ក្រុមមនុស្សចំនួន 11 នាក់ ដែលត្រូវគេសង្ស័យថាជា ឃាតករបាញ់សម្លាប់ប្រធានាធិបតីនៃប្រទេស ហៃទី លោក Jovenel Moise បានចូលលាក់ខ្លួនក្នុងការិយាល័យតំណាងកោះតៃវ៉ាន់ ប្រចាំរដ្ឋធានី Port-au-Prince ហើយក៏ត្រូវបានប៉ូលិសចាប់ខ្លួន។
Joanne Ou អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ ថ្ងៃនេះ បានឱ្យដឹងថា ការិយាល័យតំណាងរបស់កោះនេះប្រចាំនៅរដ្ឋធានីនៃប្រទេស ហៃទី បានបិទទ្វារ ដោយសារតែបញ្ហាអសន្តិសុខ ក្រោយប្រធានាធិបតី Moise ត្រូវគេធ្វើឃាត។
លោកស្រី Ou បានឱ្យដឹងថា បុគ្គលិកសន្តិសុខរបស់ការិយាល័យតំណាងតៃវ៉ាន់ បានឃើញជនប្រដាប់អាវុធមួយក្រុម សម្រុកចូលការិយាល័យនេះ។ បុគ្គលិកសន្តិសុខក៏បានរាយការណ៍ប្រាប់ប៉ូលីស ហៃទី។ ការិយាល័យតំណាងតៃវ៉ាន់ បានអនុញ្ញាតឱ្យប៉ូលិស ហៃទី ចូលទៅខាងក្នុង ដើម្បីចាប់ខ្លួនជនសង្ស័យទាំងនោះ ក្រោយមានការស្នើពីរដ្ឋាភិបាល ហៃទី។
ក្នុងសេចក្ដីប្រកាសមួយដែលបង្ហោះនៅលើគេហទំព័រ ការិយាល័យតំណាង តៃវ៉ាន់ ប្រចាំទីក្រុង Port-au-Prince សរសេរថា ក្រុមខ្មាន់កាំភ្លើងនេះគឺជា «ទាហានស៊ីឈ្នួល» និងជាក្រុមជនសង្ស័យដែលទាក់ទិននឹងអំពើឃាតកម្មលើប្រធានាធិបតី Moise។
ប្រកាសរបស់ការិយាល័យតំណាង តៃវ៉ាន់ ឱ្យដឹងថា «ប៉ូលិសបានចាប់ផ្ដើមធ្វើការនៅម៉ោងប្រហែល 16 នៃថ្ងៃទី 8 ខែកក្កដា និងបានចាប់ខ្លួនជនសង្ស័យចំនួន 11នាក់។ ការចូលចាប់ខ្លួននេះ ដំណើរការដោយរលូន»។ ការិយាល័យនេះ អធិប្បាយថា ករណីឃាតកម្មលើប្រធានាធិបតី Moise គឺពិតជា «ឃោរឃៅ និងគួរឱ្យភ័យខ្លាច»។
ហៃទី គឺជាប្រទេសមួយ ក្នុងចំណោម 15 ប្រទេស ដែលនៅរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់។ ការិយាល័យតំណាងរបស់ តៃវ៉ាន់ ស្ថិតនៅក្បែរភូមិគ្រឹះលើជម្រាលភ្នំ របស់ប្រធានាធិបតី ហៃទី ជាទីដែលលោក Moise ត្រូវគេធ្វើឃាត។
ប៉ូលិស ហៃទី ឱ្យដឹងថា ជនជាតិ កូឡុំប៊ី ចំនួន 26 នាក់ រួមនឹងជនជាតិអាមេរិកដើមកំណើត ហៃទី ចំនួន 2 នាក់ គឺជាអ្នកនៅពីក្រោយករណីឃាតកម្មលើប្រធានាធិបតី Moise។ «យើងបានចាប់ខ្លួនជនជាតិ កូឡុំប៊ី ចំនួន 15 នាក់ និងជនជាតិអាមេរិក ដើមកំណើត ហៃទី ចំនួន 2 នាក់។ ជនជាតិ កូឡុំប៊ី ចំនួន 3 នាក់ ត្រូវបានសម្លាប់ ខណៈ 8 នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន» នេះបើតាមអគ្គស្នងការប៉ូលិសជាតិ ហៃទី លោក Leon Charles។
ក្រសួងការបរទេសរបស់ សហរដ្ឋអាមេរិក បានឱ្យដឹងថា បច្ចុប្បន្ន មិនទាន់អាចបញ្ជាក់បានអំពីករណីពលរដ្ឋអាមេរិកណាខ្លះ ត្រូវបានចាប់ខ្លួន ឬយ៉ាងណានៅឡើយ៕
ប្រភព៖ AFP
ប្រែសម្រួល៖ បុត្រា