បក្សសាធារណរដ្ឋ របស់ សហរដ្ឋអាមេរិក បានចេញរបាយការណ៍មួយនិយាយថា COVID-19 បានលេចធ្លាយចេញពីបន្ទប់ពិសោធន៍នៅប្រទេសចិន បើទោះជាសហគមន៍អ្នកស៊ើបការណ៍សម្ងាត់ មិនទាន់ធ្វើការសន្និដ្ឋានក៏ដោយ។
លោក Mike McCaul សមាជិកនៃគណៈកម្មការកិច្ចការបរទេសរបស់សភាជាន់ទាប នៃ សហរដ្ឋអាមេរិក កាលពីថ្ងៃទី 01 សីហា ឆ្នាំ 2021 បានប្រកាសរបាយការណ៍មួយរបស់ក្រុមសមាជិកបក្សសាធារណរដ្ឋ នៅក្នុងគណៈកម្មការនេះ ដោយមានភ័ស្ដុតាងជាច្រើន បង្ហាញថា ក្រុមអ្នកវិទ្យាសាស្ត្ររបស់វិទ្យាស្ថានវីរុសសាស្ត្រ Wuhan (WIV) របស់ ចិន កំពុងពិសោធលើការកែប្រែហ្សែនរបស់វីរុស CORONA ដើម្បីចម្លងទៅមនុស្ស ហើយសកម្មភាពដូចនេះ អាចត្រូវបានលាក់បាំង។
«ពេលនេះ យើងជឿថា ដល់ពេលដែលត្រូវលុបបំបាត់សម្មតិកម្មដែលថា វីរុសមានប្រភពពីផ្សារលក់សត្វរស់។ យើងក៏ជឿជាក់ទៅលើភាពលេចធ្លោនៃភ័ស្ដុតាងនានាដែលបញ្ជាក់ថា វីរុសបានរួចចេញពីបន្ទប់ពិសោធន៍នៅទីក្រុង Wuhan ហើយករណីលេចធ្លាយនេះ កើតឡើងមុនថ្ងៃទី 12 កញ្ញា ឆ្នាំ 2021» របាយការណ៍ខាងលើបានឱ្យដឹងដូច្នេះ។
របាយការណ៍ បានយោងទៅតាមអ្វីដែលក្រុមអ្នកតំណាងររាស្ត្ររបស់បក្សសាធារណរដ្ឋហៅថា «ព័ត៌មានថ្មី និងកម្រត្រូវបានប្រកាស» ស្ដីពីការរក្សាអនាម័យនៅឯបន្ទប់ពិសោធន៍ WIV ក្នុងនោះរួមមានទាំងសំណើកាលពីខែកក្កដា ឆ្នាំ 2019 ទាក់ទិននឹងការកែលម្អប្រព័ន្ធសម្អាតកាកសំណល់គ្រោះថ្នាក់ ដោយប្រើប្រាស់ថវិកា 1.5 លានដុល្លារ បើទោះជាវិទ្យាស្ថាននេះទើបតែបើកដំណើរការមិនទាន់បាន 2 ឆ្នាំក៏ដោយ។
ក្រុមស៊ើបការណ៍សម្ងាត់ អាមេរិក កាលពីខែមេសា បានឱ្យដឹងថា ពួកគេយល់ស្របជាមួយនឹងក្រុមអ្នកវិទ្យាសាស្ត្រដែលនិយាយថា វីរុស COVID-19 មិនមែនជាផលិតផលរបស់មនុស្ស ឬត្រូវបានកែប្រែហ្សែន។ ប្រធានាធិបតី Joe Biden កាលពីខែឧសភា ក៏បានចេញបញ្ជាឱ្យក្រុមអ្នកស៊ើបការណ៍ តាមរកប្រភពរបស់វីរុស និងធ្វើរបាយការណ៍ក្នុងរយៈពេល 90 ថ្ងៃ។
អង្គភាពស៊ើបការណ៍សម្ងាត់របស់ សហរដ្ឋអាមេរិក បច្ចុប្បន្នមិនទាន់សន្និដ្ឋានថា វីរុសនេះមានប្រភពពីសត្វព្រៃ ឬរួចចេញពីបន្ទប់ពិសោធន៍នៅឡើយ។
ប្រទេសចិន បានច្រានចោលការសន្និដ្ឋានដែលថា COVID-19 រួចចេញពីបន្ទប់ពិសោធន៍នៅ Wuhan ក៏ដូចជាការចោទប្រកាន់ដែលថា ចិន បានលាក់បាំងអំពីប្រភពរបស់វីរុស។ អ្នកស្រាវជ្រាវមួយចំនួនយល់ថា វីរុសនេះ មានប្រភពពីសត្វដែលអាចចម្លងវីរុសមកមនុស្សនៅក្នុងផ្សារលក់សត្វរស់មួយនៅក្បែរវិទ្យាស្ថានវីរុសសាស្ត្ររបស់ទីក្រុង Wuhan៕