បុគ្គលិកពន្លត់អគ្គិភ័យ និងប្រជាជនរាប់រយនាក់នៅប្រទេសក្រិក កំពុងតែប្រយុទ្ធប្រឆាំងនឹងអណ្ដាតភ្លើងដែលកំពុងឆាបឆេះព្រៃដ៏ធំនៅលើកោះ Evia។
ភ្លើងឆេះព្រៃជាច្រើនកន្លែង បាន និងកំពុងកើតឡើងនៅក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បន្ទាប់ពីប្រទេសក្រិក រងរលកកំដៅដ៏ខ្លាំងពីព្រះអាទិត្យ។
ករណីភ្លើងឆេះព្រៃនៅ Evia ដែលជាកោះធំបំផុតលំដាប់ទីពីររបស់ ក្រិក និងស្ថិតនៅទិសខាងកើតនៃរដ្ឋធានី Athens នេះ បានដុតកម្ទេចព្រៃឈើរាប់ពាន់ហិកតា និងបំផ្លាញផ្ទះសម្បែងជាច្រើនខ្នងផងដែរ។ ពលរដ្ឋ និងភ្ញៀវទេសចរណ៍ ត្រូវបានជម្លៀសទៅរកទីសុវត្ថិភាពដោយស្រឡាង។
ភ្លើងឆេះព្រៃនៅប្រទេសក្រិក បានសម្លាប់មនុស្សចំនួន 2 នាក់ និងបណ្ដាលឱ្យមនុស្សរាប់សិបនាក់ត្រូវចូលពេទ្យ។ ប្រទេសនេះបានបញ្ជូនបុគ្គលិកពន្លត់អគ្គិភ័យចំនួន 260 និងមធ្យោបាយពន្លត់ភ្លើងចំនួន 66 គ្រឿងទៅកាន់កន្លែងកើតហេតុ។ ប្រទេសអ៊ុយក្រែន និង រ៉ូម៉ានី ក៏បានបញ្ជូនបុគ្គលិកពន្លត់អគ្គិភ័យចំនួន 200 នាក់ និងឧបករណ៍ពន្លត់អគ្គិភ័យចំនួន 23 គ្រឿង រួមនឹងយន្តហោះ 7 គ្រឿង ទៅជួយក្រិកផងដែរ។
ក្រិក ក៏បានបញ្ជូនស្រឡាង និងកប៉ាល់យោធាជាច្រើនគ្រឿងទៅជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះ និងតំបន់រងផលប៉ះពាល់ពីភ្លើងព្រៃនៅលើកោះ Evia។ ប៉ុន្តែ ក្រុមកំលោះៗ ស្ម័គ្រចិត្តនៅជួយទប់ទល់នឹងភ្លើងព្រៃដែលកំពុងលេបត្របាក់ភូមិឋានរបស់ពួកគេ៕