Skip to content

ទ័ពថ្មើរជើង ឥណ្ឌូនេស៊ី លុប​ចោលការ​ធ្វើតេស្ត​ព្រហ្មចារី

មេបញ្ជាការ​កងទ័ព ឥណ្ឌូនេស៊ី បានប្រកាសថា ការពិនិត្យ​ព្រហ្មចារី​ចំពោះ​នារី​ជា​ទាហាន​ថ្មី នឹង​ត្រូវបាន​លុបចោល បន្ទាប់ពី​វា​បាន​បង្កឱ្យមាន​ភាពចម្រូងចម្រាស ទាក់ទិន​នឹង​សិទ្ធិមនុស្ស។

ការធ្វើ​តេស្ត​ព្រហ្មចារី នៅ​ប្រទេស ឥណ្ឌូនេស៊ី តែង​ត្រូវបាន​គេ​ហៅថា «ការពិនិត្យ​ដោយ​ម្រាមដៃ​ពីរ» ដោយសារ​ថា នៅក្នុង​ការធ្វើ​តេស្ត​នោះ ក្រុម​វេជ្ជបណ្ឌិត នឹង​ប្រើ​ម្រាមដៃ​ចំនួន​ពីរ លូក​ចូលក្នុង​ប្រដាប់បន្តពូជ​របស់​នារី​ជា​បេក្ខភាព​ទាហាន​ថ្មី ដើម្បី​ពិនិត្យមើល​ឱ្យដឹងថា តើ​នៅមាន​ព្រហ្មចារី ឬ​អត់។ បេ​ក្ខ​នារី​ដែល​ត្រូវបាន​គេ​យល់ថា «អស់​ព្រហ្មចារី» នឹងត្រូវ​បាន​គេ​ឱ្យ​ធ្លាក់​ពី​ការប្រលង។ គូ​ដណ្ដឹង​ស្រី​របស់​ទាហាន​នៃ​ប្រទេស​នេះ ជួនកាល​ក៏ត្រូវ​ឆ្លងកាត់​ការធ្វើ​តេស្ត​នេះដែរ។

មេបញ្ជាការ​កងទ័ពជើងគោក ឥណ្ឌូនេស៊ី ឧត្ដមសេនីយ៍ Andika Perkasa កាលពី​ម្សិលមិញ បានប្រកាសថា ការធ្វើ​តេស្ត​បែបនេះ​នឹង​លែង​ត្រូវបាន​អនុវត្ត​ទៀតហើយ នៅក្នុង​ជួរ​កងទ័ពជើងគោក។ កាលពី​ខែ​មុន លោក Andika Perkasa ក៏​ធ្លាប់បាន​សង្កត់ធ្ងន់ថា ដំណើរការ​នៃ​ការជ្រើសរើស​ទាហាន​ថ្មី​ទាំង​ពីរភេទ ត្រូវតែមាន​ភាពស្មើគ្នា។ ចំណែក​អ្នកនាំពាក្យ​របស់​កងទ័ព​ជើង​ទឹក និង​កងទ័ពអាកាស របស់ ឥណ្ឌូនេស៊ី ក៏បាន​និយាយថា ស្ថាប័ន​របស់​ពួកគេ ពុំ​មានការ​ធ្វើតេស្ត​ព្រហ្មចារី​នោះទេ។

កន្លងមក ការធ្វើ​តេស្ត​នេះ បាន​បណ្ដាលឱ្យមាន​បញ្ហា​ជជែក​វែកញែក​ជាច្រើន។ WHO ធ្លាប់បាន​និយាយថា វា «ពុំមាន​តម្លៃ​ផ្នែក​វិទ្យាសាស្ត្រ» និង​វា​ជា​រឿង «រំលោភសិទ្ធិ​មនុស្ស»។ អង្គការ​តាមដាន​សិទ្ធិមនុស្ស (Human Right Watch / HRW) បានឱ្យដឹងថា សកម្មភាព​នេះ​គឺ ប្រហាក់ប្រហែល​នឹង «អំពើហិង្សា​លើ​មូលដ្ឋាន​ភេទ»។ ក្រុម​ការពារ​សិទ្ធិមនុស្ស បាន​អបអរ​ចំពោះ​ការប្រកាស​របស់​កងទ័ព​ជើងគោក។ Andreas Harsono មកពី HRW បាន​ហៅ​ការសម្រេច​ខាងលើនេះ​ថា​ជា «ប្រការ​ត្រឹមត្រូវ​ដែល​ត្រូវធ្វើ»៕

Leave a Reply

Your email address will not be published. Required fields are marked *