កែវយឹតអវកាស Hubble ទើបតែបានផ្ញើមកកាន់ផែនដីនូវរូបថតរបស់ក្រុមកាឡាក់ស៊ី Arp 195 ដែលជាប្រព័ន្ធមួយដ៏អស្ចារ្យបំផុតនៅក្នុងចក្រវាល។
ក្រោយការបាញ់បង្ហោះបានជាង 30 ឆ្នាំ កែវយឹតអវកាស Hubble របស់ NASA (ទីភ្នាក់ងារអវកាសអាមេរិក) និង ESA (ទីភ្នាក់ងារអវកាសអឺរ៉ុប) កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃអាយុកាលរបស់វា ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ត្រមិនចង់បាត់បង់ពេលវេលាមួយវិនាទីណាទាំងអស់ ក្នុងការប្រើប្រាស់ឧបករណ៍នេះ។ ដូច្នេះ Hubble ត្រូវបានបញ្ជាឱ្យថតយករូបភាពដោយប្រើពេលខ្លី នៅចន្លោះដំណាក់កាលនីមួយៗនៃការសង្កេតតារារយៈពេលវែង។ រូបថតថ្មីស្ដីពី Arp 195 គឺជាឧទាហរណ៍មួយក្នុងករណីនេះ។
Arp 195 គឺជាប្រព័ន្ធកាឡាក់ស៊ីបី ដែលកំពុងប៉ះទង្គិចគ្នា រួមមានកាឡាក់ស៊ី UGC 04653, LEDA 24981 និង 2MASX J08535462+3508439។ ប្រព័ន្ធនេះស្ថិតនៅចម្ងាយប្រមាណ 763 លានឆ្នាំពន្លឺពីផែនដី និងនៅក្នុងកញ្ចុំផ្កាយ Lynx (Lynx Constellation) ហើយវាត្រូវបានដាក់ចូលក្នុងក្រុមកាឡាក់ស៊ីពិសេសបំផុតក្នុងចក្រវាល ដែលមានឈ្មោះថា Atlas of Peculiar Galaxies។
រូបថតនេះបង្ហាញថា បណ្ដាកាឡាក់ស៊ីរបស់ Arp 195 កំពុងជាប់នៅក្នុង «សង្គ្រាមដណ្ដើមទឹកដី» ប្រកបដោយភាពទាក់ទាញ។ ដោយសារតែគោចរមកក្បែរគ្នាខ្លាំងពេក ពួកវាក៏ហែកហួរគ្នាចេញជា 3 ទិស ជាដំណើរការមួយដែលចុងក្រោយអាចនាំឱ្យមានព្រឹត្តិការណ៍ច្របាច់បញ្ចូលគ្នាជាកាឡាក់ស៊ីតែមួយ។
រូបថតនេះត្រូវបានផ្ដិតយកដោយឧបករណ៍សង្កេតកម្រិតខ្ពស់ (ACS) និងកាមេរ៉ាសង្កេតផ្ទៃមេឃឌីជីថល Sloan (SDSS) របស់យាន ឬកែវយឹត Hubble។
បើត្រូវបានបាញ់បង្ហោះឡើងទៅទីអវកាសកាលពីថ្ងៃទី 24 មេសា ឆ្នាំ 1990 ប៉ុន្តែ Hubble បានដំណើរការយូរជាងអាយុកាលដែលបានកំណត់រហូតដល់ 15 ឆ្នាំ។ NASA បានរៀបចំគម្រោងជំនួសឧបករណ៍នេះ ដោយគម្រោងកែវយឹតអវកាស James Webb ដែលគ្រោងនឹងត្រូវបាញ់បង្ហោះនៅចុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ 2021 នេះ៕