ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ 178 លានដុល្លារជាមួយទីភ្នាក់ងារអវកាស អាមេរិក NASA ដើម្បីបាញ់បង្ហោះយានស្រាវជ្រាវមួយគ្រឿង ទៅស្វែងរកជីវិតនៅលើឋានព្រះចន្ទរបស់ភពព្រហស្បតិ៍ នៅឆ្នាំ 2024។
រ៉ុក្កែត Falcon Heavy របស់ SpaceX ត្រូវបានជ្រើសរើស ដើម្បីនាំយកយានអវកាស Europa Clipper របស់ NASA ឡើងទៅកាន់ឋានព្រះចន្ទ Europa ដែលនឹងត្រូវធ្វើឡើងនៅក្នុងខែតុលា ឆ្នាំ 2024 ដោយបាញ់បង្ហោះចេញពីមជ្ឈមណ្ឌលអវកាស Kennedy នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងសម្រាប់ការផ្ដល់ និងទទួលសេវាកម្មខាងលើ មានតម្លៃប្រហែល 178 លានដុល្លារអាមេរិក។
កាលពីដំបូងឡើយ NASA មានបំណងប្រើប្រាស់ប្រព័ន្ធបាញ់បង្ហោះផ្ទាល់ខ្លួន ដើម្បីបំពេញបេសកកម្មនេះ ប៉ុន្តែ ការអភិវឌ្ឍមានការយឺតយ៉ាវ។
យានអវកាស Europa Clipper ត្រូវបានរចនាឡើងដើម្បីធ្វើការសិក្សាស្រាវជ្រាវលម្អិតអំពីព្រះចន្ទ Europa របស់ភពព្រហស្បតិ៍ ក្នុងបំណងឱ្យដឹងច្បាស់ថា ឋានដែលមហាសែនត្រជាក់នេះ អាចទ្រទ្រង់ភាវរស់បានដែរ ឬអត់។
ភារកិច្ចរបស់យានអវកាសនេះគឺ ថតរូបភាពរបស់ព្រះចន្ទ Europa ឱ្យបានច្បាស់បំផុត និងស្វែងយល់អំពីសមាធាតុរបស់វា និងស្វែងរកសញ្ញានៃបាតុភូតរញ្ជួយដីកំពុងកើតឡើង ឬបានកើតឡើងកាលពីអតីតកាលថ្មីៗនេះ។
យានអវកាសរបស់ NASA នេះ ក៏នឹងត្រូវបានបំពាក់ឧបករណ៍វាស់កម្រាស់នៃស្រទាប់ទឹកកកខាងលើរបស់ Europa ស្វែងរកបឹងក្រោមដី និងវាស់ជម្រៅ រួមទាំងកម្រិតនៃជាតិប្រៃរបស់មហាសមុទ្រក្រោមផ្ទាំងទឹកកកផងដែរ។
ជាព្រះចន្ទមួយ ក្នុងចំណោមព្រះចន្ទធំជាងគេទាំង 4 របស់ភពព្រហស្បតិ៍ Europa បានក្លាយជាប្រធានបទសំខាន់នៃការសិក្សាស្រាវជ្រាវជាច្រើនកាលពីពេលកន្លង។ កាលពីឆ្នាំ 2020 ក្រុមអ្នកវិទ្យាសាស្ត្របានបញ្ជាក់ឱ្យឃើញថា វិទ្យុសកម្មមានជាប្រចាំ ដែល Europa ទទួលបានពីភពព្រហស្បតិ៍ បណ្ដាលឱ្យព្រះចន្ទមួយនេះ បញ្ចេញពន្លឺនៅក្នុងទីងងឹត៕
ប្រភព៖ Reuters