Skip to content

អា​ហ្វ​ហ្គា​នី​ស្ថាន៖ អាមេរិក បញ្ជូនទាហាន​រាប់ពាន់នាក់​បន្ថែមទៀត ដើម្បី​គ្រប់គ្រង​ដែនអាកាស កា​ប៊ុល

មន្ទីរ​បញ្ច​កោណ បញ្ជូនទាហាន​ចំនួន 1,000 នាក់​បន្ថែមទៀត ទៅកាន់ អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​ជួយ​ដល់​ការជម្លៀស​ពលរដ្ឋ​អាមេរិក និង​ដើម្បី​គ្រប់គ្រង​ដែនអាកាស​នៅ​រដ្ឋធានី ដូច្នេះ​ចំនួន​ទា​ហា​អាមេរិក ដែល​នៅ​ឈរជើង​ក្នុង​ទីក្រុង​កា​ប៊ុល កើនឡើង​ដល់​ជិត 6,000 នាក់។

«ក្នុងអំឡុង 48 ម៉ោង​ទៀត កងកម្លាំង​អាមេរិក នឹង​កើន​ឡើងដល់​ជិត 6,000 នាក់ និង​បន្ត​គ្រប់គ្រង​សិទ្ធិ​ចាត់ចែង​ផ្លូវអាកាស ក្នុង​បេសកកម្ម​ជម្លៀស​ពលរដ្ឋ​អាមេរិក និង​ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន។ យើង​កំពុង​ធានា​សន្តិសុខ​នៅ​ព្រលានយន្តហោះ ដើម្បី​នាំ​កម្លាំង​របស់ សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត ចាក​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន តាមរយៈ​ជើងយន្តហោះ​ស៊ីវិល និង​យោធា» មន្ទីរ​បញ្ច​កោណ និង​ក្រសួងការបរទេស​អាមេរិក បានឱ្យដឹង​ដូច្នេះ នៅក្នុង​សេចក្ដីប្រកាស​រួម​នា​ថ្ងៃនេះ។

ក្រុមមន្ត្រី​អាមេរិក ឱ្យដឹងថា នឹង​ដឹក​មនុស្ស​រាប់ពាន់នាក់​ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន ក៏ដូចជា​ព​ន្លឿ​ន​ដំណើរការ​ជម្លៀស​ពលរ​ដ្ឋ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ធ្លាប់​បានធ្វើ​ការឱ្យ សហរដ្ឋអាមេរិក ដោយ​ការផ្ដល់​ទិដ្ឋាការ​ពិសេស។

នៅ​ព្រលានយន្តហោះ Hamid Karzai ភាពច្របូកច្របល់​កំពុង​កើតឡើង ខណៈដែល​ប្រជាជន អា​ហ្វ​ហ្គា​នី​ស្ថាន រក​វិធី​ដើម្បី​បាន​ឡើង​យន្តហោះ ភៀសខ្លួន​ទៅ​បរទេស ក្នុង​គ្រា​ដែល​ក្រុម តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល។ ព្រលានយន្តហោះ Hamid Karzai ដែល​បច្ចុប្បន្ន គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក គឺជា​ទីតាំង​ចុងក្រោយ​មួយ​ដែល​មិនទាន់​ត្រូវបាន​គ្រប់គ្រង​ដោយ តា​លី​បង់។

ស្ថានការណ៍​ច្របូកច្របល់​ដល់​ថ្នាក់ កងទ័ព​របស់​ សហរដ្ឋ​​អាមេរិក ត្រូវ​សម្រេច​ពន្យារ​ការហោះហើរ​ទៅ-មក នៃ​ជើងយន្តហោះ​ស៊ីវិល ដើម្បី​បើកផ្លូវ​ឱ្យ​យន្តហោះ​យោធា​ជា​អ្នក​ជម្លៀស។ «ស្ត្រី កុមារ និង​បុគ្គលិក​រដ្ឋាភិបាល មិនអាច​ចាកចេញ​ពី​ប្រទេស ព្រោះតែ​សហរដ្ឋអាមេរិក មិន​បើកផ្លូវ» នេះ​បើតាម​មន្ត្រី​ម្នាក់​របស់​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន។

កាលពី​ម្សិលមិញ (15 សីហា) ក្រុម​ តា​លី​បង់ បាន​សម្រុកចូល​រដ្ឋធានី​កា​ប៊ុល ដោយ​ពុំ​ជួបប្រទះ​ការរារាំង​ណាមួយ​គួរ​ឱ្យ​កត់​សម្គាល់។ ដូច្នេះ តា​លី​បង់ ប្រាកដជា​នឹង​ស្ដារឡើងវិញ​នូវ​អំណាច​ដែល​ត្រូវបាន​ផ្ដួលរំលំ​កាលពី 20 ឆ្នាំមុន បាន​លឿន​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ការ​ព្យាករ 90 ថ្ងៃ របស់​ក្រុម​ស៊ើបការណ៍​សម្ងាត់ សហរដ្ឋអាមេរិក។ សមាជិក​របស់​ក្រុម​ឧទ្ទាម តា​លី​បង់ បានប្រកាសថា នឹង​បង្កើត​រដ្ឋ Islamic Emirate of Afghanistan (បកប្រែ​បណ្ដោះ​អាសន្ន​​ថា «រដ្ឋ​អ៊ីស្លាម​រួបរួម​នៃ​អា​ហ្វ​ហ្កា​នី​ស្ថាន» នាពេលឆាប់ៗខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *