកាន់​តឹង​ផ្នែក​សាសនា​អ៊ីស្លាម​ជាមួយនឹង​ស្ត្រីភេទ បាន​សម្រុក​ចូលមក​ក្បែរ​រដ្ឋធានី​កា​ប៊ុល ក៏​ជា​ពេលដែល​លោក​បានទទួល​ថ្ងៃ​ថ្មី ថ្ងៃ​ដែល​ការជួញដូរ​ស្បៃ​បិទមុខ Burqa របស់លោក ចាប់ផ្ដើម​មាន​អតិថិជនច្រើនឡើង។

នៅ​មុនពេល​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​គាំទ្រ​ដោយ​បណ្ដា​ប្រទេស​លោកខាងលិច មិនទាន់​ដួលរលំ អតិថិជន​របស់ Aref ភាគច្រើន​គឺជា​ស្ត្រី​មកពី​បណ្ដា​ខេត្ត ដោយសារតែ​នៅ​រដ្ឋធានី​កា​ប៊ុល បានប្រែក្លាយ​ជាទី​ដែល​ស្ត្រី​មាន​សិទ្ធិ​ស្ទើរតែ​ពេញលេញ បើ​ធៀប​នឹង​ពេល​រដ្ឋាភិបាល តា​លី​បង់ មិនទាន់​ត្រូវបាន​ផ្ដួលរំលំ​ដោយ សហរដ្ឋអាមេរិក កាលពី​ឆ្នាំ 2001។

អតិថិជន​ម្នាក់​របស់ Aref និយាយថា នៅពេលដែល​ការព្រួយបារម្ភ​របស់​ស្ត្រី​កើនឡើង ក៏​ជា​ពេលដែល​ហាង​នានា​ដំឡើងថ្លៃ​ស្បៃ Burqa។ កន្លងមក ស្បៃ Burqa មួយឈុត មានតម្លៃ​ប្រហែល 200 AFN (2.77 ដុល្លារ​អាមេរិក) ប៉ុន្តែ ពេលនេះ វា​មានតម្លៃ​ខ្ពស់ជាង 10 ដង​ឯណោះ។

Burqa គឺជា​ស្បៃ​បាំង​មុខ​ដែល​មិនអាច​ខ្វះ​បាន សម្រាប់​ស្ត្រី​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន នៅក្នុង​ពេលដែល​ក្រុម​តា​លី​បង់ កំពុង​គ្រប់គ្រង​ប្រទេស​អំឡុង​ទសវត្សរ៍ 1990។ កាលណោះ ស្ត្រី​ដែល​មិន​ពាក់​ស្បៃ Burqa នឹងត្រូវ​បាន​ពិន័យ​ជា​ប្រាក់​យ៉ាងច្រើន ព្រមទាំង​ត្រូវ «ប៉ូលិស​សិ​ល​ធម៌» វាយ​នឹង​រំពាត់​ទៀតផង។

ក្រោយ តា​លី​បង់ ដួលរលំ ចាប់ពី​ឆ្នាំ 2001 ស្ត្រី​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន រាប់លាន​នាក់ ដើរ​តាម​ចលនា​រំដោះ​ស្ត្រី ដោយមាន​សិទ្ធិ​សម្រេច​ថា ខ្លួន​គួរ​ស្លៀកពាក់​បែបណា និង​ដោះ​ស្បៃ​មុខ​ចេញ ដើម្បី​ទទួលយក​សេរីភាព បើទោះជា​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ភាគច្រើន នៅតែ​ប្រើប្រាស់​ស្បៃ Burqa ជា​សម្លៀកបំពាក់​ប្រពៃណី។

តាំងពី​ពេលនោះ​មក ទីក្រុង​កា​ប៊ុល ប្រែជា​មាន​ពណ៌​ចម្រុះ ដោយសារតែ​ស្ត្រី​មាន​សិទ្ធិសេរីភាព​ក្នុងការ​ជ្រើសរើស​របៀប​នៃ​ការ​ស្លៀកពាក់​បែប​សម័យ និង​ប្រពៃណី​ចម្រុះ​គ្នា។

