Skip to content

អា​ហ្វ​ហ្គា​នី​ស្ថាន៖ ប្រធានាធិបតី Ghani ប្រកាស​ពី​មូលហេតុ​ចាកចេញ​ពី​ប្រទេស

កាលពី​ថ្ងៃទី 15 សីហា ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន លោក Ashraf Ghani បានប្រកាស​អំពី​មូលហេតុ​ដែលនាំឱ្យ​លោក​ចាក​ចេញពី​ប្រទេស ក្នុងពេលដែល​ក្រុម​ឧទ្ទាម​តា​លី​បង់ បាន​សម្រុកចូល​កាន់កា​ប់​រដ្ឋធានី​កា​ប៊ុល។

នៅក្នុង​សារ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook ប្រធានាធិបតី Ghani ឱ្យដឹងថា បើសិនជា​លោក​នៅក្នុង​ប្រទេស​បន្តទៀត នោះ «នឹងមាន​មនុស្ស​ជាច្រើន​ត្រូវ​បាត់បង់​ជីវិត ហើយ​រដ្ឋធានី​កា​ប៊ុល នឹង​ត្រូវបាន​កម្ទេច»។ លោក Ghani ទទួលស្គាល់ថា៖ «តា​លី​បង់ បានទទួល​ជ័យជំនះ ហើយ​បច្ចុប្បន្ន កងកម្លាំង​នេះ​មាន​ភារកិច្ច​ការពារ​ទ្រព្យសម្បត្តិ និង​ពលរដ្ឋ អា​ហ្វ​ហ្គា​នី​ស្ថាន»។

ប៉ុន្តែ ក្នុង​សារ​នេះ ប្រធានាធិបតី Ghani មិនបាន​និយាយ​ដល់ទី​តាំង​ដែល​លោក​ត្រូវ​ទៅនោះ​ទេ បន្ទាប់ពី​បាន​ចាក​ចេញពី​ប្រទេស។ មុន​នោះ សារព័ត៌មាន​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​រាយការណ៍​ថា ប្រធានាធិបតី Ghani បាន​ទៅកាន់​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន។

ក្នុង​ថ្ងៃ​ដដែល​នោះ មេបញ្ជាការ​ពីររូប​របស់ តា​លី​បង់ បានឱ្យដឹងថា ពួកគេ​បាន​គ្រប់គ្រង​វិមាន​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន។ មន្ត្រី​ម្នាក់​របស់​ក្រុម តា​លី​បង់ បាន​បញ្ជាក់ថា ក្រុម​នេះ​គ្រោង​នឹង​ប្រកាស​បង្កើត​រដ្ឋាភិបាល​អ៊ីស្លាម​អា​ហ្វ​ហ្គា​នី​ស្ថាន នៅក្នុង​វិមាន​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *