ប្រធានាធិបតីរបស់ ប្រេស៊ីល លោក Jair Bolsonaro ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីមានអាការត្អើកជាបន្តបន្ទាប់រយៈពេល 10 ថ្ងៃ ហើយអាចត្រូវធ្វើការវះកាត់ជាបន្ទាន់។
សារព័ត៌មាន RT (រុស្ស៊ី) កាលពីថ្ងៃទី 14 កក្កដា បានចេញផ្សាយថា ការិយាល័យរបស់លោក Bolsonaro បានបញ្ជាក់ថា ប្រធានាធិបតីរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅ Brasilia ក្នុងថ្ងៃដដែលនោះ។ នៅទីនោះ លោកនឹងត្រូវបានតាមដានសុខភាពចាប់ពី 24 ដល់ 48 ម៉ោង។ ក្នុងប្រកាសថ្មី ការិយាល័យប្រធានាធិបតី ឱ្យដឹងថា លោក Bolsonaro ត្រូវបានបញ្ជូនទៅកាន់ Sao Paulo ដើម្បីវាយតម្លៃសម្រាប់ការវះកាត់បន្ទាន់។
សារព័ត៌មាននៃប្រទេសប្រេស៊ីល បានផ្សាយដែរថា លោក Bolsonaro មានអាការឈឺពោះ និងត្អើក នៅពេលបង្ហាញខ្លួននៅចំពោះមុខសាធារណជន។ ប្រធានាធិបតីរូបនេះ ធ្លាប់បាននិយាយថា អាការត្អើកនេះ គឺមកពីថ្នាំដែលលោកត្រូវលេប នៅក្នុងការវះកាត់ព្យាបាលធ្មេញ កាលពីមួយខែមុន។
លោក Bolsonaro ធ្លាប់បានចូលពេទ្យសង្គ្រោះបន្ទាន់ជាច្រើនលើក ដោយសារតែត្រូវគេចាក់នឹងកាំបិត ការឆ្លង COVID-19 និងត្រូវសត្វព្រៃវាយប្រហារ។
កាលពីឆ្នាំ 2018 ក្នុងពេលកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក Bolsonaro ត្រូវគេចាក់ចាំពោះ និងក្រោយមកក៏ត្រូវវះកាត់ជាច្រើនលើក។
លោក Bolsonaro ត្រូវគេរកឃើញថា វិជ្ជមាននឹង COVID-19 ជាច្រើនលើក កាលពីរដូវក្ដៅឆ្នាំមុន។ នៅពេលត្រូវធ្វើចត្តាឡីស័ក ប្រធានាធិបតីរូបនេះ ក៏ត្រូវសត្វអូទ្រិសធំមួយក្បាល ខាំផងដែរ។
ការចូលពេទ្យលើកនេះ ទំនងជាមានសភាពធ្ងន់ធ្ងរជាងមុន។ ក្រុមវេជ្ជបណ្ឌិត បានប្រាប់សារព័ត៌មាន ប្រេស៊ីល ថា អាការត្អើកជាបន្តបន្ទាប់របស់លោកប្រធានាធិបតី Bolsonaro អាចជារោគសញ្ញាធ្ងន់ធ្ងរជាងផលប៉ះពាល់ពីការវះកាត់ព្យាបាលធ្មេញ៕
ប្រភព៖ BBC
ប្រែសម្រួល៖ បុត្រា