យាន New Shepard ដែលរួមផ្សំរវាងរ៉ុក្កែតរុញច្រាន និងបន្ទប់ដឹកភ្ញៀវរបស់ក្រុមហ៊ុន Blue Origin បានហោះឡើងនៅវេលាម៉ោង 20 និង 11នាទី នៃថ្ងៃទី 20 កក្កដា ម៉ោងនៅភ្នំពេញ (ម៉ោង 8 និង 11នាទី នៅអាមេរិក)។
ក្រុមហ៊ុន Blue Origin បានធ្វើការហោះហើរដឹកមនុស្សលើកដំបូងរបស់ខ្លួន ចេញពីមូលដ្ឋាន Launch Site One នៅតំបន់ Van Horn ក្នុងរដ្ឋ Texas ឡើងទៅកាន់កំពស់ 107 គីឡូម៉ែត្រ ដោយជោគជ័យ។ អវកាសចរចំនួន 4 នាក់ដែលបានហោះហើរលើកដំបូងនេះ រួមមានស្ថាបនិកក្រុមហ៊ុន Blue Origin គឺ មហាសេដ្ឋី Jeff Bezos និងមនុស្សចំនួន 3 នាក់ទៀត ក្នុងនោះមានប្អូនស្រុសរបស់លោក Jeff Bezos គឺលោក Mark Bezos, លោកយាយវ័យ 82 ឆ្នាំ Wally Funk និងកំលោះជនជាតិហូឡង់ វ័យ 18 ឆ្នាំ លោក Oliver Daemen។ ការហោះហើរនេះ បានអូសបន្លាយពេលជិត 11 នាទី។
រ៉ុក្កែតស្វ័យប្រវត្តិ បាននាំបន្ទប់អវកាសចរ ឡើងទៅក្បែរជាយអវកាស មុនពេលត្រូវបានបំបែកពីគ្នា និងហោះត្រលប់មកចុះចតដោយត្រង់នៅលើផែនដី។ ប៉ុន្មាននាទីបន្ទាប់ពីបានស្ថិតនៅផ្នែកខាងលើនៃបន្ទាត់ព្រំដែន Karman ដែលខណ្ឌចែកបរិយាកាសផែនដី និងអវកាស បន្ទប់ដឹកអវកាសចរ ក៏បានត្រលប់មកកាន់ផែនដី ដោយប្រើប្រាស់ឆត្រយោង ចុះចតលើសមុទ្រខ្សាច់ Texas។
ក្រោយការហោះហើរនេះ លោក Jeff Bezos បានក្លាយជាមហាសេដ្ឋីទីពីរដែលបានហោះទៅកាន់ទីអវកាស។ កាលពីថ្ងៃទី 11 កក្កដា ស្ថាបនិកក្រុមហ៊ុន Virgin Group គឺមហាសេដ្ឋី Richard Branson បានចូលរួមហោះហើរមានមនុស្សលើកដំបូងរបស់យន្តហោះអវកាស VSS Unity ដែលអភិវឌ្ឍដោយក្រុមហ៊ុន Virgin Galactic។
ក្រុមហ៊ុន Virgin Galactic គឺជាគូប្រជែងសំខាន់របស់ Blue Origin។ តម្លៃសំបុត្រសម្រាប់កៅអីមួយកន្លែងរបស់ ក្រុមហ៊ុន Virgin Galactic គឺ 250,000 ដុល្លារ ខណៈ Blue Origin ថ្វីបើមិនទាន់បានប្រកាសអំពីតម្លៃសំបុត្រ ប៉ុន្តែ ត្រូវបានគេសន្និដ្ឋានថា ក៏ស្ថិតក្នុងតួលេខ 6 ខ្ទង់ដូចគ្នា។
ក្រុមហ៊ុនទាំងពីរខាងលើ សុទ្ធតែផ្ដល់ឱ្យអតិថិជន នូវ បទពិសោធន៍ស្ថិតក្នុងបរិស្ថានគ្មានទម្ងន់ ចាប់ពី 3 ដល់ 4 នាទី និងគយគន់ផែនដីពីចម្ងាយ។ យាន New Shepard គឺជាបន្ទប់ស្វ័យប្រវត្តិដែលត្រូវបានបាញ់បង្ហោះត្រង់ដោយរ៉ុក្កែត និងចុះចតដោយឆត្រយោង ចំណែក VSS Unity គឺជាយន្តហោះអវកាស បើកបរដោយបុគ្គលិកចំនួន 2 នាក់ និងហោះឡើងដោយពឹងលើយន្តហោះដឹកជញ្ជូន ហើយចុះចតដូចយន្តហោះដឹកអ្នកដំណើរធម្មតា។
Blue Origin កំពុងមានគម្រោងដឹកមនុស្សទៅកាន់ទីអវកាសចំនួន 2 លើកទៀតនៅក្នុងឆ្នាំនេះ។ ដោយឡែក Virgin Galactic វិញ ក៏មានផែនការហោះហើរសាកល្បងច្រើនលើកទៀតនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ បន្ទាប់មក នឹងធ្វើសកម្មភាពពាណិជ្ជកម្ម ចាប់ពីដើមឆ្នាំ 2022។ ក្រុមហ៊ុនទាំងនេះ ក៏សុទ្ធតែមានគម្រោងបង្កើនការហោះហើរទៅតាមពេលវេលា ដើម្បីកាត់បន្ថយការចំណាយ និងពង្រីកប្រភេទអតិថិជនគោលដៅ៕
ប្រភព៖ Space
ប្រែសម្រួល៖ បុត្រា