កាលពីថ្ងៃទី 9 ខែកក្កដា (ម៉ោងក្នុងស្រុក) សភាជាន់ខ្ពស់របស់ ហៃទី បានបោះឆ្នោតជ្រើសរើសប្រធានសភាជាន់ខ្ពស់ លោក Joseph Lambert ឱ្យធ្វើជាប្រធានាធិបតីស្ដីទី ក្រោយប្រធានាធិបតី Jovenel Moise ត្រូវគេធ្វើឃាត។
នេះគឺជាជំហានដែលអាចបង្កឧបសគ្គផ្ទាល់ដល់នាយករដ្ឋមន្ត្រីស្ដីទី លោក Claude Joseph ដែលចាត់ទុកខ្លួនឯងថាជាមេដឹកនាំបច្ចុប្បន្នរបស់ ហៃទី និងកំពុងទទួលបានការគាំទ្រពី សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ។
សភាជាន់ខ្ពស់ ហៃទី បានប្រកាសថា លោក Joseph Lambert នឹងកាន់តំណែងប្រធានាធិបតី រហូតដល់ថ្ងៃចន្ទដំបូងនៃខែមករា ឆ្នាំ 2022 ឬក៏រហូតដល់មានប្រធានាធិបតីថ្មី ក្រោយការបោះឆ្នោតនៅថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2022។
ក៏ប៉ុន្តែ នាយករដ្ឋមន្ត្រីស្ដីទី លោក Claude Joseph បានចោទក្រុមជាគូប្រជែងថា កំពុងប្រើប្រាស់ករណីឃាតកម្មលើប្រធានាធិបតី Moise ដើម្បីក្ដោបក្ដាប់អំណាចផ្នែកនយោបាយ ដែលនេះគឺចង់សំដៅលើក្រុមតំណាងរាស្ត្រដែលបានគាំទ្រលោក Joseph Lambert។ «ជាក់ស្ដែង សភាជាន់ខ្ពស់ ហៃទី លែងមានសុពលភាពហើយ ដោយសារតែកៅអីសភាជាច្រើន កំពុងនៅទំនេរ» នេះបើយោងតាមលោក Claude Joseph។
កាលពីថ្ងៃទី 8 ខែកក្កដា ក្រុមប៉ូលិស ហៃទី ឱ្យដឹងថា យ៉ាងហោចណាស់ មានបុគ្គលចំនួន 28 នាក់ បានចូលរួមក្នុងការធ្វើឃាតប្រធានាធិបតី Jovenel Moise ក្នុងនោះមាន 26 នាក់គឺជាជនជាតិ កូឡុំប៊ី និង 2 នាក់ ជាជនជាតិ អាមេរិក ដើមកំណើត ហៃទី។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អគ្គស្នងការប៉ូលិសជាតិ ហៃទី លោក Leon Charles ឱ្យដឹងថា សមត្ថកិច្ច បានចាប់ខ្លួនជនសង្ស័យចំនួន 15 ជាជនជាតិ កូឡុំប៊ី និង 2 នាក់ ជាជនជាតិអាមេរិក ដើមកំណើត ហៃទី។ ប៉ូលិសកំពុងតាមចាប់ខ្លួនជនសង្ស័យចំនួន 8 នាក់ផ្សេងទៀត។
ប្រភព៖ Detroitnews
ប្រែសម្រួល៖ បុត្រា