Skip to content

កប៉ាល់​ទម្ងន់​ជិត 34,000 តោន ជាប់គាំង និង​បាក់​ជា​ពីរ​កំណាត់

កប៉ាល់ Crimson Polaris ដែល​ដឹក​កម្ទេច​ឈើ និង​មាន​ទម្ងន់ 33,910 តោន បាន​ជាប់គាំង​នៅ​លំហ​សមុទ្រ​ជប៉ុន ហើយក៏​បាន​បាក់​ជា​ពីរ​កំណាត់ បង្កើតបានជា​ជ្រលង​ប្រេង​យ៉ាង​វែង​លើ​ផ្ទៃសមុទ្រ។

កប៉ាល់​ដោត​ទង់ជាតិ ប៉ា​ណា​ម៉ា ដែលមាន​សមាជិក​ក្រុម​នាវិក 21 នាក់​នេះ បាន​ជួប​គ្រោះថ្នាក់​កាលពី​វេលា​ម៉ោង​ប្រហែល 7 កន្លះ ថ្ងៃទី 11 សីហា នៅពេល​វា​ស្ថិតនៅក្នុង​ចម្ងាយ 2.4 គីឡូម៉ែត្រ ពី​កំពង់ផែ Hachinohe នៅ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន។ កប៉ាល់​នេះ ដឹក​កម្ទេច​ឈើ​ពី​ប្រទេស​ថៃ និង​បាន​ជាប់គាំង ហើយក៏​បាន​បាក់​ជា​ពីរ​កំណាត់ គ្រា​ដែល​វា​ជិត​ទៅដល់​គោលដៅ។ ប្រេង​របស់​កប៉ាល់ បាន​អណ្ដែត​លើ​ផ្ទៃសមុទ្រ ប្រវែង​ជិត 5 គីឡូម៉ែត្រ។

Nippon Yusen ដែលជា​អ្នកគ្រប់គ្រង​កប៉ាល់ Crimson Polaris បានឱ្យដឹងថា កប៉ាល់​នេះ​ត្រូវបាន​សាងសង់​កាលពី​ឆ្នាំ 2008 ហើយ​វា​ជួប​គ្រោះថ្នាក់​ដោយសារ​ខ្យល់​បោកបក់​ខ្លាំង។

«Nippon Yusen កំពុង​ស្រង់​ស្ថិតិ​នៃ​បរិមាណ​ទំនិញ និង​ផលប៉ះពាល់​នៃ​គ្រោះថ្នាក់​នេះ ចំពោះ​បរិស្ថាន​លើ​ផ្ទៃសមុទ្រ។ ក្រុមហ៊ុន​ក៏បាន​បញ្ជូន​បុគ្គលិក​ទៅកាន់​កន្លែងកើតហេតុ និង​ជួយ​ដល់​ម្ចាស់​កប៉ាល់ រួម​នឹង​ក្រុមហ៊ុន​គ្រប់គ្រង​កប៉ាល់» នេះ​បើតាម​ការ​ឱ្យដឹងពី​ក្រុមហ៊ុន Nippon Yusen។

សមាជិក​ចំនួន 21 រូប​នៃ​ក្រុម​នាវិក​លើក​ប៉ាល់ Crimson Polaris ដែល​ក្នុងនោះ​មាន​ជនជាតិ​ចិន 8 នាក់ និង​ជនជាតិ​ហ្វីលីពីន 13 នាក់ ត្រូវបាន​នាំ​ឡើង​ច្រាំង​ដោយ​សុវត្ថិភាព ក្រោយ​ការជួយ​សង្គ្រោះ​រយៈពេល​ប្រហែល 5 ម៉ោង៕

Leave a Reply

Your email address will not be published. Required fields are marked *