ស្រីលង្កា៖ ក្រុមកម្មករដែលជីកអណ្ដូងក្នុងផ្ទះរបស់អ្នកជំនួញម្នាក់នៅតំបន់ Ratnapura បានប្រទះឃើញត្បូងកណ្ដៀង (sapphire) មួយដុំធំដែលមានទម្ងន់ជាង 500 គីឡូក្រាម និងមានតម្លៃប្រហែល 100 លានដុល្លារអាមេរិក។
បណ្ដាញសារព័ត៌មាន ស្រីលង្កា កាលពីថ្ងៃទី 27 កក្កដា បានចេញផ្សាយថា ត្បូងកណ្ដៀង (sapphire) ទម្ងន់ជាង 2.5 លានការ៉ាត ត្រូវបានក្រុមអ្នកជីកអណ្ដូង ប្រទះឃើញនៅក្នុងបរិវេណផ្ទះរបស់អ្នកជំនួញ Gamage នៅក្នុងក្រុង Ratnapura ខេត្ត Sabaragamuwa ដែលជាតំបន់មួយ សម្បូរធនធានធម្មជាតិ ពិសេសគឺត្បូងដែលមានតម្លៃខ្ពស់ របស់ ស្រីលង្កា។
«កម្មករជីកអណ្ដូង បានប្រាប់ថា ពួកគេប្រទះឃើញត្បូងតូចមួយចំនួន។ ក្រោយមក យើងក៏បានបន្តរកឃើញត្បូងដ៏ធំនេះ» លោក Gamege ប្រាប់ដូច្នេះ។
ក្រុមអ្នកជំនាញបានឱ្យដឹងថា ត្បូងកណ្ដៀងទម្ងន់សរុប 510 គីឡូក្រាម ដែលត្រូវបានដាក់ឈ្មោះឱ្យថា «Serendipity Sapphire» នេះ មានតម្លៃឡើងដល់ 100 លានដុល្លារអាមេរិក នៅលើទីផ្សារត្បូងអន្តរជាតិ។
អ្នកជំនួញ Gamage ជាសមាជិកនៃគ្រួសារដែលធ្វើជំនួញខាងត្បូង អស់ 3 ជំនាន់មកហើយ ក្រោយមកក៏បានរាយការណ៍ព័ត៌មាននេះជូនអាជ្ញាធរ។ ប៉ុន្តែ ក្រុមមន្ត្រីត្រូវការពេលជាង 1 ឆ្នាំ ក្នុងការសម្អាត ទើបអាចវាយតម្លៃជាផ្លូវការបាន។
Gamage ថ្លែងថា ក្នុងអំឡុងសម្អាតដំបូង ត្បូងតូចៗមួយចំនួនបានរបេះចេញពី Serendipity Sapphire ហើយវាត្រូវបានបញ្ជាក់ថា ជា ត្បូងកណ្ដៀងរូបផ្កាយ (Star Sapphire) ដែលមានគុណភាពខ្ពស់។
Gamini Zoysa ដែលជាបណ្ឌិតផ្នែកត្បូងពេជ្យ បានអធិប្បាយអំពី Serendipity Sapphire ថា៖ «ខ្ញុំមិនធ្លាប់បានឃើញវត្ថុធំយ៉ាងដូច្នេះទេ។ ត្បូងនេះ ទំនងជាបានកកើតតាំងពី 400 លានឆ្នាំមុន»។
យ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួននិយាយថា បើជាត្បូងនេះមានទម្ងន់ធ្ងន់ ប៉ុន្តែ មិនប្រាកដថា គ្រប់ផ្នែករបស់វា សុទ្ធតែជាត្បូងដែលមានគុណភាពខ្ពស់នោះដែរ។ Thilak Weerasinghe មេដឹកនាំស្ថាប័នត្បូងមានតម្លៃរបស់ ស្រីលង្កា សង្ឃឹមថា ត្បូង Serendipity Sapphire នេះ នឹងទទួលបានចំណាប់អារម្មណ៍ច្រើនពីក្រុមហ៊ុន ឬសារមន្ទីរអន្តរជាតិ៕
ប្រភព៖ BBC
ប្រែសម្រួល៖ បុត្រា