ប្រទេសចិន បានបាញ់បង្ហោះសាកល្បង យានដែលហោះឡើង និងចុះចតត្រង់ និងអាចប្រើប្រាស់ឡើងវិញច្រើនដង កាលពីថ្ងៃទី 16 កក្កដា នៅឯសមុទ្រខ្សាច់ Gobi។
យន្តហោះសម្រាប់ហោះទៅក្បែរគន្លងគោចររបស់ផែនដី និងអាចប្រើប្រាស់ឡើងវិញបានច្រើនដង ត្រូវបានបាញ់បង្ហោះឡើង និងចុះចតត្រង់ ប្រកបដោយស្ថិរភាព នៅលើព្រលានយន្តហោះនៅឯទីរួមស្រុក Alashan Meng នៃតំបន់ស្វយ័តម៉ុងហ្គោលីក្នុង (Inner Mongolia Autonomous Region) នៅភាគខាងជើងប្រទេសចិន។ ការធ្វើតេស្តនេះ ស្ថិតក្នុងគម្រោងត្រួតពិនិត្យ និងទទួលស្គាល់បច្ចេកវិទ្យា និងជាការហោះហើរសាកល្បងដំបូងដែលទទួលបានជោគជ័យគ្រប់ជ្រុងជ្រោយ។ យន្តហោះនេះ ត្រូវបានបញ្ជាឱ្យហោះឡើងពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅលើសមុទ្រខ្សាច់ Gobi ភាគពាយព្យនៃប្រទេសចិន។
យានខាងលើត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអាកាសចរណ៍អវកាសចិន (CASC)។ នេះគឺជាជោគជ័យដ៏សំខាន់នៅក្នុងការអភិវឌ្ឍយន្តហោះអវកាសល្បឿនលឿន ដែលអាចប្រើឡើងវិញច្រើនដង របស់ ចិន។
CASC បានប្រកាសគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអវកាស ដែលអាចប្រើប្រាស់ឡើងវិញ កាលពីឆ្នាំមុន។ គម្រោងនេះ រួមមានទាំងការអភិវឌ្ឍយានដែលអាចហោះឡើង និងចុះចតដោយត្រង់ ដូចទៅនឹងយន្តហោះធម្មតា ប៉ុន្តែ អាចហោះទៅដល់គ្រប់ទីកន្លែងនៅលើផែនដី ដោយចំណាយពេលត្រឹមតែមួយម៉ោង ពោលគឺលឿនជាងល្បឿនសំឡេងរហូតដល់ 5 ដងឯណោះ។ បណ្ដាញយន្តហោះប្រភេទនេះ នឹងជួយកាត់បន្ថយការចំណាយបានយ៉ាងច្រើន បើធៀបនឹងរ៉ុក្កែតធម្មតា ព្រោះវាងាយស្រួលសម្រាប់ការថែទាំ និងចំណាយពេលតិចក្នុងការរៀបចំសម្រាប់ជើងហោះហើរនីមួយ។
កម្មវិធីរបស់ចិនខាងលើនេះ កំពុងឈានទៅរកការអភិវឌ្ឍដោយជោគជ័យ នូវយន្តហោះអវកាស នាឆ្នាំ 2045 ប៉ុន្តែ ដំណាក់កាលដំបូងនៃគម្រោងនេះគឺការអភិវឌ្ឍយានដែលអាចហោះឡើង និងចុះចតដោយត្រង់ ដំណើរការដោយពឹងលើរ៉ុក្កែត។
នៅក្នុងឆ្នាំ 2020 កន្លងទៅ ប្រទេសចិន ក៏បានប្រកាសថា បានទទួលជោគជ័យក្នុងការសាកល្បងយន្តហោះអវកាសមួយផ្សេងទៀត ដែលរុញច្រានដោយរ៉ុក្កែត និងបានហោះទៅក្នុងគន្លងតារាវិថីរយៈពេល 2 ថ្ងៃ ហើយក្រោយមកក៏បានត្រលប់មកកាន់ផែនដី។ យន្តហោះអវកាសនេះ ត្រូវបានគេយល់ឃើញថា មានចំណុចច្រើនដែលដូចទៅនឹង X-37B ជាយន្តហោះស្វ័យប្រវត្តិដែលហោះជុំវិញគន្លងគោចរផែនដី របស់ទ័ពអាកាស សហរដ្ឋអាមេរិក៕
ប្រភព៖ SCMP
ប្រែសម្រួល៖ បុត្រា