ពេលនេះ ក្នុង​គ្រា​ដែល តា​លី​បង់ ត្រលប់​មកកាន់ កា​ប៊ុល វិញ ស្ត្រី​ជាច្រើន​ដែល​បាន​ទម្លាប់​នឹង​និន្នាការ​សេរីនិយម ក៏​ចាប់ផ្ដើម​ស្រមៃ​ដល់​រូបភាព​ស្បៃ Burqa ដែល​ត្រូវ​ចូល​ម​មក​គ្របដណ្ដប់​ក្បាល និង​មុខមាត់​ពួកគេ​ស្ទើរ​ពេញ 24 ម៉ោង​ក្នុង​មួយថ្ងៃ។ បច្ចុប្បន្ន ក្នុង​គ្រួសារ​នានា អ្នកខ្លះ​ចាប់ផ្ដើម​បើក​ទូ​សម្លៀកបំពាក់ យក​ស្បៃ Burqa មកប្រើប្រាស់ អ្នកខ្លះ​ទៀត​ក៏​នាំ​ប្រពន្ធ​កូន​ទៅ​ទិញ​ស្បៃ​នេះ ដើម្បី​ប្ដូរផ្លាស់​របៀបរបប​នៃ​ការ​ស្លៀកពាក់ បំណង​កុំឱ្យ​មានការ​ចាប់អារម្មណ៍​ពេលចេញ​ក្រៅ​ផ្ទះ។

ជាក់ស្ដែង បន្ទាប់ពី​ដណ្ដើមបាន​អំណាច​ក្នុងការ​គ្រប់គ្រង​ទីក្រុង Herat ក្រុម តា​លី​បង់ បានប្រកាស​នៅលើ​បណ្ដាញ​សង្គម​អំពី​ការបង្គាប់​ឱ្យ​ស្ត្រី​ក្នុង​ក្រុង ត្រូវ​គ្រប​ស្បៃ Burqa នៅ​ទីសាធារណៈ។ រដ្ឋធានី កា​ប៊ុល ជា​កន្លែង​ដែលមាន​ពលរដ្ឋ​វ័យ​ក្រោម 30 ឆ្នាំ ចំនួន 2/3 មិន​ធ្លាប់​ឆ្លងកាត់​របប​តា​លី​បង់។ Habiba វ័យ 26 ឆ្នាំ គឺជា​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ 2/3 នេះ។ នាង​នៅតែ​មិន​ព្រមស្ដាប់​តាម​ឪពុកម្ដាយ ដែល​បាន​ស្នើឱ្យ​ពាក់​ស្បៃ Burqa។ បើទោះជា​ដឹងថា នេះ​គឺជា​អ្វីដែល​ពុក​ម្ដាយ​ចង់​ការពារ​កូន ប៉ុន្តែ Habiba អះអាងថា មិនមាន​បំណង​ទិញ​ស្បៃ​នេះ​មកប្រើប្រាស់​នោះទេ។ Habiba យល់ថា ការពាក់​ស្បៃ​នេះ មានន័យថា នាង​ទទួលស្គាល់ថា បរាជ័យ​នៅ​ចំពោះមុខ តា​លី​បង់ ដោយ​អនុញ្ញាតឱ្យ​ពួកគេ​គ្រប់គ្រង​ជីវិត​របស់​នាង និង​ធ្វើឱ្យ​នាង​ត្រូវ​បាត់បង់​សមិទ្ធផល​គ្រប់យ៉ាង​ដែល​នាង​ខំតស៊ូ​ដើម្បី​សិទ្ធិ​ស្ត្រី​ក្នុង​រយៈពេល​កន្លង។

