ប្រទេសចិនបានចាប់ផ្ដើមបើកដំណើរការសាកល្បងនូវ សារមន្ទីរតារាសាស្ត្រធំជាងគេបង្អស់ក្នុងពិភពលោក ដែលមានទីតាំងនៅក្នុងទីក្រុងសៀងហៃ ជាមួយនឹងបទពិសោធន៍មិនធ្លាប់មាន ដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ។
ស្ថិតនៅភាគខាងកើតនៃប្រទេសចិន សារមន្ទីរតារាសាស្ត្រ សៀងហៃ ដែលជាវិមានតារាសាស្ត្រធំជាងគេបំផុតក្នុងពិភពលោក បានចាប់ផ្ដើមដំណើរការសាកល្បងកាលពីថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2021។
ដោយមានទំហំ 58,600 ម៉ែត្រការ៉េ សារមន្ទីរនេះ នាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ ដោយមានជំនួយពីបច្ចេកវិទ្យាអន្តរកម្ម និងរូបភាពដ៏សែនទំនើប។
ភ្ញៀវដែលចូលមកទស្សនា មានសិទ្ធិទទួលយកបទពិសោធន៍ទាក់ទងនឹងការដើរនៅលើដីនៃឋានព្រះចន្ទ តាមរយៈបច្ចេកវិទ្យាពិភពនិម្មិត (Virtual Reality) ឬដើរចូលទៅខាងក្នុងបន្ទប់ស្នូលនិម្មិត Tianhe (Tianhe core module) នៃស្ថានីអវកាសចិន Tiangong ដើម្បីស្វែងយល់អំពីរបៀបដែលក្រុមអ្នកអវកាសរស់នៅ និងធ្វើការក្នុងទីអវកាស។ គំរូយានស្រាវជ្រាវនៃ Chang’e 5 និង Yutu-2 ក៏ត្រូវបានដាក់តាំងបង្ហាញក្នុងវិមានតារាសាស្ត្រនេះ។
នៅក្នុងសារមន្ទីរនេះ មានការតាំងពិព័រណ៍ជាង 300 កន្លែង ក្នុងនោះមាន 50% គឺជាការពិព័រណ៍បែបអន្តរកម្ម។ អាចម៍ផ្កាយល្បីឈ្មោះ ប្រមាណ 70 ដុំ, វត្ថុជាបេតិកភណ្ឌវប្បធម៌ជាង 120 បំណែក/ឈុត រួមនឹងឯកសារដើមរបស់ក្រុមអ្នកវិទ្យាសាស្ត្រល្បីឈ្មោះ ដូចជា Newton, Kepler និង Galileo ជាដើម ក៏ត្រូវបានដាក់តាំងបង្ហាញនៅទីនេះផងដែរ៕
ប្រភព៖ CNS
ប្រែសម្រួល៖ បុត្រា