ប៉ូលិសក្នុងរដ្ឋចំនួន 2 គឺរដ្ឋ Assam និងរដ្ឋ Mizoram របស់ប្រទេស ឥណ្ឌា បានបាញ់ប្រហារគ្នា ដោយសារតែការដណ្ដើមទឹកដី បណ្ដាលឱ្យមានអ្នកស្លាប់ 6 នាក់ និងរបួសជាង 60 នាក់។
មេដឹកនាំរដ្ឋ Assam លោក Himanta Biswa Sarma កាលពីថ្ងៃទី 27 កក្កដា បានឱ្យដឹងថា បុគ្គលិកពិសេសចំនួន 4,000 នាក់ នឹងត្រូវបានបញ្ជូនទៅកាន់តំបន់ព្រំប្រទល់នឹងរដ្ឋ Mizoram បន្ទាប់ពីមានករណីប្រយុទ្ធគ្នាមួយថ្ងៃមុននោះ។
ចំណែក មេដឹកនាំរដ្ឋ Mizoram លោក Zoramthanga បានចោទថា ប៉ូលិសរបស់រដ្ឋ Assam បានផ្ទុះអាវុធមុន ហើយគំរាមសម្លុតបុគ្គលិកនៅបន្ទាយការពារដែន និងបានវាយប្រហារពលរដ្ឋស៊ីវិលដែលមិនមានអាវុធ។
រដ្ឋទាំងពីរមានការប្រទាញប្រទង់គ្នាអស់ជាច្រើនទសវត្សរ៍មកហើយ ទាក់ទងនឹងបញ្ហាព្រំប្រទល់។ ភាពតានតឹងបានកើនឡើងតាំងពីខែមុន នៅពេលរដ្ឋ Mizoram បានចោទកងកម្លាំងរបស់រដ្ឋ Assam ថា បានរំលោភទឹកដី។ ជាការឆ្លើយតប រដ្ឋ Assam ក៏បានចោទវិញថា ពលរដ្ឋរបស់រដ្ឋ Mizoram បានរំលោភយកដីព្រៃបម្រុងរបស់រដ្ឋនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឥណ្ឌា លោក Amit Shah បានជួយបន្ធូរបន្ថយភាពតានតឹងនេះ ប៉ុន្តែ មិនទាន់មានដំណោះស្រាយសមស្របដើម្បីសម្របសម្រួលបញ្ហាដណ្ដើមទឹកដីគ្នានេះនៅឡើយ។ Sarma សមាជិកម្នាក់នៃបក្សកាន់អំណាច Bharatiya Janata (BJP) របស់នាយករដ្ឋមន្ត្រី Narendra Modi ឱ្យដឹងថា អាជ្ញាធររបស់លោកនឹងដាក់សំណើឡើងតុលាការកំពូល ដើម្បីធានាឱ្យបានប្រាកដថា «ពុំមានដីព្រៃបម្រុងមួយតឹកណា ត្រូវបានគេរំលោភបំពាន»។
Mizoram ធ្លាប់ជាផ្នែកមួយនៃទឹកដីរបស់រដ្ឋ Assam គិតត្រឹមឆ្នាំ 1972 បន្ទាប់ពីត្រូវបានបំបែកចេញពីគ្នា ហើយក្រោយមកក៏ក្លាយជារដ្ឋដាច់ដោយឡែកនៅឆ្នាំ 1986។ អាជ្ញាធររដ្ឋ Mizoram ឱ្យដឹងថា តំបន់ដែលរដ្ឋ Assam ប្រកាសថាជាកម្មសិទ្ធិរបស់ខ្លួនដែរនោះ ត្រូវបានពលរដ្ឋរបស់ពួកគេ ប្រើប្រាស់ជាង 100 ឆ្នាំមកហើយ។ ប៉ុន្តែ ភាគីខាង Assam អះអាងថា ដែនដីមួយផ្នែកធំរបស់ខ្លួន ត្រូវបានគេរំលោភកាន់កាប់។
តំបន់ភាគឦសានដែលនៅដាច់ស្រយាល និងសម្បូរធនធានធម្មជាតិ របស់ប្រទេស ឥណ្ឌា គឺជាទីដែលមានបញ្ហាពូជសាសន៍កើតឡើងជាញឹកញាប់ ចាប់តាំងពីប្រទេសនេះ ដណ្ដើមបានឯករាជ្យ កាលពីឆ្នាំ 1947។ បន្ទាត់ព្រំប្រទល់រវាងរដ្ឋចំនួន 7 នៅតំបន់នេះ មិនត្រូវបានខណ្ឌចែកច្បាស់លាស់ ធ្វើឱ្យជម្លោះដណ្ដើមទឹកដី និងទ្រព្យសម្បត្តិ កើតមានជាបន្តបន្ទាប់ ប៉ុន្តែ កម្រកើតមានការប្រយុទ្ធគ្នារហូតដល់ថ្នាក់មានមនុស្សស្លាប់ច្រើនដូច្នេះ៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា