សាកសពរបស់ប្រធានាធិបតី Jovenel Moise មានស្នាមគ្រាប់កាំភ្លើងចំនួន 12 គ្រាប់ នៅត្រង់កន្លែងគ្រោះថ្នាក់ដល់ជីវិត ខណៈបន្ទប់ធ្វើការ និងបន្ទប់គេង សុទ្ធតែត្រូវឆែកឆេរ។
«យើងបានរកឃើញស្នាមគ្រាប់កាំភ្លើងចំនួន 12 កន្លែង នៅលើរាងកាយរបស់ប្រធានាធិបតី» Carl Henry Destin អនុប្រធានតុលាការ នៅ Pétion-Ville ជាយក្រុង Port-au-Prince បានប្រាប់កាសែត ហៃទី Le Nouvelliste ដូច្នេះ។ លោក Carl Henry Destin និយាយថា គ្រាប់កាំភ្លើងទាំងនេះ ត្រូវបានបាញ់ចេញពីអាវុធធុនធ្ងន់»។
«បន្ទប់ធ្វើការ និងបន្ទប់គេងរបស់ប្រធានាធិបតី ត្រូវបានគេឆែកឆេរគ្រប់កន្លែង។ យើងឃើញថា គាត់ស្លាប់ក្នុងឥរិយាបថដេកផ្ងារ ស្លៀកខោពណ៌ខៀវ អាវសាមិពណ៌សធ្លុះធ្លាយដោយគ្រាប់កាំភ្លើង និងមាត់ហាធំ» លោក Destin និយាយបន្ថែម។ គ្រាប់កាំភ្លើងមួយគ្រាប់បាញ់ចំថ្ងាស ពីរគ្រាប់ត្រង់ទ្រូងទាំងសងខាង បីគ្រាប់ត្រង់ត្រគាក និងមួយគ្រាប់ត្រង់ពោះ»។
ប្រធានាធិបតី Moise មានក្រុមអង្គរក្សដោយឡែក រួមមានសមាជិកមកពីអង្គភាពជំនាញរបស់ប៉ូលិស ហៃទី ប៉ុន្តែ ក្នុងករណីឃាតកម្មកាលពីថ្ងៃទី 7 ខែកក្កដា មានតែប្រធានាធិបតី និងភរិយារបស់លោក គឺ លោកស្រី Martine Moise ប៉ុណ្ណោះ ដែលត្រូវបានបាញ់ប្រហារ។
ដូចទៅនឹងគ្រាប់កាំភ្លើងដែលបៀមជាប់នៅក្នុងសាកសពប្រធានាធិបតី «សម្បកគ្រាប់កាំភ្លើងធុន 5.56 និង 7.62មម ជាច្រើនគ្រាប់ ត្រូវបានរកឃើញនៅកណ្ដាលខ្លោងទ្វារ និងនៅក្នុងភូមិគ្រឹះ» លោក Destin បញ្ជាក់។
អគ្គស្នងការប៉ូលិស ហៃទី លោក Leon Charles បានប្រកាសថា៖ «យើងកំពុងតាមចាប់ខ្លួនពួកវា (ក្រុមឃាតករ) ហើយយើងនឹងនៅតែបន្តតាមរក»។
Bed-Ford Claude ប្រធានការិយាល័យរដ្ឋអាជ្ញានៃតុលាការរដ្ឋធានី Port-au-Prince បានឱ្យដឹងកាលពីថ្ងៃទី 8 កក្កដា ថា៖ «ខ្ញុំបានផ្ដល់សិទ្ធិដល់ប៉ូលិស ដើម្បីសួរចម្លើយរាល់បុគ្គលិកសន្តិសុខដែលជិតស្និទ្ធនឹងប្រធានាធិបតី Jovenel Moise»។
លោក Bed-Ford Claude ចោទសួរថា៖ «បើសិនអ្នកទទួលខុសត្រូវក្នុងការការពារសន្តិសុខជូនប្រធានាធិបតី តើអ្នកនៅទីណា? អ្នកបានធ្វើអ្វីខ្លះ ដើម្បីជួយឱ្យប្រធានាធិបតីរួចផុតពីការស្លាប់នេះ?»៕
ប្រភព៖ NY Post, AFP
ប្រែសម្រួល៖ បុត្រា