សហរដ្ឋអាមេរិក៖ ដើម្បីត្រៀមខ្លួនសម្រាប់បញ្ជូនមនុស្សទៅកាន់ពិភពព្រះអង្គារ ទីភ្នាក់ងារអវកាសអាមេរិក (NASA) ចាប់ផ្ដើមទទួលពាក្យពីបេក្ខភាពទាំងឡាយ បំណងជ្រើសរើសមនុស្សចំនួន 4 នាក់ ឱ្យទៅរស់នៅរយៈពេល 1 ឆ្នាំ នៅលើភពអង្គារសិប្បនិម្មិត Mars Dune Alpha។
Mars Dune Alpha គឺជាទីតាំងទំហំ 158 ម៉ែត្រក្រឡា និងមានបរិយាកាសដូចទៅនឹងពិភពព្រះអង្គារ ដែលត្រូវបានសាងសង់ឡើងដោយគ្រឿងចក្របោះពុម្ភ 3D។ Mars Dune Alpha មានទីតាំងនៅក្នុងអគារមួយដែលស្ថិតក្នុងមជ្ឈមណ្ឌលអវកាស Johnson នាទីក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។ ក្រុមអ្នកស្ម័គ្រចិត្តដែលទទួលបានប្រាក់ខែ នឹងធ្វើការក្នុងបេសកកម្មស្រាវជ្រាវភពអង្គារសិប្បនិម្មិត រួមមាន ការដើរក្នុងបរិវេណនៃទីតាំងពិសោធ ការកាត់បន្ថយទំនាក់ទំនងជាមួយគ្រួសារ ប្រភពអាហារនិងធនធានមានកំណត់ រួមនឹងស្ថានភាពឧបករណ៍បច្ចេកវិទ្យាត្រូវខូច។
NASA កំពុងរៀបចំគម្រោងសម្រាប់ការពិសោធចំនួន 3 ក្នុងចំណោមការពិសោធទាំងឡាយខាងលើ។ ការពិសោធដំបូងនឹងចាប់ផ្ដើមនៅរដូវស្លឹកឈើជ្រុះឆ្នាំក្រោយ។ អាហារទាំងអស់ សុទ្ធតែអាហារឆ្អិនស្រាប់។ អ្នកស្ម័គ្រចិត្តនឹងដាំរុក្ខជាតិមួយចំនួន។
ការជ្រើសអ្នកស្ម័គ្រចិត្តដែលត្រូវបានធ្វើឡើងចាប់តាំងពីចុងសប្ដាហ៍មុននេះ ពិតជាមានលក្ខខណ្ឌតឹងរ៉ឹង ក្នុងនោះ បេក្ខភាពត្រូវតែមានសញ្ញាបត្របណ្ឌិតផ្នែកវិទ្យាសាស្ត្រ បច្ចេកទេស គណិត ឬមានបទពិសោធន៍ជាអ្នកបើកបរយន្តហោះ។ អ្នកមិនអាចមានឱកាសទទួលបានការជ្រើសរើសនោះទេ បើសិនមិនមែនជាពលរដ្ឋអាមេរិក។ អ្នកស្ម័គ្រចិត្ត ក៏ត្រូវមានវ័យចាប់ពី 30-55 ឆ្នាំ មានសុខភាពល្អ មិនមានបញ្ហាក្នុងការហូបចុក និងមិនមានបញ្ហាពុលឡាន ឬយានជំនិះផ្សេងៗ។
គម្រោងខាងលើបង្ហាញថា NASA កំពុងស្វែងរកមនុស្សដែលមានសមត្ថភាពជិតស្មើនឹងអ្នកអវកាស។ ការពិសោធនឹងផ្ដល់លទ្ធផលល្អ បើសិនអ្នកស្ម័គ្រចិត្តមានលក្ខណៈដូចទៅនឹងមនុស្សដែលជិតបានហោះទៅកាន់ភពព្រះអង្គារ។
កន្លងមក រុស្ស៊ី ក៏ធ្លាប់ធ្វើការពិសោធមួយដូចគ្នានេះដែរ ប៉ុន្តែ បេសកកម្មដែលមានឈ្មោះថា Mars 500 របស់ពួកគេ បានបរាជ័យ ព្រោះតែអ្នកស្ម័គ្រចិត្ត មានលក្ខណៈដូចទៅនឹងមនុស្សសាមញ្ញខ្លាំងពេក។
អតីតអ្នកអវកាសជនជាតិ កាណាដា ឈ្មោះ Chris Hadfield ដែលធ្លាប់បានស្ថិតនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) រយៈពេល 5 ខែ កាលពីឆ្នាំ 2013 បានឱ្យដឹងថា ឥរិយាបថពិតជាសំខាន់ខ្លាំងណាស់។ អ្នកដែលសមស្របជាមួយនឹងបេសកកម្មគឺ ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ ពូកែដោះស្រាយបញ្ហា និងជាមនុស្សដែលមិនអាស្រ័យលើអារម្មណ៍អ្នកដទៃ៕