ទីភ្នាក់ងារអវកាស រុស្ស៊ី (Roscosmos) ដាក់សំណើសាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអែរ នៅលើពិភពព្រះអង្គារ ក្នុងកិច្ចខិតខំ ដើម្បីប្រកួតប្រជែងនៅទីអវកាស ជាមួយនឹង សហរដ្ឋអាមេរិក និង ចិន។
ការសាងសង់រោងចក្រអគ្គិសនីនុយក្លេអែរ នៅលើភពព្រះអង្គារនេះ ត្រូវបានស្នើឡើងដោយសាខាមួយរបស់ Roscosmos គឺការិយាល័យ Arsenal មានជំនាញខាងផលិតយានអវកាស ផ្កាយរណប និងឧបករណ៍បច្ចេកវិទ្យាដទៃទៀត ដែលមានទីស្នាក់ការកណ្ដាលនៅតំបន់ St. Petersburg។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik។
ក្រុមវិស្វាកររបស់ Arsenal បង្ហើបឱ្យដឹងថា រោងចក្រនេះ នឹងត្រូវបាននាំទៅកាន់ភពអង្គារ តាមរយៈ Zeus ជាយានអូសអវកាស ដើរដោយនុយក្លេអែរ ដែលគ្រោងនឹងចាប់ផ្ដើមហោះហើរសាកល្បងនៅឆ្នាំ 2030។
សារព័ត៌មាន Sputnik សង្កត់ធ្ងន់ថា «យោងតាមសំណើរបស់ Arsenal រោងចក្រនុយក្លេអែរ នេះ នឹងត្រូវបានបញ្ជូនទៅកាន់ភពក្រហម ដោយយានអវកាស Zeus ហើយត្រូវទម្លាក់ចុះទៅកាន់ភពនេះដោយប្រព័ន្ធឆត្រយោង។ ក្រោយពីត្រូវបានដំឡើង រោងចក្រនេះនឹងត្រូវដំណើរការ ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី ដល់មូលដ្ឋានរបស់រុស្ស៊ី ដែលស្ថិតនៅលើដីភពអង្គារ។
នាយកប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្ត្រប្រចាំ Roscosmos លោក Alexander Bloshenko ឱ្យដឹងថា ពួកគេក៏មានផែនការនាំយកយានអវកាស Zeus ទៅកាន់ឋានព្រះចន្ទ ភពព្រហស្បតិ៍ និងភពសុក្រផងដែរ។
បើទោះជាត្រូវបានកត់ត្រាថា មានផ្កាយរណប មនុស្ស ស្ថានីយអវកាស ការចុះចតលើឋានព្រះចន្ទ និងភពអង្គារដំបូងគេក្នុងពិភពលោក ប៉ុន្តែ រុស្ស៊ី ចំណាយប្រាក់ត្រឹមតែ 3.58 ពាន់លានដុល្លារប៉ុណ្ណោះ សម្រាប់កម្មវិធីអវកាស នៅក្នុងឆ្នាំ 2020។ តួលេខនេះ ច្រើនជាង ជប៉ុន (260 លានដុល្លារ) ប៉ុន្តែ តិចជាងឆ្ងាយ បើធៀបនឹង បារាំង (4.04 ពាន់លានដុល្លារ) ចិន (8.85 ពាន់លានដុល្លារ) និង សហរដ្ឋអាមេរិក (47.69 ពាន់លានដុល្លារ) ក្នុងដំណាក់កាលដូចគ្នា៕
ប្រភព៖ Sputnik, Sun
ប្រែសម្រួល៖ បុត្រា