នារី​វ័យក្មេង​ជាច្រើន​នៅ កា​ប៊ុល ក៏​កំពុងតែជួបប្រទះ​នឹង​អារម្មណ៍​ច្របូកច្របល់ រវាង​ស្មារតី​តស៊ូ​ដើម្បី​សិទ្ធិ​ស្ត្រី និង​ភាព​អស់សង្ឃឹម នៅពេល​ឧទ្ទាម​តា​លី​បង់ បាន​ចូលមក​កាន់កាប់​រដ្ឋធានី​កា​ប៊ូល បានសម្រេច។ Amul ដែលជា​នារី​ម៉ូ​ដែល និង​ជា​អ្នក​រចនា​ម៉ូដ​សម្លៀកបំពាក់​មួយរូប បាន​ចំណាយ​ពេលវេលា និង​កម្លាំងកាយ ចិត្ត​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ដើម្បី​អាជីវកម្ម​របស់ខ្លួន ក៏​បានដឹង​ច្បាស់​ថា ពេលនេះ​គ្រប់យ៉ាង​ដែល​នាង​មាន នឹងត្រូវ​បាត់បង់​ទាំងស្រុង​ជាក់​ជាមិនខាន​ឡើយ។

មិន​ត្រឹមតែ​ការវិល​ត្រលប់​មកវិញ​នៃ​ស្បៃ Burqa នោះទេ ប៉ុន្តែ​ក្រុម​នារី​វ័យក្មេង​នៅ កា​ប៊ុល ក៏​ព្រួយបារម្ភ​ចំពោះ​អនាគត​របស់​ពួកគេ​ផងដែរ។ និស្សិត​ជាច្រើនរូប ភ័យព្រួយ​ចំពោះ​ការសិក្សា​របស់​ពួកគេ​ដែល​អាច​ត្រូវបាន​បោះបង់ចោល។ នារី​ម្នាក់​ដែល​បានបញ្ចប់​បរិញ្ញាបត្រ​ពី​សាកល​វិទ្យា​ដែល​ល្អ​បំផុត​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន និយាយថា នាង​បាន​បោះបង់​ការសិក្សា​ស្ទើរ​គ្រប់យ៉ាង ដោយ​យល់ថា ឱកាស​របស់​ស្ត្រី ទំនងជា​ត្រូវ​រលាយ​ទាំងស្រុង។ នាង​បារម្ភ​ខ្លាំងណាស់​នៅពេល តា​លី​បង់ ត្រលប់​មកវិញ។ ស្ត្រី​នឹងត្រូវ​រស់នៅ​ដូច​មនុស្ស​លាក់ខ្លួន ហើយ​នាង​ក៏ត្រូវ​ដុត​លិខិតស្នាម​ដែល​បញ្ជាក់​អត្តសញ្ញាណ និង​សញ្ញាបត្រ។ ជាង​នេះ នារី​ទាំងឡាយ​ក៏​មិនមាន​សិទ្ធិ​ស្ដាប់​ចម្រៀង​ដែល​ខ្លួន​ចូលចិត្ត ការ​សើច​ឮ​សំឡេង​ខ្លាំង ការជួបជុំ​មិត្តភក្ដិ​នៅ​ហាង​កាហ្វេ ការ​ស្លៀកពាក់​ខោអាវ​ដែល​ខ្លួន​ចូលចិត្ត ខណៈ​ការតុបតែង​ខ្លួន ការ​ផាត់មុខ ធ្វើ​សក់ ក៏​រឹតតែ​ជា​រឿង​ហួសនិស្ស័យ​ដែល​អាច​ធ្វើបាន​ទៅទៀត។ យ៉ាងនេះ​ក្ដី នារី​រូបនេះ រួម​នឹង​ស្ត្រី​ជាច្រើន​ផ្សេងទៀត នៅតែ​សង្ឃឹមថា គ្រប់យ៉ាង​នឹងមិន​វិល​ត្រលប់​ទៅកាន់​សម័យកាល​ជាង 20 ឆ្នាំមុន​នោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *