ជំនន់ទឹកភ្លៀង បានគួច និងវាយពន្លិចកប៉ាល់ជាច្រើនគ្រឿង នៅពេលមេឃមានភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារលើទីក្រុង Bazhong នៃខេត្ត Sichuan ភាគឦសានប្រទេសចិន។
ក្នុងវីដេអូ ដែលបានបង្ហោះនៅលើបណ្ដាញសង្គម បង្ហាញថា ទឹកជំនន់ កំពុងហូរគួចយ៉ាងខ្លាំងក្លានៅក្នុងតំបន់ភ្នំមួយនៃទីក្រុង Bazhong កាលពីថ្ងៃទី 10 កក្កដា បន្ទាប់ពីភ្លៀងចាប់ផ្ដើមធ្លាក់កាលពីដើមខែនេះ។ កប៉ាល់ជាច្រើនគ្រឿងត្រូវបានទឹកជំនន់គួចយកទៅទម្លាក់ចូលទៅក្នុងទីជ្រៅនៃទន្លេ។
ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Sichuan ចាប់ពីថ្ងៃទី 9 កក្កដា បានបណ្ដាលឱ្យទឹកទន្លេចំនួន 14 នៅប្រទេសចិន ត្រូវឡើងខ្ពស់ និងគួចយកទាំងស្ពាន កប៉ាល់ និងផ្ទះជាច្រើន ហើយនាំឱ្យមនុស្សជាង 4,600 នាក់ ត្រូវជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព។
មិនទាន់មានរបាយការណ៍អំពីការស្លាប់ ប៉ុន្តែ សារព័ត៌មានចិន បានឱ្យដឹងថា ជំនន់ទឹកភ្លៀងបានប៉ះពាល់ដល់មនុស្សជាង 120,000 នាក់ និងបង្កការខូចខាតជាង 176 លានយុន (ប្រហែល 27 លានដុល្លារអាមេរិក)។
មជ្ឈមណ្ឌលជាតិឧតុនិយមរបស់ចិន កាលពីថ្ងៃទី 11 កក្កដា បានបន្តប្រកាសអាសន្ន ដោយប្រាប់ថា ភ្លៀងធំនឹងធ្លាក់នៅពាសពេញផ្ទៃប្រទេស ពិសេសគឺនៅភាគខាងជើង និងភាគកណ្ដាល៕
ប្រភព៖ Reuters, Global Times
ប្រែសម្រួល៖ បុត្រា