សហរដ្ឋអាមេរិក និងប្រទេស កូឡុំប៊ី បានបញ្ជូនមន្ត្រីអនុវត្តច្បាប់ រួមនឹងកម្លាំងពិសេសផ្នែកស៊ើបការណ៍សម្ងាត់ ទៅកាន់ប្រទេស ហៃទី ដើម្បីស៊ើបអង្កេតករណីឃាតកម្មលើប្រធានាធិបតី Moise បន្ទាប់ពីពលរដ្ឋរបស់ពួកគេ ត្រូវបានប៉ូលិស ហៃទី ចាប់ខ្លួន។
សហរដ្ឋអាមេរិក បានសន្យាថា នឹងបញ្ជូនក្រុមមន្ត្រីជាន់ខ្ពស់ នៃអង្គភាពស៊ើបអង្កេតសហព័ន្ធ (FBI) និងអង្គភាពសន្តិសុខផ្ទៃក្នុងជាតិ (DHS) ទៅកាន់ប្រទេស ហៃទី ឆាប់ៗនេះ ដើម្បីវាយតម្លៃស្ថានការណ៍ និងពិនិត្យមើលថា តើពួកគេអាចជួយប្រទេស ហៃទី ដោយរបៀបណា។ សេតវិមាន បានឱ្យដឹងដូច្នេះ កាលពីថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2021។
ចំណែកប្រធានាធិបតី Ivan Duque នៃប្រទេស កូឡុំប៊ី ឱ្យដឹងថា មេដឹកនាំនៃអង្គភាពស៊ើបការណ៍សម្ងាត់របស់ប្រទេស កូឡុំប៊ី និងប្រធានផ្នែកស៊ើបការណ៍របស់ប៉ូលិសប្រទេសនេះ ក៏នឹងទៅកាន់ ហៃទី ក្នុងបំណងរួមចំណែកជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីជួយដល់ ហៃទី សម្រាប់ការស៊ើបអង្កេតលើករណីធ្វើឃាតប្រធានាធិបតី Moise។
ឧត្តមសេនី Luis Fernando Navarro អគ្គមេបញ្ជាការកងទ័ព កូឡុំប៊ី និយាយថា ជនសង្ស័ងចំនួន 17 នាក់ ទាក់ទិននឹងករណីធ្វើឃាតប្រធានាធិបតី Moise គឺជាអតីតទាហានរបស់ប្រទេសនេះ ហើយពួកគេបានឈប់ធ្វើទាហានក្នុងឆ្នាំ 2018-2020។
អគ្គស្នងការប៉ូលិសជាតិ កូឡុំប៊ី Jorge Luis Vargas ឱ្យដឹងថា ជនសង្ស័យចំនួន 11 នាក់ បានទៅកាន់ទីក្រុង Punta Cana នៃប្រទេស ដូមីនិក (Dominica) ដែលគ្រប់គ្រងកោះ Hispaniola ជាមួយនឹង ហៃទី ហើយក៏បានឆ្លងដែនចូលទឹកដី ហៃទី។ ជនសង្ស័យ 2 នាក់ផ្សេងទៀត បានជិះយន្តហោះទៅកាន់ប្រទេស ប៉ាណាម៉ា និងបន្តដំណើរទៅកាន់រដ្ឋធានី Santo Domigo របស់ ដូមីនិក មុននឹងចូលដល់រដ្ឋធានី Port-au-Prince របស់ ហៃទី។
សូមរំលឹកថា ប្រធានាធិបតីរបស់ប្រទេស ហៃទី លោក Jovenel Moise ត្រូវបានក្រុមប្រដាប់អាវុធមួយក្រុម បាញ់សម្លាប់ កាលពីថ្ងៃទី 7 ខែកក្កដា នៅក្នុងភូមិគ្រឹះរបស់លោក។ ប៉ូលិស ហៃទី ឱ្យដឹងថា ក្រុមឃាតករមានគ្នាចំនួន 16 នាក់ ដែលជាទាហានស៊ីឈ្នួល ជនជាតិ កូឡុំប៊ី និង 2 នាក់ទៀតជាពលរដ្ឋអាមេរិក ដើមកំណើត ហៃទី ក្នុងនោះមានម្នាក់ឈ្មោះ James Solages អាយុ 35 ឆ្នាំ និងម្នាក់ទៀតឈ្មោះ Joseph Vincent អាយុ 55 ឆ្នាំ មកពីរដ្ឋ Florida សហរដ្ឋអាមេរិក៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា