ក្រុមហ៊ុន Carmat កាលពីថ្ងៃទី 19 កក្កដា បានឱ្យដឹងថា បានលក់បេះដូងសិប្បនិម្មិតទៅឱ្យអ្នកជំងឺជនជាតិអ៊ីតាលីម្នាក់ ដែលកំពុងរង់ចាំការវះកាត់។
យោងតាមសារព័ត៌មាន AFP ការវះកាត់នេះនឹងត្រូវបានធ្វើឡើងដោយក្រុមវេជ្ជបណ្ឌិត ដែលដឹកនាំដោយ Ciro Maiello នៅមន្ទីរពេទ្យ Azienda Ospedaliera dei Colli ក្នុងទីក្រុង Naples ដែលជាមជ្ឈមណ្ឌលមួយ មានបទពិសោធន៍ច្រើនជាងគេ នៅក្នុងវិស័យបេះដូងសិប្បនិម្មិត ប្រចាំប្រទេស អ៊ីតាលី។
Carmat ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2008 មានជំនាញខាងផលិតអវយវៈសិប្បនិម្មិត សម្រាប់អ្នកជំងឺ។ ក្រុមហ៊ុននេះ ត្រូវបានទទួលស្គាល់ដោយ CE marking កាលពីឆ្នាំ 2020 ដែលអនុញ្ញាតឱ្យលក់បេះដូងសិប្បនិម្មិត Aeson របស់ពួកគេ នៅក្នុងទីផ្សារអឺរ៉ុប ដើម្បីផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជន។
ការទទួលស្គាល់ខាងលើគឺ យោងទៅលើការសិក្សាស្រាវជ្រាវមួយ មានឈ្មោះថា PIVOTAL ដែលត្រូវបានធ្វើឡើងតាំងពីឆ្នាំ 2016 រហូតដល់បច្ចុប្បន្ន។ នៅខែវិច្ឆិកា ឆ្នាំ 2019 លទ្ធផលពីអ្នកជំងឺ 11 នាក់ដំបូង នៅក្នុងការពិសោធ បានបង្ហាញថា 73% បានបន្តរស់ក្នុងរយៈពេល 6 ខែ ដោយមានជំនួយពីបេះដូងសិប្បនិម្មិត។
បេះដូង Aeson មានទម្ងន់ 900 ក្រាម ប្រើប្រាស់វត្ថុធាតុ និងអង្គញាណជីវសាស្ត្រ។ ជាមូលដ្ឋាន បេះដូងនេះដំណើរការដូចទៅនឹងម៉ាស៊ីនបូមដើម្បីគ្រប់គ្រងលំហូរឈាម។
យោងតាមការគណនា បច្ចុប្បន្ន មានអ្នកជំងឺបេះដូងប្រហែល 2,000 នាក់ នៅពាសពេញតំបន់អឺរ៉ុបខាងលិច កំពុងស្ថិតក្នុងបញ្ជីឈ្មោះរង់ចាំការវះកាត់។
ក្រុមហ៊ុន Carmat បានឱ្យដឹងថា ផលិតផលរបស់ពួកគេ នឹងទទួលបានចំណាប់អារម្មណ៍បន្ថែមទៀត ពីអតិថិជននៅប្រទេស បារាំង និង អាល្លឺម៉ង់ នៅចុងឆ្នាំ 2021 នេះ។
ក្រុមហ៊ុនក៏កំពុងតែស្វែងរកអ្នកជំងឺចំនួន 10 នាក់បន្ថែមទៀត ដើម្បីចូលរួមក្នុងការពិសោធមួយ ក្រោយបានទទួលការអនុញ្ញាតពី សហរដ្ឋអាមេរិក។ កាលពីថ្ងៃទី 15 កក្កដា Carmat បានប្រកាសអំពីករណីវះកាត់ដាក់បេះដូង Aeson ដំបូង ជូនអ្នកជំងឺម្នាក់នៅ អាមេរិក នៅក្នុងក្របខណ្ឌនៃការពិសោធលើមនុស្ស នៅមន្ទីរពេទ្យនៃមហាវិទ្យាល័យ Duke ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Durham រដ្ឋ Carolina ខាងជើង នៃ សហរដ្ឋអាមេរិក៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា