គណៈរដ្ឋមន្ត្រីថៃ ទើបតែបានប្រកាសអំពីកញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុដែលមានតម្លៃ 42 ពាន់លានបាត (ជិត 1.3 ពាន់លានដុល្លារអាមេរិក) សម្រាប់ប្រជាជន និងក្រុមហ៊ុន ដែលរងគ្រោះដោយសារការដាក់បម្រាមគោចរតាមដំណាក់កាល ដែលត្រូវបានធ្វើឡើងកាលពីដើមសប្ដាហ៍នេះ នៅទីរាជធានីបាងកក និងខេត្តចំនួន 9 ផ្សេងទៀត។
យោងតាមសារព័ត៌មាននានានៅទីក្រុងបាងកក កញ្ចប់ជំនួយខាងលើនេះ ត្រូវបានអនុម័ត បន្ទាប់រាជរដ្ឋាភិបាលថៃ អនុវត្តវិធានការតឹងរ៉ឹង ដើម្បីគ្រប់គ្រង COVID-19 ក្នុងនោះមានទាំងបម្រាមគោចរនៅពេលយប់ ចាប់ពីម៉ោង 21 ថ្ងៃមុន រហូតដល់ម៉ោង 4 ទៀបភ្លឺនៃថ្ងៃបន្ទាប់ នៅរាជធានីបាងកក និងខេត្តក្បែរខាងមួយចំនួន រួមមាន ខេត្ត Nakhon Pathom, Nonthaburi, Pathum Thani, Samut Prakan, Samut Sakhon និង 4 ខេត្តផ្សេងទៀតដែលស្ថិតនៅភាគខាងត្បូងប្រទេសនេះ រួមមាន ខេត្ត Narathiwat, Pattani, Yala និង ខេត្ត Songkhla។
នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានបង្ហោះសារនៅលើទំព័រ Facebook ផ្ទាល់ខ្លួនថា គណៈរដ្ឋមន្ត្រីប្រទេសនេះ បានអនុម័តលើវិធានការសង្គ្រោះថ្មី ដែលលើកឡើងដោយក្រុមអ្នកសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក្នុងបំណងប៉ះប៉ូវច្រើនបំផុតតាមដែលអាចធ្វើទៅបាន សម្រាប់ពលរដ្ឋទាំងឡាយណាដែលរងផលប៉ះពាល់ដោយសារបម្រាមគោចរ។
ជំនួយផ្នែកហិរញ្ញវត្ថុនេះ នឹងផ្ដល់ឱ្យទាំងអ្នកគ្រប់គ្រងអាជីវកម្ម ទាំងបុគ្គលិកស៊ីឈ្នួល នៅក្នុងរដ្ឋធានី និងខេត្តដែលរងផលប៉ះពាល់។ វិស័យជំនួញដែលមានឈ្មោះនៅក្នុងបញ្ជីត្រូវទទួលបានរបបខាងលើ រួមមាន វិស័យសំណង់ សណ្ឋាគារ សេវាកម្មហូបចុក សិល្បៈ និងកម្សាន្ត។
ពលរដ្ឋ ថៃ ក៏នឹងទទួលបានការបញ្ចុះតម្លៃអគ្គិសនី និងទឹកប្រើប្រាស់សម្រាប់ខែកក្កដា និងសីហា។ ជាងនេះ រដ្ឋាភិបាលថៃ ក៏សម្រេចបញ្ចុះតម្លៃសិក្សា និងខ្ទង់ចំណាយផ្សេងៗសម្រាប់ឆមាសដំបូងនៃឆ្នាំសិក្សានេះ ព្រមទាំងបានស្នើឱ្យធនាគារជាតិ ធនាគារពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុនានា បន្ធូរបន្ថយការកំណត់នៅក្នុងការទូទាត់បំណុលផងដែរ។
ប្រទេសថៃ នាថ្ងៃទី 14 កក្កដា ឆ្នាំ 2021 នេះ ប្រកាសថា បានរកឃើញករណីវិជ្ជមានថ្មីចំនួន 9,317 នាក់ និងស្លាប់ចំនួន 87 នាក់ដោយសារ COVID-19។ គិតមកដល់បច្ចុប្បន្ន ប្រទេសនេះ បានរកឃើញអ្នកឆ្លងវីរុសសរុប 363,029 នាក់ ក្នុងនោះមាន 3,934 នាក់បានស្លាប់៕
ប្រភព៖ bangkokpost
ប្រែសម្រួល៖ បុត្រា