Skip to content

វេជ្ជបណ្ឌិត​ជនជាតិ​អាមេរិក ត្រូវគេ​សង្ស័យថា នៅ​ពីក្រោយ​ករណី​​ធ្វើ​ឃាត​​ប្រធានាធិបតី ហៃ​ទី

ពលរដ្ឋ​អាមេរិក ដើមកំណើត ហៃ​ទី ទី​បី ដែល​ជាប់​ទាក់ទិន​នឹង​ករណី​ធ្វើឃាត​ប្រធានាធិបតី Moise គឺ Sanon ដោយបាន​សារភាពថា ជា​វេជ្ជបណ្ឌិត និង «មាន​ផែនការ​ក្លាយជា​ប្រធានាធិបតី ហៃ​ទី»។

«Christian Emmanuel Sanon ដែល​បានរស់នៅ​ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក បាន​ជាង 20 ឆ្នាំ ត្រូវបាន​គេ​សង្ស័យថា​ជា បុគ្គល​ម្នាក់ ក្នុងចំណោម​មេដឹកនាំ​ក្រុម​ប្រដាប់អាវុធ ដែល​បាន​ធ្វើឃាត​ប្រធានាធិបតី ហៃ​ទី លោក Jovenel Moise» នេះ​បើតាម​សារព័ត៌មាន Miami Herald ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី11 ខែកក្កដា។ Sanon មាន​ក្រុមហ៊ុន​ជាង 10 ដែល​បាន​ចុះបញ្ជី​នៅក្នុង​រដ្ឋ Florida ក្នុងពេល​កន្លង រួមមាន​បណ្ដា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​វេជ្ជសាស្ត្រ ថាមពល និង​អចលនទ្រព្យ ប៉ុន្តែ ក្រុមហ៊ុន​ទាំងនេះ ភាគច្រើន​ត្រូវបាន​គេ​រកឃើញថា លែង​ដំណើរការ។

Sanon ប្រាប់ថា ខ្លួន​ជា​វេជ្ជបណ្ឌិត ប៉ុន្តែ សារព័ត៌មាន Miami Herald មិនអាច​បញ្ជាក់បាន​ថា បុគ្គល​នេះ​មានឈ្មោះ ឬ​មិនមាន នៅក្នុង​បញ្ជីរាយនាម​ដែល​ទទួលបាន​លិខិតអនុញ្ញាត​ឱ្យ​រកស៊ី​ផ្នែក​វេជ្ជសាស្ត្រ​នៅ Florida នោះទេ។

រថយន្ត​មួយ​គ្រឿង​របស់​ក្រុម​ជន​សង្ស័យ​ ត្រូវ​គេ​ដុត​ចោល​ នៅ​ក្បែរ​ការិយាល័យ​ប៉ូលិស ជា​កន្លែង​ដែល​ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​ កាល​ពី​ថ្ងៃទី 9 ខែ​កក្កដា​

ឯក​សារបាន​បង្ហាញថា Sanon បានដាក់​ពាក្យសុំ​ក្ស័យធន​កាលពី​ឆ្នាំ 2013 នៅក្នុង​ទីក្រុង Tampa រដ្ឋ Florida និង​ត្រូវ​រឹបអូស​យក​ផ្ទះមួយ​ខ្នង​នៅក្នុង​ក្រុង Hillsborough ដោយ​ជាប់បំណុល​ជាង 400,000 ដុល្លារ​អាមេរិក។

ប្រភពព័ត៌មាន​នានា បានឱ្យដឹងថា Sanon គឺជា​ពលរដ្ឋ​អាមេរិក ដើមកំណើត ហៃ​ទី ទី​បី ដែល​ត្រូវបាន​ចាប់ខ្លួន ព្រោះ​ជាប់ទាក់ទង​នឹង​ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី ហៃ​ទី។ ចំណែក​បុគ្គល 2 នាក់​ទៀត គឺ James Solages អាយុ 35 ឆ្នាំ និង Joseph Vincent អាយុ 55 ឆ្នាំ បាន​សារភាព​នៅពេល​ត្រូវបាន​សួរនាំ​ថា ករណី​ឃាត​កម្មនេះ​គឺជា​ផ្នែក​មួយ​នៅក្នុង​ផែនការ​ដើម្បី​ជួយ​ឱ្យ Sanon ក្លាយជា​ប្រធានាធិបតី ហៃ​ទី។

ពួកគេ​បាន​និយាយថា តាម​ផែនការ គឺ មិនមែន​ដើម្បី​ធ្វើឃាត Moise នោះទេ ប៉ុន្តែ គ្រាន់តែ​ចាប់ខ្លួន​លោក ទៅតាម​បទបញ្ជា​កាលពី​ឆ្នាំ 2019 និង​នាំខ្លួន​លោក​ទៅកាន់​វិមាន​ប្រធានាធិបតី  ជា​កន្លែង​ដែល Sanon នឹង​ចូលមក​ជំនួស។

ប្រធានាធិបតីរបស់ប្រទេស ហៃទី លោក Jovenel Moise ត្រូវបានធ្វើឃាតនៅក្នុងផ្ទះរបស់លោក កាលពីថ្ងៃទី 7 ខែកក្កដា

មេដឹកនាំ​ប៉ូលិស​ជាតិ ហៃ​ទី លោក Leon Charles កាលពី​ថ្ងៃទី 10 ខែកក្កដា បានឱ្យដឹង​ដែរ​ថា ផែនការ​ធ្វើឃាត មាន​ជាប់​ទាក់ទិន​នឹង​ពលរដ្ឋ​អាមេរិក ដើមកំណើត ហៃ​ទី ចំនួន 2 នាក់ និង​វេជ្ជបណ្ឌិត​ល្បីឈ្មោះ​ម្នា​ក់នៅ សហរដ្ឋអាមេរិក ប៉ុន្តែ មិនបាន​លើកឡើង​អំពី​ឈ្មោះ Sanon នេះ​ទេ។

«ខ្ញុំ​អាច​និយាយបានថា វេជ្ជបណ្ឌិត​ដើមកំណើត ហៃ​ទី បាន​ជួល» ក្រុម​ឃាតករ។ ក្រុម​នេះ បាន​ចុះឈ្មោះ​ជា​ពលរដ្ឋ​របស់ កូ​ឡុំ​ប៊ី ដើម្បី​ធ្វើ​សកម្មភាព។

សូម​រំលឹកថា លោក Jovenel Moise អាយុ 53 ឆ្នាំ ត្រូវបាន​ធ្វើឃាត​នៅក្នុង​ផ្ទះ​របស់លោក កាលពី​ថ្ងៃទី 7 ខែកក្កដា ដោយ​ក្រុម​ប្រដាប់អាវុធ​មួយក្រុម​ដែល​បន្លំ​ខ្លួន​ជា​កម្លាំង​ពិសេស នៃ​អង្គភាព​ប្រឆាំង​គ្រឿងញៀន​របស់ សហរដ្ឋអាមេរិក។ ក្រុមមន្ត្រី ហៃ​ទី បាន​អធិប្បាយ​ថា ក្រុម​ឃាតករ​នេះ គឺជា «ទាហាន​ស៊ីឈ្នួល​បរទេស» ដែល​ត្រូវបាន​បណ្ដុះបណ្ដាល​យ៉ាង​ស្ទាត់ជំនាញ»៕

ប្រភព៖ NY Post
ប្រែ​សម្រួល៖ បុត្រា

Leave a Reply

Your email address will not be published. Required fields are marked *