Skip to content

កងទ័ព អាមេរិក ធ្វើ​សមយុទ្ធ​ធំជាងគេ​បំផុត​ក្នុងអំឡុង 4 ទសវត្សរ៍​មកនេះ

កងទ័ពជើងទឹក និង​កង​ម៉ា​រី​ន របស់ សហរដ្ឋអាមេរិក រៀបចំ​ធ្វើ​សមយុទ្ធ​ធំ​បំផុត​នៅក្នុង​អំឡុង 40 ឆ្នាំ​កន្លងមកនេះ ដោយមាន​ការចូលរួម​របស់​អង្គភាព​មកពី​តំបន់​ដែលមាន​ពេលវេលា​ខុសគ្នា​ជាង 17 ឯណោះ។

សមយុទ្ធ​ទ្រង់ទ្រាយ​ធំ (LSE) ឆ្នាំ 2021 នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី 03 ដល់ 16 ខែសីហា ឆ្នាំ 2021 ដោយមាន​វត្តមាន​រប​ស់​ទីបញ្ជាការ​ចំនួន 6 របស់​កងទ័ពជើងទឹក និង​កង​ម៉ា​រី​ន, កង​នាវាចម្បាំង​ចំនួន 5 ក្រុម និង​កង​ម៉ា​រី​ន ប្រចាំការ​នៅក្រៅ​ប្រទេស​ចំនួន 3 ក្រុម។ ក្នុង​សមយុទ្ធ​នេះ​ក៏មាន​ការចូលរួម​ពី​នាវាចម្បាំង​ប្រមាណ 36 គ្រឿង។ នេះ​បើតាម​ការ​ឱ្យដឹងពី​កងទ័ពជើងទឹក អាមេរិក ប្រចាំការ​នៅ​អឺរ៉ុប-អាហ្វ្រិក / ក្រុម​នាវាចម្បាំង​ទី 06។

សមយុទ្ធ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​តំបន់​ចំនួន 17 ដែលមាន​ពេលវេលាខុសៗគ្នា​នេះ មិន​ធ្លាប់​ត្រូវបាន សហរដ្ឋអាមេរិក ធ្វើឡើង​នោះទេ រាប់​ចាប់​ពីក្រោយ​សង្គ្រាមត្រជាក់។

«LSE នឹង​ពិសោធ​លើ​សមត្ថភាព​របស់​ក្រុម​មេបញ្ជាការ​របស់​យើង នៅលើ​វិស័យ​ជាច្រើន​ក្នុង​កងទ័ពជើងទឹក តាំងពី​យុទ្ធវិធី រហូតដល់​យុទ្ធសាស្ត្រ និង​លទ្ធភាព​នៃ​ការ​ផ្គុំ​កម្លាំង​ជាមួយ​កង​ម៉ា​រ៉ី​ន ដើម្បី​បង្ហាញ​អំពី​សក្ដានុពល​នៃ​កង​នាវាចម្បាំង​ទូទាំង​ពិភពលោក នៅក្នុង​ការអនុវត្ត​យុទ្ធនាការ​ផ្គុំ​កម្លាំង ពី​សហា​សមុទ្រ រហូតដល់​តំបន់ឆ្នេរ​សមុទ្រ» នៅក្នុង​សេចក្ដីប្រកាស​មួយ មេបញ្ជាការ​កង​នាវាចម្បាំង​ទី 06 របស់ សហរដ្ឋអាមេរិក លោក Gene Black បានឱ្យដឹង​ដូច្នេះ។

James R. Holmes អ្នកជំនាញ​ផ្នែក​យុទ្ធសាស្ត្រ​ផ្លូវ​សមុទ្រ​ប្រចាំ​សាលា US Naval War College របស់ សហរដ្ឋអាមេរិក បាន​សង្កត់ធ្ងន់ថា LSE អាចធ្វើឱ្យ​គូប្រជែង​នានា​យល់ថា សហរដ្ឋអាមេរិក អាច​ដោះស្រាយ​បញ្ហា​នៅ​សមុទ្រ​ខ្មៅ សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត ក្នុងពេល​តែមួយ៕

Leave a Reply

Your email address will not be published. Required fields are marked *