Skip to content

ប្រទេស​ចិន៖ ទីក្រុង​ជាច្រើន​ប្រកាសអាសន្ន «កម្រិត​ក្រហម» ដោយសារ​ជំនន់​ទឹកភ្លៀង (វីដេអូ)

ទីក្រុង​ចំនួន 5 នៅក្នុង​ខេត្ត Hubei កំពុង​ប្រកាសអាសន្ន​កម្រិត​ខ្ពស់បំផុត បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បានសម្លាប់​មនុស្ស​ចំនួន 21 នាក់ និង​ធ្វើឱ្យ​ប្រជាជន​ជិត 6,000 នាក់ ត្រូវ​រត់​ទៅកាន់​ទី​សុវត្ថិភាព។

សារព័ត៌មាន​រដ្ឋ​ចិន បានចេញ​ផ្សាយ​ថា កម្រិត​ផ្ទៃ​ទឹក​នៅក្នុង​បឹង​ចំនួន 774 កន្លែង ក្នុង​ខេត្ត Hubei ភាគ​កណ្ដាល​ប្រទេស​នេះ បាន​ឡើង​ផុត​កម្រិត​ប្រកាសអាសន្ន​តាំងតែ​ពី​យប់​ម្សិលមិញ ក្នុង​គ្រា​ដែល​ភ្លៀង​ធំ​បានធ្វើ​ឱ្យដាច់​ចរន្តអគ្គិសនី​ទ្រង់ទ្រាយ​ធំ បណ្ដាលឱ្យ​ផ្ទះ​ជាង 3,600 ខ្នង​ត្រូវ​ខូចខាត និង​បំផ្លាញ​ដី​កសិកម្ម​ជាង 8,110 ហិកតា។

អង្គភាព​ប្រតិកម្ម​រហ័ស​របស់​ខេត្ត Hubei បានឱ្យដឹងថា ការខាតបង់​គិត​ជា​ទឹកប្រាក់ អាច​ឡើងដល់ 16.7 លាន​ដុល្លារ​អាមេរិក។ ទីក្រុង​ចំនួន 5 របស់​ខេត្ត​នេះ បានប្រកាស​អាសន្ន​កម្រិត​ក្រហម បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​បានសម្លាប់​មនុស្ស​អស់ 21 នាក់ នៅក្នុង​ទីក្រុង Suizhou ភាគ​ខាងជើង​នៃ​ខេត្ត Hubei។

ក្រសួង​គ្រប់គ្រង​គ្រាអាសន្ន​របស់​ចិន បានប្រកាសថា កម្លាំង​ជួយសង្គ្រោះ​បន្ទាន់ កំពុង​ត្រូវបាន​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត រួមមាន ទីក្រុង Suizhou, Xiangyang និង Xiaogan។

នាយកដ្ឋាន​គ្រប់គ្រង​អាកាសធាតុ​ចិន បាន​ព្រមាន​ថា ភ្លៀង​ធំ​នឹង​អូសបន្លាយ​រហូតដល់​ស​ប្ដា​ហ៍​ក្រោយ បង្ក​ជា​ទឹកជំនន់​នៅក្នុង​តំបន់​ដែល​ស្ថិតនៅតាម​បណ្ដោយ​ទន្លេ Yangtze។ ក្រុមមន្ត្រី​ក៏បាន​ព្រមាន​ថា តំបន់​ដែល​នឹង​ជួប​គ្រោះថ្នាក់ រួមមាន ខេត្ត Hubei, Henan, Anhui, Sichuan, Guizhou និង​ខេត្ត Zhejiang។

ក្រុមមន្ត្រី​ចិន កាលពី​សប្ដាហ៍​មុន បានឱ្យដឹងថា មនុស្ស​ចំនួន 440,000 នាក់ បាន​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង នៅក្នុង​ទីក្រុង​ចំនួន 6 នៃ​ខេត្ត Sichuan ក្នុងនោះ​មាន​ពលរដ្ឋ​ចំនួន 80,000 នាក់​ត្រូវ​ជម្លៀស​ចេញពី​តំបន់​គ្រោះថ្នាក់។ គ្រោះ​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្ត​នេះ បាន​បណ្ដាលឱ្យ​ខាតបង់​ជា​ទឹកប្រាក់​ជាង 38 លាន​ដុល្លារ​អាមេរិក ខណៈ​ផ្ទះ​ចំនួន 45 ខ្នង​ត្រូវ​ខូច​ទាំងស្រុង និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន 118 កន្លែង ត្រូវ​ខូចខាត​ធ្ងន់ធ្ងរ។

ខេត្ត Henan ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ចុងខែ​មុន ក៏បាន​ទទួលរង​គ្រោះ​ជំនន់​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ភ្លៀង​មួយថ្ងៃ ជិត​ស្មើនឹង​ភ្លៀង​ក្នុង​រយៈពេល​មួយឆ្នាំ។ គ្រោះធម្មជាតិ​នេះ បានសម្លាប់​មនុស្ស​ជាង 300 នាក់ ដែល​ភាគច្រើន​នៅក្នុង​ខេត្ត Zhengzhou៕

Leave a Reply

Your email address will not be published. Required fields are marked *