កងទ័ពចិន បានបំផ្ទុះទំនប់ទឹកមួយនៅ Luoyang នៃខេត្ត Henan ដើម្បីបង្វែរទិសរបស់ទឹកជំនន់ នៅចំពោះមុខការគំរាមកំហែងដ៏គ្រោះថ្នាក់ ក្រោយបាតុភូតភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងអំឡុងច្រើនសតវត្សរ៍កន្លង។
ទំនុបទឹកដែលត្រូវបានបំផ្ទុះកាលពីយប់ថ្ងៃទី 20 កក្កដា នេះ ស្ថិតនៅក្នុងទីក្រុង Luoyang នៃខេត្ត Henan ក្នុងគ្រាដែលជំនន់ទឹកភ្លៀង កំពុងវាយប្រហារទីក្រុងរដ្ឋបាលនៃខេត្ត Henan។
យ៉ាងហោចណាស់មានមនុស្សចំនួន 33 នាក់ បានស្លាប់នៅក្នុងគ្រោះជំនន់ទឹកភ្លៀងនៅខេត្ត Henan ក្នុងនោះក៏មានមនុស្សចំនួន 12 នាក់ ដែលជាប់នៅក្នុងរថភ្លើងក្រោមដី ក្នុងក្រុង Zhengzhou។ បេសកកម្មជួយសង្គ្រោះ នៅតែបន្តធ្វើឡើង ខណៈមនុស្សរាប់រយនាក់ដែលបាត់ខ្លួន មិនទាន់រកឃើញនៅឡើយ។
រដ្ឋបាលទីក្រុង Zhengzhou កំពុងប្រឹងប្រែងដើម្បីរក្សាប្រភពទឹក និងអគ្គិសនី ស្របពេលដែលខេត្ត Henan កំពុងត្រៀមខ្លួនដើម្បីប្រឈមនឹងគ្រោះជំនន់ទឹកភ្លៀងមួយផ្សេងទៀត។ ទាហានជាង 3,000 នាក់ កំពុងធ្វើការនៅតាមតំបន់គ្រោះថ្នាក់នានា នៅជុំវិញទីក្រុង។ ការខាតបង់ផ្នែកសេដ្ឋកិច្ច ត្រូវបានគេគណនាឃើញថា ប្រហែល 1.22 ពាន់លានយុន ស្មើនឹង 189 លានដុល្លារអាមេរិក។
ឥទ្ធិពលនៃទឹកជំនន់នេះ ក៏បានបណ្ដាលឱ្យពលរដ្ឋចំនួន 3 លាននាក់ នៅក្នុងស្រុក/ខណ្ឌចំនួន 877 របស់ខេត្ត Henan ត្រូវឈ្លៀសទៅកាន់ទីសុវត្ថិភាព។
ខេត្ត Henan ស្ថិតនៅក្នុងតំបន់វាលរាបភាគកណ្ដាលប្រទេសចិន លាតសន្ធឹងលើអាងទន្លេសំខាន់ៗចំនួន 4 គឺ ទន្លេ Hai River (Peiho), ទន្លេលឿង (Yellow River), ទន្លេ Hwai (Huai River) និងទន្លេ Yangtze (Yangzi river)។ ភូមិសាស្ត្រនៅតំបន់នេះ ទាបជាងតំបន់ក្បែរខាង ដូច្នេះ ងាយនឹងរងគ្រោះទឹកជំនន់ ខណៈប្រព័ន្ធបង្ហូរទឹកក៏មិនអាចដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងដ៏ធំនេះបាន៕
ប្រភព៖ AP
ប្រែសម្រួល៖ បុត្រា