Skip to content

យុទ្ធ​នារី កូរ៉េខាងត្បូង ធ្វើអត្តឃាត ក្នុង​គ្រា​ដែល​ករណី​បៀតបៀន​ផ្លូវភេទ​លើ​រូបនាង កំពុង​ត្រូវបាន​ស៊ើបអង្កេត

នារី​ជា​ទាហាន​ម្នាក់​ដែលមាន​ឋានន្តរស័ក្ដិ​ជា​នាយទោ របស់​កងទ័ពជើងទឹក កូរ៉េខាងត្បូង ត្រូវបាន​ប្រទះ​ឃើញថា បាន​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត នៅពេល​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ករណី​ដែល​នាង​ត្រូវ​មិត្ត​រួមការ​ងារ​បៀតបៀន​ផ្លូវភេទ កំពុង​ត្រូវបាន​ធ្វើឡើង។

យុទ្ធ​នារី​ដែល​មិនត្រូវ​បាន​គេ​ឱ្យដឹង​អត្តសញ្ញាណ​នេះ ត្រូវបាន​ប្រទះ​ឃើញថា បាន​ស្លាប់​កាលពី​ថ្ងៃទី 12 សីហា ឆ្នាំ 2021 ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​នាង​បាន​រាយការណ៍​អំពី​ករណី​ដែល​នាង​ត្រូវបាន​បុរស​ជា​មិត្ត​រួមការ​ងារ បាន​បៀតបៀន​ផ្លូវភេទ​តាំងពី​ខែឧសភា។ រដ្ឋមន្ត្រី​ការពារជាតិ កូរ៉េខាងត្បូង Suh Wook ថ្ងៃនេះ (13 សីហា) បានទទួល​ស្គាល់​អំពី​ព័ត៌មាន​នេះ និង​បានធ្វើការ​សុំទោស​អំពី​ហេតុការណ៍​ដែល​បានកើត​ឡើង។ រដ្ឋមន្ត្រី​រូបនេះ បន្ថែមថា៖ «យើង​នឹង​បង្កើត​ក្រុម​ពិ​សេសមួយ​ដើម្បី​ស៊ើបអង្កេត​ឱ្យបាន​ល្អិតល្អន់ ដើម្បី​មិនឱ្យ​មាន​បញ្ហា​មន្ទិល​ណាមួយ​កើតឡើង»។

ខុទ្ទកាល័យ​ប្រ​ធានា​ធិ​ប​តិ កូរ៉េខាងត្បូង ក្នុង​ថ្ងៃ​ដដែល​ក៏បាន​ឱ្យដឹងថា ប្រធានាធិបតី Moon Jae-in ខឹង​យ៉ាងខ្លាំង​នៅពេល​ទទួលបាន​ដំណឹង​ស្ដីពី​ការស្លាប់​របស់​យុទ្ធ​នារី​រូបនេះ និង​បាន​ស្នើឱ្យ​កងទ័ព​បើក​ការស៊ើបអង្កេត​ឱ្យបាន​ម៉ត់ចត់​ជាទីបំផុត ព្រមទាំង​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​គ្រួសារ​សព​ផងដែរ។

គួររំលឹកថា មុននេះ កាលពី​ខែមិថុនា សាធារណជន​នៅ កូរ៉េខាងត្បូង ក៏​ធ្លាប់​ខឹងសម្បារ​នឹង​ករណី​ស្រដៀង​គ្នា​នេះដែរ នៅពេល​យុទ្ធ​នារី​ជា​ពលបាលទោ​ម្នាក់​នៃ​កងទ័ពអាកាស កូរ៉េខាងត្បូង បានធ្វើ​អត្តឃាត ក្រោយពី​ត្រូវ​មិត្ត​រួមការ​ងារ​បៀតបៀន​កេរ្ដិ៍ខ្មាស ប៉ុន្តែ​មិនត្រូវ​បាន​ថ្នាក់លើ​ជួយ​ដោះស្រាយ។ មេបញ្ជាការ​កងទ័ពអាកាស​របស់ កូរ៉េខាងត្បូង លោក Lee Seong-yong បានទទួល​ខុសត្រូវ​លើ​ករណីនេះ និង​បាន​លាលែង​ពី​តំណែង បន្ទាប់ពី​ហេតុការណ៍​បានកើត​ឡើង។

ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​បៀតបៀន​ផ្លូវភេទ​នានា បាន​កើតមានឡើង​បន្តបន្ទាប់​ក្នុង​រយៈពេល​ខ្លី នាំឱ្យ​កងទ័ព កូរ៉េខាងត្បូង ត្រូវ​រង​ការរិះគន់​ពី​សំណាក់​ប្រជាជន ដោយសារតែ​មិនអាច​ទប់ស្កាត់បាន​នូវ​អំពើ​បំពារបំពាន​ផ្លូវភេទ​នៅក្នុង​ជួរ​កងទ័ព៕

Leave a Reply

Your email address will not be published. Required fields are marked *