ប្រធានតុលាការកំពូលរបស់ប្រទេស ហៃទី នឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតី ជំនួសលោក Moise ដែលទើបត្រូវបានគេធ្វើឃាត ប៉ុន្តែមន្ត្រីរូបនេះ បានទទួលមរណភាពរួចហើយ ដោយសារតែឆ្លង Covid-19។
ប្រធានតុលាការកំពូលរបស់ប្រទេស ហៃទី លោក Haiti René Sylvestre បានស្លាប់ដោយសារ Covid-19 កាលពីថ្ងៃទី 23 ខែឧសភា ឆ្នាំ 2021។
យោងតាមរដ្ឋធម្មនុញរបស់ ហៃទី ប្រធានតុលាការកំពូល នឹងឡើងកាន់តំណែងប្រធានាធិបតី នៅក្នុងករណីចាំបាច់បន្ទាន់។ Jean Wilner Morin ប្រធានសមាគមជាតិចៅក្រមរបស់ ហៃទី បានឱ្យដឹងថា បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា អ្នកណានឹងត្រូវឡើងកាន់តំណែងជំនួសប្រធានាធិបតី Jovenel Moise ដែលទើបត្រូវបានគេធ្វើឃាតកាលពីព្រឹក ថ្ងៃទី 7 ខែកក្កដា នៅឡើយ។
លោក Morin និយាយថា នាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន Claude Joseph ត្រូវការសភាអនុម័ត ទើបអាចឡើងកាន់តំណែងប្រធានាធិបតីបាន។ ប៉ុន្តែដោយសារតែមិនមានការបោះឆ្នោតនាពេលកន្លង សភាប្រទេសនេះ លែងនៅជាធរមានទៀតហើយ «ដូច្នេះ បើផ្អែកតាមរដ្ឋធម្មនុញ គាត់មិនអាចជំនួសប្រធានាធិបតី» បានឡើយ។
Morin បានឱ្យដឹងថា មានករណីផ្សេងមួយ កាលពីឆ្នាំ 2015 នៅពេលប្រធានសភា ក្លាយជាប្រធានាធិបតី។ ប៉ុន្តែ បច្ចុប្បន្ន ពុំមានអ្នកណាកាន់កាប់តួនាទីនេះ។ Morin មានយោបល់ថា 1/3 នៃសមាជិកសភាជាន់ខ្ពស់ នៅតែមានសុពលភាព ដូច្នេះ ប្រធានសភាពជាន់ខ្ពស់ Joseph Lambert អាចជាជម្រើសមួយ។
សូមរំលឹកថា ប្រធានាធិបតី ហៃទី លោក Jovenel Moise អាយុ 53 ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងមួយក្រុម លួចធ្វើឃាតនៅឯផ្ទះរបស់លោក ស្ថិតក្នុងរដ្ឋធានីPort-au-Prince។ ភរិយារបស់លោក គឺ លោកស្រី Martine Moise កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់ជីវិត និងត្រូវបានបញ្ជូនទៅកាន់ សហរដ្ឋអាមេរិក ដើម្បីព្យបាលរបួស។
អនុរដ្ឋមន្ត្រីសារព័ត៌មាន Frantz Exantus បានប្រកាសថា ក្រុមឃាតករដែលបានបាញ់សម្លាប់ប្រធានាធិបតី ត្រូវបានចាប់ខ្លួនរួចហើយ។ ឯកអគ្គរដ្ឋទូត ហៃទី ប្រចាំ សហរដ្ឋអាមេរិក Bocchit Edmond បានឱ្យដឹងថា ឃាតករទាំងនេះ គឺជា ទាហានស៊ីឈ្នួល ដែលបន្លំខ្លួនជាកងកម្លាំងពិសេសរបស់អាមេរិក៕
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា